ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរ​កសិកម្ម ខេត្ដ​មណ្ឌលគិរី​ថា មាន​ក្រុមហ៊ុន​ចំនួន​២​ចូលខ្លួន ចុះ​កុងត្រា​បញ្ជា​ទិញ​បន្លែ​សុវត្ថិភាព​ ​នាំមក​លក់​ទីផ្សារ ភ្នំពេញ

45

 

​មណ្ឌលគិរី​៖ លោក សុង ឃាង ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ដ​មណ្ឌលគិរី បានឱ្យដឹងថា ខេត្តមណ្ឌលគិរី ជា​ខេត្ដ​ដែល​អំណោយផល មាន​លក្ខណៈ​ភូមិសាស្ត្រ ខាង​វិស័យ​កសិកម្ម ដោយសារ មាន​អាកាសធាតុ ត្រជាក់ ដី មាន​ជីវជាតិ​យ៉ាង​ល្អ​សម្រាប់​ដាំ​ដុះ​ដំណាំ ស្ទើរ​គ្រប់ ប្រភេទ​។​
ដោយសារ​កត្តា​អំណោយផល​ពី​ធម្មជាតិ​នេះហើយ បានធ្វើឱ្យ​បន្លែ​សរីរាង្គ​ដែល​កសិករ​បាន​ដាំ​នៅ​ខេត្តមណ្ឌលគិរី លូតលាស់​ល្អ ព្រមទាំង​មាន​រស់ជាតិ​ឆ្ងាញ់​ប្លែក​ធ្វើឱ្យមាន​ការបញ្ជាទិញ យ៉ាងច្រើន​សន្ធឹកសន្ធាប់ រហូត ដល់​មាន​ក្រុមហ៊ុន​មក​ចុះ កុងត្រា​ជាមួយ​កសិករ ដើម្បី​នាំយកមក​រាជធានី​ភ្នំពេញ​។​
លោក សុង ឃាង ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ ខេត្តមណ្ឌលគិរី បានឱ្យដឹង​នៅ​ថ្ងៃទី​១៩ កុម្ភៈ ឆ្នាំ​២០២១​នេះ​ថា​៖ ការដាំ​បន្លែ​ធម្មជាតិ​របស់​កសិករ​ក្នុង​ខេត្តមណ្ឌលគិរី មានការ​កើនឡើង យ៉ាង ច្រើន បន្ទាប់ពី​មន្ទីរ​បាន​បង្កើតឱ្យមាន​បណ្ដុំ​អាជីវកម្ម​បន្លែ​សុវត្ថិភាព​ចំនួន​២ នៅក្នុង​ក្រុង​សែន​មនោ​រម្យ និង​ស្រុក​កោះ​ញែក ដែលមាន​កសិករ​ជាច្រើន​គ្រួសារ​ជា​សមាជិក​។ លោក​បន្តថា បច្ចុប្បន្ននេះ​មាន​ក្រុមហ៊ុន​ចំនួន​២ បាន​ចុះកិច្ចសន្យា​បញ្ជា​ទិញ បន្លែ​សុ​វត្តិភាព​នៅក្នុង​ខេត្តមណ្ឌលគិរី​ដោយ​ទី ១ ក្រុមហ៊ុន​សហគ្រាស​ភូមិ​កសិកម្ម​ធម្មជាតិ និង​ទី​២ ក្រុមហ៊ុន​មាស បៃតង​។​
លោក​ប្រធាន​មន្ទីរ​បញ្ជាក់ថា ការចុះកិច្ចសន្យា​បញ្ជា​ទិញ​កសិផល ពី​កសិករ​នេះ គឺ​បានធ្វើឱ្យ​កសិករ ទទួលបាន​ផលចំណេញ​ច្រើន ដោយ​រក្សាបាន​តម្លៃ​ក្នុងការ​ចរចារ ដាំ​ដុះ​ទៅតាម​តម្រូវការ​របស់​អ្នកបញ្ជា​ទិញ ដែល​ធ្វើឱ្យ​កសិករ​ផលិត​មិន​សល់​ចោល​ខ្វះ​ទីផ្សារ​ដូចពេលមុនៗ​ឡើយ​។​
លោក លឿង វ៉ាន់​ថន ជា​កសិករ​ដាំ​បន្លែ នៅ​ភូមិ​ចម្ការ​តែ សង្កាត់ ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ បានឱ្យដឹងថា​៖ ប​ច្នុ​ប្បន្ន​លោក​មាន​ផ្ទៃដី​ដាំ​បន្លែ​ទំហំ​៦ ហិកតា ដែល​អាច​ទទួលបាន​ទិន្នផល​៥០០​គីឡូក្រាម ទៅ​១​តោន​ជា​រៀងរាល់ថ្ងៃ តាម​ការបញ្ជាទិញ ដើម្បី​ផ្គត់ផ្គង់​ក្នុង​ទីផ្សារ​នៅ​ខេត្តមណ្ឌលគិរី​ខ្លះ និង នាំ​ចេញទៅ​ភ្នំពេញ​ខ្លះ​។
លោក​បន្តថា​៖ បន្ទាប់ពី​ទទួលបាន​ជោគជ័យ លោក នឹង​ពង្រីក​ផ្ទៃដី​ដាំ​ដុះ​បន្លែ​បន្ថែម​ឱ្យ​គ្រប់​ចំនួន​១០​ហិកតា ដើម្បី​បំពេញ​ទៅតាម​តម្រូវការ​របស់​ក្រុមហ៊ុន និង​ផ្សារ​ទំនើប​នានា ដែល​បាន​ចុះ​កុងត្រា​ទទួល​ទិញ​បន្លែ​ពី​ចម្ការ​របស់លោក ។​
លោក​បាន​បញ្ជាក់ទៀតថា នៅ​ខេត្តមណ្ឌលគិរី វិស័យ វប្បកម្ម​កំពុងមាន ការ​ទាក់ ទាញ​ប្រកបដោយ សក្តានុពល​ផ្នែក​សេដ្ឋកិច្ច សម្រាប់​ទីផ្សារ​ក្នុង និង​ក្រៅ​តំបន់​ជាពិសេស ទីផ្សារ​រាជធានី​ភ្នំពេញ មាន​ស្ពៃក្តោប ស្ពៃបូកគោ ដំឡូងបារាំង ខ្ទឹម បារាំង និង​ការ៉ុត​។ ក្នុងនោះ ផ្ទៃដី​ដាំ​បន្លែ​ជាទូទៅ​របស់​កសិករ មាន​ទំហំ​ចាប់ ពី​កន្លះ​ហិកតា ទៅ​៣​ហិកតា ហើយ​ចម្ការ​បន្លែ​ធំជាងគេ​នៅក្នុង​ខេត្ត​គឺមាន​ទំហំ​ចាប់ពី​៦​ហិកតា​ឡើងទៅ​៕. សំរិត​

អត្ថបទដែលជាប់ទាក់ទង