ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋ​២៤​គ្រួសារ នៅ​ភូមិ អូរ​ឧកញ៉ា​ហេង ភូមិ​អូ​តាសេក ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បាន​ផ្តិតមេដៃ​បញ្ចប់​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​លោក ភឺន ផល្លា​

70

 

​ព្រះសីហនុ ៖ លោក​ដួង តារា ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ​សែន និង​រដ្ឋលេខាធិការ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី នៅ​ថ្ងៃទី​១៩ ខែកុម្ភៈ​នេះ​បាន​សរសេរ​សារ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​កថា កាលពីពេល​ថ្មីៗ​កន្លងទៅនេះ មាន​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ដែលមាន​ទំនាស់​ដី​ធ្លី​ជាមួយក្រុមហ៊ុន​លោក ភឺន ផល្លា រហូត​ឈានដល់​កើតមាន​អំពើ​ហឹ​ង្សា​បណ្តាល​មនុស្ស​មួយចំនួន​រងរបួស​ស្នាម​និង​ខូចខាត​ទ្រព្យសម្បត្តិ​មួយចំនួន​ផងដែរ​។

​លោក បាន​បញ្ជាក់ថា “​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​បានស្នើ​សុំ​មក​ខ្ញុំ​ឲ្យ​ចុះទៅ​ជួយ​ដោះស្រាយ​វិវាទ​ដ៏​រោលរាល​នេះ​”​។​

​លោក​ដួង តារា បាន​លើកឡើងថា ដោយ​មើលឃើញ​បងប្អូន​ពលរដ្ឋ​យើង​មានទុក្ខ​លំបាក
​និង​ដើម្បី​បញ្ចៀស​រាល់​អំពើ​ហឹ​ង្សា​ដែល​អាច​កើតមានឡើង​ទៀត​នោះ នៅ​ថ្ងៃទី ២៦ ធ្នូ ២០២០
​ខ្ញុំ​បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​ចុះទៅ​ទីតាំង​កើតហេតុ និង​ជួប​ដោយផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ​ចំនួន ១៤២​គ្រួសារ​ដែល​បាន​ផ្តិតមេដៃ​ស្នើសុំ​ជំនួយ​អន្តរាគមន៍​លើ​ករណី​វិវាទ​ខាងលើ​។ ខ្ញុំ​ក៏បាន​ចុះទៅ​លើក​ទី ២ នៅ​ថ្ងៃទី ២៧ មករា ២០២១ និង​លើក​ទី ៣​នៅ​ថ្ងៃទី ២៩ មករា ២០២១ ដើម្បី​សម្របសម្រួល​ជាមួយ​ក្រុមហ៊ុន​លោក ភឺន ផល្លា
​ដែលមាន​ទំនាស់​ដីធ្លី​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ភូមិ​អូរ​ឧកញ៉ា​ហេង និង​ភូមិ​អូរ​តាសេក ក្នុង​ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​ឈរលើ​គោលការណ៍​ឈ្នះ​ឈ្នះ​សម្តេច​តេ​ជោ​។​

​ផ្អែក​តាម​ការពិនិត្យ​ឯកសារ​ពាក់ព័ន្ធ​យ៉ាង​ល្អិតល្អន់ បាន​បង្ហាញថា លោក ភឺន ផល្លា បាន​ចុះកិច្ចសន្យា​ទិញ​ដី​ដែលមាន​ប័ណ្ណកម្មសិទ្ធិ​ចំនួន១០៨ ប័ណ្ណ​ដី​ពី​ឈ្មោះ ជិន យាន​មីង និង​ប្រពន្ធ​ឈ្មោះ ចូ​វ ស៊ី​ម៉ី ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​អូរ​តាសេក និង​ភូមិ អូរ​ឧកញ៉ា​ហេង​ហើយ​បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ​កំពុង​រស់នៅ​លើដី​នេះ​ប្រមាណ ១៥% លើ​ផ្ទៃដី​សរុប​។​

​លោក​បាន​ថ្លែងថា “​ខ្ញុំ​បាន​ចរចា​ជាមួយ​ក្រុមហ៊ុន​ឲ្យ​មានការ​យោគយល់​ចំពោះ​ប្រជាពលរដ្ឋ
​ដែល​បាន​កាន់កាប់​ប្រើប្រាស់​ដីធ្លី​នៅក្នុង​ទីតាំង​របស់​ក្រុមហ៊ុន​ទាំងអស់ ប្រមាណ​២០០​គ្រួសារ
​ដោយ​ឈរលើ​គោលការណ៍​ឈ្នះ​ឈ្នះ​របស់​សម្តេច​តេ​ជោ ដើម្បី​កុំ​ឲ្យ​វិវាទ​នេះ​ក្លាយទៅជា​ជំងឺ​រ៉ាំរ៉ៃ​។
​ក្រុមហ៊ុន​ក៏បាន​ឯកភាព​តាម​ការសម្របសម្រួលរ​បស់​ខ្ញុំ ដោយ​សម្រេច​ថា
​បើ​ប្រជាពលរដ្ឋ​ណា​ដែល​បាន​កាន់កាប់​អាស្រ័យ​ផល​លើដី​ក្រុមហ៊ុន​ដែលមាន​ទំហំ​ក្រោម​១​ហិកតា
​ក្រុមហ៊ុន​សម្រេច​ផ្តល់ជូន​ទីតាំង​រស់នៅ​អាស្រ័យ​ផល​នោះ​ទៅតាម​ទំហំ​កាន់កាប់​ជាក់ស្តែង​”​។​

​ជា​លទ្ធផល យើង​បាន​ចុះ​កំណត់​ទីតាំង​ជាក់លាក់​រួចស្រេច​ចំពោះ​គឺមាន​ប្រជាពលរដ្ឋ ២៧​គ្រួសារ ដែល​ក្នុងនោះ​មាន ២៤​គ្រួសារ​បាន​យល់ព្រម​បញ្ចប់​វិវាទ​ជាមួយ​ក្រុមហ៊ុន​ភឺន​ផល្លា ហើយ​បាន​ចុះកិច្ចសន្យា​សះជា​នៅ​ថ្ងៃទី ២៩ មករា និង​នៅ​ថ្ងៃទី​៣១ ខែមករា​ឆ្នាំ​២០២១​។​

​ដោយឡែក​ប្រជាពលរដ្ឋ​ផ្សេងទៀត នៅមាន​ភាពស្រពេចស្រពិល មិនទាន់​សម្រេចចិត្ត
​ដោយសារ​មាន​សកម្មភាព​មួយចំនួន​រារាំង​មិន​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​នោះមក​ចូលរួម​ដោះស្រាយ​បញ្ចប់​បញ្ហា​វិវាទ​នេះ
​ដូចជា​មានការ​គំរាមកំហែង​ប្រើ​អំពើហិង្សា និង​សកម្មភាព​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​បង្កើត​ម​ន្ទឹ​ល​សង្ស័យ​ដល់​ប្រជាពលរដ្ឋ​ក្នុងការ​ចូលរួម​ដោះស្រាយ​បញ្ចប់​វិវាទ​ឈរលើ​គោលការណ៍​ឈ្នះ​ឈ្នះ​សម្តេច
​ចំពោះ​ប្រជាពលរដ្ឋ​ណា​ដែល​បបួលគ្នា​មក​ចូលរួម​ដោះស្រាយ​បញ្ចប់​វិវាទ​នេះ​។
​ហេតុនេះហើយ​ទើប​មានតែ​ពលរដ្ឋ​២៧​គ្រួ​សារបាន​ដោះស្រាយ​បញ្ចប់​វិវាទ ដោយឡែក​គ្រួសារ​ផ្សេងទៀត​(១១៥​គ្រួសារ​)
​កំពុង​ពិចារណា​នឹងចូលរួម​នៅពេល​ក្រោយ​។​
​ជា​លទ្ធផល កិច្ចសន្យា​សះជា​និង​បញ្ចប់​វិវាទ​ដែល​បានធ្វើ​ឡើង​រវាង​ប្រជាពលរដ្ឋ​និង​ក្រុមហ៊ុន​លោក​ភឺន​ផល្លា
​គឺជា​ការដែល​បាន​ពន្លត់​ជម្លោះ​ដ៏​រាំ​រ៉ៃ​ហើយ​ប្រជា​ពល​បាន​បន្តកាន់កាប់​ទីតាំង​ដី​ដែល​ខ្លួន​កំពុង​រស់នៅ​និង​អាស្រ័យ​ផល​ដោយ​គ្មាន​ការរក​រឿង​ប្តឹងផ្តល់​ពី​ក្រុមហ៊ុន​ទៀតឡើយ​។
​ពួកគេ​នឹង​អាច​ទទួលបាន​សិទ្ធិ​ចុះបញ្ជី​កាន់កាប់​ដីធ្លី​ពី​អាជ្ញាធរ​ជំនាញ ឃុំ ស្រុក ខេត្ត
​នៅពេលដែល​ដី​របស់​ភាគី​ទាំងពីរ​មានការ​ទទួលស្គាល់ថា​បាន​កាន់កាប់​ត្រឹមត្រូវ​តាមច្បាប់​ពីមុនមក​មែន​។​
​ខ្ញុំ​យល់ថា​ជម្លោះដីធ្លី​ខាងលើ​រវាង​ប្រជាពលរដ្ឋ​និង​ក្រុមហ៊ុន​គឺមាន​សភាព​ហឹ​ង្សា​ស្រួចស្រាវ​ស្លាប់​រស់​ដែល​បាន​កើតឡើង​នាពេល​កន្លងទៅ​​ថ្មីៗ​នេះ​។ ដូច្នេះ​មានតែ​ដំណោះស្រាយ​ក្រៅ​ប្រព័ន្ធតុលាការ​ឈរលើ​គោលការណ៍ ឈ្នះ​ឈ្នះ​សម្តេច​ទេ​ទើប​អាច​ដោះស្រាយ​បញ្ចប់​វិវាទ​នានា​ដោយ​សន្តិភាព​បាន​។

​ដំណោះស្រាយ​នេះ គឺ​នឹង​បញ្ចប់​វិវាទ​ទាំងស្រុង​ដែល​អាជ្ញាធរ​ក៏​ងាយស្រួល​នឹង​រៀបចំ​ចេញ​ប័ណ្ណកម្មសិទ្ធិ​ជូន​ប្រជពលរដ្ឋនិង​ក្រុមហ៊ុន​ទៀតផង​នៅពេលដែល​ពិនិត្យឃើញថា​ពួកគេ​មាន​ប្រវត្តិ​បាន​កាន់កាប់​រស់នៅ​អាស្រ័យ​ផល​ត្រឹមត្រូវ​តាមច្បាប់​ពិតប្រាកដ​មែន​នោះ​។

​យើង​ចូលរួម​កសាង​អំពើ​ល្អ ចែករំលែក​ក្តី​ស្រឡាញ់​និង​ស្នាមញញឹម​នឹង​សូម​មានចិត្ត​អាណិត​ស្រឡាញ់​ពលរដ្ឋ​យើង​គ្រប់​ទីកន្លែង​ដោយ​គ្មាន​ការរើសអើង​៕

 

អត្ថបទដែលជាប់ទាក់ទង