ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីជំរុញ ឲ្យអាជ្ញាធរខណ្ឌទាំង១៤បំពាក់ប្រព័ន្ធ QR Code ទប់ស្កាត់កូវីដ Stop Covid នៅតាមគ្រឹះស្ថានសាធារណៈនិងឯកជន ភោជនីយដ្ឋានសណ្ឋាគារ

63

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤និងផ្សារទាំង២៥នៅរាជធានី ធ្វើការបំពាក់ប្រព័ន្ធ QR Code ទប់ស្កាត់កូវីដ Stop Covid ដើម្បីបង្ការទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ១៩ ខណៈដែលជំងឺនេះ បាននិងកំពុងរីករាលដាលដល់សហគមន៍ជាថ្មីម្ដងទៀតនោះ។   ការបំពាក់នូវបច្ចេកវិទ្យាថ្មីនេះគឺអាចគ្រប់គ្រងទិន្នន័យបានយ៉ាងល្អប្រសើរចំពោះការរាតត្បាតនៃជំងឺកូវីដ១៩។

  ការជម្រុញបែបនេះរបស់លោកឃួង ស្រេងបានធ្វើឡើង នារសៀលថ្ងៃទី២១ កុម្ភៈ នេះ នៅក្នុងកិច្ចប្រជុំជាបន្ទាន់មួយជាមួយនិងក្រសួងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងរដ្ឋបាលរាជធានីភ្នំពេញក្រោមវត្តមានលោកជា វ៉ាន់ដេតរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ លោក ឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញដោយមានការចូលរួមពីអាជ្ញាធរខណ្ឌទាំង១៤ជាមួយនិងផ្សារទាំង២៥ ទូទាំងរាជធានីភ្នំពេញផងដែរ។

  លោកឃួង ស្រេងបានមានប្រសាសន៍លើកឡើងថា ភ្នំពេញជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា ជាតំបន់ប្រមូលផ្ដុំសេដ្ឋកិច្ច ពាណិជ្ជកម្ម បើទោះបីប្រជាពលរដ្ឋប្រើប្រាស់ស្មាតហ្វូនមិនបាន១០០%ក៏ដោយ ប៉ុន្តែកិច្ចការងារនេះយើងត្រូវតែអនុវត្តន៍ ដើម្បី បង្ការទប់ស្កាត់នូវជំងឺកូវីដ១៩ ដូច្នេះទេ អាជ្ញាធរខណ្ឌទាំង១៤ត្រូវធ្វើការណែនាំក៏ដូចជាផ្សព្វផ្សាយទៅតាមបណ្ដាភោជនីយដ្ឋានក្លឹបកំសាន្តនិងទីប្រជុំជនមួយចំនួនដើម្បីបំពាក់នូវបច្ចេកវិទ្យាថ្មីនេះ។

  លោកបញ្ជាក់ផងដែរថា បច្ចេកវិទ្យាថ្មីនេះពិតជាមានសារៈសំខាន់ដែលធ្វើអោយយើងងាយស្រួលតាមដាននិងស្វែងរកអ្នកដែលពាក់ព័ន្ធនឹងជំងឺកូវីដ១៩ បានលឿន ជាងការប្រើប្រាស់មនុស្សដើម្បីស្វែងរក ។យើងអាចយកមនុស្សដែលពាក់ព័ន្ធទៅធ្វើចត្តាឡីស័ក

ក៏ដូចជាទៅព្យាបាលបានលឿននិងទាន់ពេលវេលា។ដូច្នេះទេ ការងារនេះយើងត្រូវតែរួមគ្នាធ្វើឲ្យទទួលបានជោគជ័យដោយសហការជាមួយនឹងមន្ត្រីជំនាញនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

  លោកជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានមានប្រសាសន៍បញ្ជាក់ថា បច្ចេកវិទ្យាថ្មី QR Code ទប់ស្កាត់កូវីដ Stop Covidនេះពិតជាមានតម្លៃនិងផ្ដល់ភាពងាយស្រួលដល់ដល់ការងារ ក្នុងបង្ការនិងទប់ស្កាត់ជំងឺកូវីដ១៩ ដោយសារថា បើអ្នកពាក់ព័ន្ធជាមួយនឹងកូវីដ១៩ បច្ចេកវិទ្យាថ្មីនេះនឹងបង្ហាញទៅលើប្រព័ន្ធស្មាតហ្វូន ថាបុគ្គលនេះ ធម្មតា បុគ្គលនេះជាបុគ្គលមានហានិភ័យខ្ពស់និងបុគ្គលនេះជាបុគ្គលគួរឲ្យសង្ស័យ

  លោកបន្តថា ត្រឹមតែម្សិលម៉ិញ និងមកដល់ពេលនេះ គឺមានគ្រឹះស្ថានសាធារណៈនិងឯកជន ភោជនីយដ្ឋានសណ្ឋាគារ និងរោងចក្រ ជាដើម ចំនួន២៥០០ហើយដែល បានចុះឈ្មោះបង្កើត QR Code សម្រាប់ប្រើប្រាស់។

  លោករដ្ឋមន្ត្រី បានបញ្ជាក់ផងដែរថា ចំពោះកិច្ចការងារក្នុងការបំពាក់បច្ចេកវិទ្យាថ្មីនេះ ក្រុមការងាររបស់ក្រសួងនិងជួយទៅលើការងារនេះទៅដល់បណ្ដាខណ្ឌទាំង១៤នៅក្នុងរាជធានីភ្នំពេញ ដើម្បីធ្វើយ៉ាងណាឱ្យនៅតាមបណ្ដាលភោជនីយដ្ឋានកន្លែងសប្បាយសុភាពនិងក្លឹបកំសាន្តក៏ដូចជាផ្សារនានាបានបំពាក់បច្ចេកវិទ្យាថ្មីនេះ អោយបានគ្រប់ទីកន្លែង៕

 

អត្ថបទដែលជាប់ទាក់ទង