ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នៅរាជធានីភ្នំពេញ មានមណ្ឌលចត្តាឡីស័កចំនួនជាង៤០កន្លែង ដើម្បីបង្ការទប់ស្កាត់ជម្ងឺកូវីដ-១៩ កុំអោយរាលដាលចូលទៅដល់សហគមន៍

125

ភ្នំពេញ៖ នៅរាជធានីភ្នំពេញ មានមណ្ឌលសម្រាប់ធ្វើចត្តាឡីស័កចំនួនជាង៤០កន្លែង ស្ថិតនៅក្នុងចំនួន៨ខណ្ឌចំណុះអោយរាជធានីភ្នំពេញ ដើម្បីបង្ការទប់ស្កាត់ជម្ងឺកូវីដ១៩ កុំអោយរាលដាលចូលទៅដល់សហគមន៍។     

    នេះបើតាមការលើកឡើងរបស់លោកឧត្តមសេនីយ៍ គិន សុធី ស្នងការរងនគរបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំមួយកាលពីរសៀលថ្ងៃទី១៩ខែកុម្ភៈឆ្នាំ២០២១នេះ ក្រោមវត្តមានលោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីអភិបាលខណ្ឌទាំង១៤ចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ

   លោកឧត្តមសេនីយ៍ គិន សុធី បានបញ្ជាក់ឲ្យដឹងថា នៅរាជធានីភ្នំពេញមានមណ្ឌលចត្តាឡីស័កចំនួន៤១ កន្លែងស្ថិតនៅក្នុងខណ្ឌចំនួន៨ចំណុះអោយរាជធានីភ្នំពេញ ក្នុងនោះមានទាំងសណ្ឋាគារសុខា មណ្ឌលចត្តាឡីស័ករបស់រាជធានីភ្នំពេញ ដែលស្ថិតជិតមហាវិថីឈ្នះឈ្នះក្នុងខណ្ឌព្រែកព្នៅ មណ្ឌលចត្តាឡីស័កចាក់អង្រែលើ មណ្ឌលចត្តាឡីស័កនៅក្នុងមន្ទីរពេទ្យរុស្ស៊ី ហើយក្នុងចំណោមមណ្ឌលចត្តាឡីស័កទាំងនេះ យើងបានប្រើប្រាស់កម្លាំងចំនួន៤០២នាក់ ក្នុងនោះប៉ូលីសអន្តរាគមន៍ចំនួន៧០នាក់ ក្រៅពីនោះគឺជាសមត្ថកិច្ចនៅតាមមូលដ្ឋានខណ្ឌនីមួយៗ។

  លោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំនោះបានលើកឡើងថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីរំលឹកឲ្យមានការប្រុងប្រយ័ត្នឡើងវិញ ដោយសារថា មកដល់ពេលនេះ ប្រជាពលរដ្ឋហាក់ដូចជាលែងមានការប្រុងប្រយ័ត្នចំពោះជំងឺកូវីដ១៩ហើយ ដូច្នេះទេ ក្នុងនាមអាជ្ញាធរដែនដីទាំង១៤ខណ្ឌកម្លាំមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវបន្តចុះណែនាំផ្សព្វផ្សាយជាប្រចាំ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមការពារទប់ស្កាត់ជម្ងឺកូវីដ១៩ឡើងវិញ ខណៈដែរ កាលពីមុនយើងអនុវត្តបានល្អ ហើយប្រជាពលរដ្ឋក៏បានចូលរួមយ៉ាងសកម្មជាមួយយើងផងដែរ ដែលធ្វើឱ្យយើងអាចគ្រប់គ្រងបាននូវការឆ្លងរាលដាលនៃជំងឺកូវីដ១៩នេះ។

  លោកឃួង ស្រេងក៏បានបញ្ជាក់ដែរថា កិច្ចប្រជុំនេះយើងនឹងពិភាក្សារកចំណុចគន្លឹះ រកចំណុចចន្លោះប្រហោងដើម្បីយើងយកចំណុចទាំងនោះមកបំពេញបន្ថែមនិងអនុវត្តអោយចំគោលដៅ ក្នុងកិច្ចការពារនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩នេះ៕

 

 

អត្ថបទដែលជាប់ទាក់ទង