ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន ស្នើ​ឲ្យ​គណៈបញ្ជាការ​ឯកភាព​ខេត្ត ក្នុង​ការធ្វើជា​អាណាព្យាបាល​ជួយ​ជ្រោមជ្រែង​ដល់​ស្នងការ​ថ្មី ដើម្បី​ការអនុវត្ត​ទទួលបាន​ជោគជ័យ​​

56

​ត្បូងឃ្មុំ ៖ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ឯកឧត្តម ជាម ច័ន្ទ​សោ​ភ័​ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ បាន​អញ្ជើញ​ជា​អធិបតី ពិធី​ប្រកាស​តែងតាំង​មុខតំណែង​ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ នៅ​សាលាខេត្ត​ត្បូងឃ្មុំ​។​

​មានប្រសាសន៍​ទៅកាន់​អង្គពិធី ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ជំនួសមុខ​ឲ្យ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​កោតសរសើរ ដល់​គណៈបញ្ជាការ​ឯកភាព​ខេត្ត ក្រោម​ការដឹកនាំ​របស់ ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត ដែល​បាន​អនុវត្តន៍​គោលនយោបាយ ភូមិ ឃុំ​មាន​សុវត្ថិភាព សំដៅ​ចូលរួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​ជាមួយ​រាជរដ្ឋាភិបាល ធ្វើ​ឲ្យ​បទល្មើស​មានការ​ថយចុះ រីឯ​ការបង្ក្រាប​ទទួល​បាន​លទ្ធផល​ខ្ពស់​ប្រមាណ​៩៧%​។​

​ឯកឧត្តម​អគ្គស្នងការ​នគរបាល​ជាតិ ក៏បាន​គាំទ្រ​ជាមួយ​ការសន្យា និង​ការប្តេជ្ញាចិត្ត​របស់​ស្នងការ​ថ្មី លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉ុ​ន មាគ៌ា ដែល​ទើបតែ​ប្រកាស​ចូលកាន់​មុខតំណែង និង​ជម្រុញ​ឲ្យ​ការសន្យា​ទាំងអស់នេះ​ក្លាយជា​សកម្ម​ភាបជាក់ស្តែង​។ ឯកឧត្តម​ក៏បាន​ជម្រុញ​ឲ្យ​ស្នងការ​ខេត្ត​ចំនួន​៤ ដែលមាន​ព្រំប្រទល់​ជាប់​ជាមួយ​ខេត្ត​ត្បូងឃ្មុំ​ត្រូវធ្វើ​ការសហការ​ប្តេជ្ញាចិត្ត​រួមគ្នា ដើម្បី​ឲ្យ​អង្គភាព​ទាំងមូល​ទទួលបាន​ជោគជ័យ​។ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត ក្នុង​ពិធី​តែងតាំង​ក៏បាន​មានប្រសាសន៍​ផ្តាំផ្ញើ​ឲ្យ​មន្ត្រីនគរបាល​ទូទាំងប្រទេស​ចាប់ផ្តើម​ឆ្នាំ​២០២១​នេះ​ត្រូវ​រៀបចំ​ធ្វើ​ផែនការ​សកម្មភាព​គ្រប់​វិស័យ ជាពិសេស​អនុវត្តន៍​ឲ្យ​បាន​គោលនយោបាយ​ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព​ចំនួន​៧​ចំណុច​។​

​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន ក៏បាន​កោតសរសើរ​ដ​ល់​ស្នងការ​ចាស់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ បែន រ័ត្ន ដែលមាន​ស្នាដៃ​ល្អ​ជិត​៣០​ឆ្នាំ ក្នុង​នោះបាន​កសាង​អង្គភាព ទាំង​ទីតាំង​អគារ​រដ្ឋបាល និង​របៀបរបប​ការងារ កិច្ចការ​សាងសង់​អគារ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល និង​បាន​ជម្រុញ​ឲ្យ​ស្នងការ​នគរបាល​ខេត្ត​ថ្មី​ត្រូវតែ​យក​គំរូ​ល្អ​មក​អនុវត្ត​ដើម្បី​ដឹកនាំ​បន្ត​។​

​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត អគ្គស្នងការ​នគរបាល​ជាតិ ក៏បាន​រំលឹក​ដល់​គណៈបញ្ជាការ​ឯកភាព​ខេត្ត​ចំនួន​៣​ចំណុច​សំខាន់ ក្នុងការ​ព្យាករណ៍​ដើម្បី​បន្ត​អនុវត្តន៍​ក្នុង​មូលដ្ឋាន​ខេត្ត​ត្បូងឃ្មុំ ៖

​ទី​១-​កម្ពុជា​នៅតែ​បន្ត​ទទួលរង​ការគំរាមកំហែង​ជាស​កល​ពី​ជំងឺ​កូ​វីដ​១៩ ប៉ុន្តែ​ក្រោម​ការដឹកនាំ​ដ៏​ឆ្លាត​វៃ​របស់​ប្រមុខ​ដឹកនាំ​ប្រទេស សម្តេច​តេ​ជោ ហ៊ុន សែន បានធ្វើការ​ទប់ស្កាត់​ទាន់ពេលវេលា​មិន​ឲ្យ​ជំងឺ​កូ​វីដ​នេះ​មាន​ការឆ្លង​ចូលមកក្នុង​សហគមន៍​បាន និង​កំពុងផ្តល់​វ៉ាកសាំង​ការពារ​សំរាប់​ចែកជូន​ប្រជាពលរដ្ឋ​ជាដើម​។ ដូច្នេះ​ក្នុងនាម​អាជ្ញាធរ​ត្រូវតែ​ចូលរួម​អនុវត្ត​ការ​រឹតបន្តឹង​ប្រជាពលរដ្ឋ​ដែល​ឆ្លង​ចេញចូល​ព្រំដែន គឺត្រូវធ្វើ​ច​ត្តា​ឡី​ស័​ក្ត ជាពិសេស​ត្រូវធ្វើ​ចលនា​ប្រជាពលរដ្ឋ​ដែល​ឆ្លង​ចេញចូល​ទៅកាន់​ប្រទេសជិតខាង ត្រូវអនុវត្ត​ដាច់ខាត​នូវ​វិធាន​សុខាភិបាល​។​

​ទី​២-​ពួក​ឧទ្ទាម​អមិត្ត​មិនដែល​បោះបង់​គោលបំណង​បំផ្លាញ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដឹកនាំ​ឲ្យ​មាន​បាតុកម្ម ជាពិសេស​គឺ​មិន​អនុញ្ញាត​ឲ្យ​ជន​ទាំង​នោះមក​បំផ្លាញ​សេចក្តីសុខ​ប្រជាពលរដ្ឋ​នោះឡើយ​។ ឯកឧត្តម បាន​បន្ត​ឲ្យ​ដឹងថា បើ​គិត​ក្នុង​រង្វង់​៥០០​ឆ្នាំ កម្ពុជា​ទើបតែ​ទទួលបាន​សន្តិសុខ សុវត្ថិភាព​នៅពេលនេះ​ទេ ដូច្នេះ​ត្រូវតែ​ការពារ​ឲ្យ បាន​ដាច់ខាត​នូវ​សន្តិភាព​ដែល​រកបាន​មក​ដោយ​ការលំបាក​នេះ​។​

​ទី​៣-​ត្រូវ​ជួយ​ដោះស្រាយ​ទុក​កង្វល់​របស់​ប្រជាពលរដ្ឋ អ្វី​ដែលជា​ទុក្ខព្រួយ​របស់​ប្រជាពលរដ្ឋ គឺ​ករណី​បទល្មើស លួច ឆក់ ប្លន់​នៅក្នុង​មូលដ្ឋាន ត្រូវតែ​អនុវត្ត​នូវ​គោលនយោបាយ​ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព ជួយ​ទប់ស្កាត់​បញ្ហា​គ្រឿងញៀន ទប់ស្កាត់​កុំ​ឲ្យ​មាន​ការរីក​រាលដាល ជាពិសេស​ខេត្ត​នៅជាប់​ព្រំដែន​ផង​នោះ​។ ត្រូវ​កែប្រែ​ឥរិយាបថ​របស់​មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល ទាំង​អាកប្បកិរិយា ការប្រើ​ពាក្យសំដី​មិន​សមរម្យ គំរោះគំរើយ​ត្រូវតែ​បំរើសេវា​សាធារណៈ និង​សេវា​រដ្ឋបាល​ផ្សេងៗ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធ​។​

​ជា​ចុងក្រោយ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ផ្តាំផ្ញើ​ស្នងការ​ថ្មី​ចំនួន​៦​ចំណុច ដើម្បី​អនុវត្ត​ពង្រឹង​ក្នុងតួនាទី​ភារកិច្ច​ទទួលបាន​ជោគជ័យ ៖

​ទី​១-​ស្នងការ​ថ្មី​ត្រូវ​ពង្រឹង​តួនាទី​ដឹកនាំ​ដោយ​ផ្សារភ្ជាប់​នឹង​៤​បញ្ហា ៖ ត្រួវ​ទទួលខុសត្រូវ​ខ្ពស់​ជាងគេ​, ត្រូវ​ចាត់ទុក​ខ្លួនឯង​ជា​អាណាព្យាបាល ជា​អ្នកដឹកនាំ​ត្រូវ​កសាង​មនោ​ស​ញ្ជេ​ត​នា​ក្នុង​អង្គភាព ចុះសាកសួរ​សុខទុក្ខ​នៅពេល​មាន​មន្ត្រី​ឈឺ​ថ្កាត់ អនុវត្តតាម​សមាគម​មិត្ត​នគរបាល​, ត្រូវ​ពង្រឹង​របៀបរបប​ការងារ ប្រគល់​ភារកិច្ច​តាម​ឋានានុក្រម ដោយ​យកតាម​រូបមន្ត​សមូហភាព​ដឹកនាំ បុគ្គល​ទទួលខុសត្រូវ​, ត្រូវ​ធ្វើជា​គំរូ​គេ​ក្នុង​ការបំពេញ​ភា​កិច្ច ប្រចាំការ ប្រចាំ​បញ្ជា​ចុះ​ជាប់​ជាប្រចាំ​ជាមួយ​បងប្អូន​។​

​ទី​២-​ត្រូវ​ធ្វើជា​សេនាធិការ​គ្រប់​ជ្រុងជ្រោយ​ដល់​គណៈបញ្ជាការ​ឯកភាព​ខេត្ត ដើម្បី​បំពេញការងារ​សំដៅ​ការពារ​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ទាំងមូល ទាំង​ផែន​ចរាចរណ៍ ការបង្ក្រាប​គ្រឿងញៀន និង​សណ្តាប់ធ្នាប់​សាធារណៈ​។​

​ទី​៣-​ត្រូវ​ពង្រឹង​លើកកម្ពស់​សេវា​ចាំបាច់​ដើម្បី​បម្រើ​ជូន​ប្រជាពលរដ្ឋ ការបំពេញ​លិខិតស្នាម​រដ្ឋបាល និង​ធ្វើ​កិច្ចការ​ដោយស្មោះ​ត្រង់​ដោយ​ឥត​លក្ខខណ្ឌ និង​ទទួលខុសត្រូវ មិន​កោសរូស​ចាត់ទុក​ប្រជាពលរដ្ឋ​ជា​ឪពុកម្តាយ មេ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ត្រូវបំពេញ​កិច្ចការ​ដោយ​ចេញពី​បេះដូង ដើម្បី​ឲ្យ​ពលរដ្ឋ​មាន​ភាពកក់ក្តៅ ជាពិសេស​ជឿជាក់​លើ​នគរបាល​។​

​ទី​៤-​ពង្រឹងគុណភាព​ស្នងការ និង​មន្ត្រីនគរបាល​ទាំងអស់ ក្នុងនាម​ជា​កងកម្លាំង​ត្រូវមាន​សមត្ថភាព វិន័យ គុណធម៌ សីលធម៌ និង​យកចិត្តទុកដាក់​បំប៉ន បើក​វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោល ពង្រឹង​ការគ្រប់គ្រង​កងកម្លាំង ការគ្រប់គ្រង​វត្តមាន ការគ្រប់គ្រង​ការងារ និង​ការគ្រប់គ្រង​អារម្មណ៍​។​

​ទី​៥-​ត្រូវ​ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង​របស់​កងកម្លាំង​នគរបាល​តាំង​ពីលើ​ដល់​ថ្នាក់ក្រោម សាមគ្គី​ផ្ទៃក្នុង​រវាង​អង្គភាព​ពាក់ព័ន្ធ និង​សាមគ្គី​ជាមួយ​ប្រជាពលរដ្ឋ​សហការគ្នា​ក្រោម​ដំបូល​រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ដើម្បី​ទទួលបាន​ភាពជោគជ័យ​ក្នុងការ​អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព និង​យុទ្ធនា​ការសំខាន់ៗ​របស់​រាជរដ្ឋាភិបាល លុបបំបាត់​ឲ្យ​បាន​ជំងឺ​តួឯក និង​ការ​ប្រជែង​គ្នា​ក្នុង​អង្គភាព​។​

​ទី​៦-​ត្រូវប្រគល់​កិច្ចការ​ដឹកនាំ ដល់​គណៈបញ្ជាការ​ឯកភាព​ខេត្ត ក្នុង​ការធ្វើជា​អាណាព្យាបាល​ជួយ​ជ្រោមជ្រែង​ដល់​ស្នងការ​ថ្មី ដើម្បី​ការអនុវត្ត​ទទួលបាន​ជោគជ័យ​។​

​សូមជម្រាបថា លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉ុ​ន មាគ៌ា ស្នងការរង​នគរបាល​ខេត្ត​ត្បូងឃ្មុំ ត្រូវបានតែងតាំង​ជា​ស្នងការ​ថ្មី នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ ជំនួស​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ បែន រ័ត្ន ដែល​ត្រូវបាន​ដាក់អោយចូល​និវត្តន៍ ហើយ​ត្រូវបានតែងតាំង​ជាទី​ប្រឹក្សា​ក្រសួងមហាផ្ទៃ ថ្នាក់​ស្មើ​អនុរដ្ឋលេខាធិការ​៕

អត្ថបទដែលជាប់ទាក់ទង