ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឈរលើស្មារតីដឹងគុណយុទ្ធជនពលី ក្នុងសម័យសង្រ្គាម ទើបមានការរៀបចំធ្វើបុណ្យទក្ខិណានុប្បទានឧទ្ទិសកុសល ជូនដល់ដួងវិញ្ញាណក្ខន្ធកម្មាភិបាល យុទ្ធជន និងបើកការដ្ឋានសាងសង់-ជួសជុលទីលានផ្នូរយុទ្ធជន ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមចំនួន ៤៤៧សព

52

កោះកុង៖ សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា ឈរលើស្មារតីដឹងគុណយុទ្ធជនពលី ក្នុងសម័យសង្រ្គាម ទើបមានការរៀបចំធ្វើ បុណ្យទក្ខិណានុប្បទានឧទ្ទិសកុសល ជូនដល់ដួងវិញ្ញាណក្ខន្ធកម្មាភិបាល យុទ្ធជន
និងបើកការដ្ឋានសាងសង់-ជួសជុលទីលានផ្នូរយុទ្ធជន ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមចំនួន ៤៤៧សព
នៅទីលានផ្នូរយុទ្ធជនខេត្តកោះកុង (សពយុទ្ធជន) ស្ថិតនៅក្នុងភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង នៅថ្ងៃទី២៣
ខែកុម្ភៈ ឆ្នាំ២០២១នេះ។

សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តកោះកុង
បានមានប្រសាសន៍ថា សង្គ្រាមក្នុងប្រវត្តិសាស្ត្រដើម្បីរំដោះ
និងការពារប្រទេសកុំឱ្យរបបប្រល័យពូជសាស្ត្រវិលមកវិញបានធ្វើឱ្យយុទ្ធជនកម្ពុជាមិនតិចនោះឡើយ បានពលីជីវិត។
វីរភាពរបស់យុទ្ធជនកម្ពុជា នៅតែដិតដាមក្នុងក្រអៅបេះដូងថ្នាក់ដឹកនាំ និងពលរដ្ឋកម្ពុជាជាប់ជានិច្ច មិនអាចបំភ្លេចបានឡើយ។
ការរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ ជួសជុលទីលានផ្តូរយុទ្ធជន ខេត្តកោះកុងនាថ្ងៃនេះ គឺធ្វើឡើងក្នុងស្មារតីចងចាំជានិច្ច
នូវគុណូបការៈដ៏ឧត្តុងឧត្តម ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់វីរកម្មាភិបាលវីរយុទ្ធជន យុទ្ធនារី ប្រជាជន
និងអ្នកស្នេហាជាតិដែលបានធ្វើមហាពលីកម្មបូជាសាច់ស្រស់ ឈាមស្រស់ ក្នុងសមរភូមិ
ដើម្បីរំដោះមាតុភូមិពីកណ្តាប់ដៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ដើម្បីជួយសង្គ្រោះជីវិតប្រជាជន និងសង្គមជាតិឱ្យរស់ឡើងវិញ
រហូតមានការរីកចម្រើនដល់សព្វថ្ងៃនេះ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តថា ទោះបីជារយៈពេល៤២ឆ្នាំបានកន្លងផុតទៅហើយក៏ពិតមែន
ប៉ុន្តែយើងទាំងអស់គ្នានៅតែចងចាំជានិច្ច ហើយថែមទាំងដិតដាម ក្នុងក្រអៅបេះដូងរបស់យើងទាំងអស់គ្នាជានិច្ចជាកាល
មិនអាចបំភ្លេចបានឡើយនូវវីរកម្មាភិបាល វីរយុទ្ធជន យុទ្ធនារី ប្រជាជន និងអ្នកស្នេហាជាតិ ដែលបានពុះពារដ៏អង់អាចក្លាហាន
ហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងឆ្លងកាត់ឧបសគ្គ និងការលំបាកយ៉ាងច្រើនឥតគណនា
ដើម្បីរួមគ្នាជាមួយឥស្សរ-ជនតស៊ូជាន់ខ្ពស់ផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។
ពលិកម្មប្រកបដោយស្មារតីស្នេហាជាតិរបស់វីរអតីតយុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋនៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្រ
គឺបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងកិច្ចការពារបូរណភាពទឹកដី ការកសាងសុខសន្តិភាព និងស្ថេរភាពសង្គម សម្រាប់កម្ពុជា
សំដៅធានាឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ជាតិមាតុភូមិ និងប្រជាជនកម្ពុជា។
សម្តេចពិជ័យសេនា ក៏បានរំឭកឡើងវិញព្រឹត្តិការណ៍ជាក់ស្តែងមួយចំនួន ដែលកម្ពុជាបានជួបប្រទះក្នុងការឆ្លងកាត់ភ្នក់ភ្លើងសង្គ្រាម
ដែលបង្កការឈឺចាប់ខ្លោចផ្សាមិនអាចថ្លាថ្លែងបាន ចំពោះប្រជាជនកម្ពុជាទាំងមូល និយាយជារួម
និយាយដោយឡែកប្រជាជននៅខេត្តកោះកុង បានបន្សល់ស្លាកស្នាមមិនទាន់រលុបអស់នៅឡើយមកដល់ពេលបច្ចុប្បន្ននេះ។
ជាច្រើនជំនាន់ ប្រទេសកម្ពុជា ពុំធ្លាប់ទទួលបានសន្តិភាព ពេញលេញដូចសម័យសព្វថ្ងៃនេះទេ ជួនកាលមានការបែកបាក់ទៅជា២
ជា៣ភាគី ដែលនាំឱ្យប្រទេសជាតិមានជម្លោះនឹងគ្នាឥតឈប់ឈរនាពេលកន្លងមក។

សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់បន្ថែមថា តាមរយៈព្រឹត្តិការណ៍ទាំងអស់នេះ ទើបបន្សល់ទុកផ្នូរអតីតយុទ្ធជន
ដែលក្រុមការងារបានខិតខំសាងសង់ជួសជុលទីលានផ្ទុរយុទ្ធជន ខេត្តកោះកុង ដែលជាការបង្ហាញពីភាពកត្តញ្ញូ ការដឹងគុណ
និងការចូលរួមរបស់ប្រជាពលរដ្ឋ ដើម្បីឱ្យមនុស្សជំនាន់ក្រោយយល់ជ្រួតជ្រាប
ទុកជាប្រវត្តិសាស្ត្រដែលមនុស្សជំនាន់មុនបានឆ្លងកាត់ទៅតាមដំណាក់កាលនីមួយៗ ធ្វើជាមេរៀនដ៏មានតម្លៃសម្រាប់កសាង
និងការពារប្រទេសជាតិតទៅមុខទៀត។

ពិធីបុណ្យទក្ខិណានុប្បទានឧទ្ទិសកុសល ជូនដួងវិញ្ញាណក្ខន្ធកម្មាភិបាល យុទ្ធជន និងបើកការដ្ឋានសាងសង់ទីលានផ្នូរយុទ្ធជន
មានការចូលរួមពីសំណាក់លោក គន់ គីម ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធាន
និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា, នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការ ក្រសួងការជាតិ
និងជាប្រធានគណៈកម្មការសាងសង់, នាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការក្រសួងការពារជាតិ ថ្នាក់ដឹកក្រសួងការពារជាតិ,
រដ្ឋបាលខេត្តកោះកុង និងមេបញ្ជាការមេបញ្ជារងតំបន់ប្រតិបត្តិការសឹករងខេត្ត អាវុធហត្ថខេត្ត ស្នងការនគរបាលខេត្ត ប្រធានមន្ទីរ
គ្រប់ស្ថាប័នអង្គភាពខេត្ត ជាសមាជិកផងដែរ។

ការរៀបចំបើកការដ្ឋានសាងសង់ទីលានផ្នូរយុទ្ធជន ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមស៊ីវិល
គឺធ្វើឡើងក្រោមគំនិតផ្តួចផ្តើមផ្ទាល់របស់សម្តេចពិជ័យសេនា ទៀ បាញ់ ដើម្បីរំឮកនូវគុណនូប្បការៈ ការបូជាអាយុជីវិត សាច់ស្រស់
ឈាមស្រស់ របស់យុទ្ធជនកម្ពុជា ដើម្បបុព្វហេតុជាតិមាតុភូមិកម្ពុជា ឱ្យទទួលបានសុខសន្តិភាព ស្ថិរភាពនយោបាយ
និងភាពសុខដុមរមនារបស់ប្រជាពលរដ្ឋកម្ពុជា។

សពអតីតកម្មាភិបាល យុទ្ធជន ដែលបានយកមកបញ្ចុះនៅទីលានផ្នូរយុទ្ធជន នៅក្នុងភូមិលេខ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ
ខេត្តកោះកុង ទាំង ៤៤៧សពនេះ ជាយុទ្ធជនមកពីបណ្តា ១៨រាជធានី-ខេត្ត។

នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ បានឱ្យដឹថា ការសាងសង់ និងជួសជុលតំបន់ទីលានផ្នូរសពអតីតយុទ្ធជន
គឺមានទំហ៊ុដីជាង ៩៥០០ម៉ែត្រការ៉េ ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ទីលានផ្នូរសពនេះ
មានរៀបចំជាស្តូបតម្កល់កោដ្ឋ ផ្នូរសម្រាប់សពយុទ្ធជននីមួយៗ រោងបុណ្យ កន្លែងចារឈ្មោះសប្បុរសជន និងកន្លែងចតរថយន្តជាដើម។

នាយឧត្តមសេនីយ៍ យន្ត មីន បានលើកឡើងថា ការសាងសង់ និងជួសជុលទីលានផ្នូរអតីតយុទ្ធជននាពេលនេះ
គឺជាកិច្ចតបស្នងសងគុណយុទ្ធមិត្ត ជានាយទាហាន ពលទាហាន ដែលបានលះបង់ អាយុជីវិតក្នុងសម័យសង្គ្រាម ដើម្បីបូរណភាពទឹកដី
ការពារប្រទេសជាតិ មាតុភូមិ និងការពារអាយុជីវិតប្រជាពលរដ្ឋ ដើម្បីឈានរកសន្តិភាពជូនប្រទេសជាតិ និងប្រជាពលរដ្ឋដោយមិនគិត
ពីការបូរជាអាយុជីវិតរបស់ខ្លួននោះឡើយ។

នាយឧត្តមសេនីយ៍ យន្ត មីន បានបញ្ជាក់ថា ក្នុងសម័យសង្រ្គាមនាយទាហាន ពលទាហានបានលះបង់អាយុជីវិតច្រើនណាស់
ដើម្បីការពារប្រទេសជាតិឱ្យបានគង់វង្ស ដូច្នេះ ដើម្បីតបស្នងសងគុណ និងគោរពនូវវិញ្ញាណក្ខ័ន្ធដល់យុទ្ធជនដ៏អង់អាចក្លាហាន
ដែលហ៊ានលះបង់អាយុជីវិត។អនុវត្តន៍នូវអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា
និងអនុវត្តន៍ក្រោមការចង្អុលបង្ហាញរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបរនាយកដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ
នឹងស្ថាបនាតំបន់មួយនេះឱ្យសាកសម និងប្រែក្លាយជាតំបន់ដឹកគុណនូប្បការៈ អតីតសពយុទ្ធជន។សម្រាប់ទីលានផ្នូរសពអតីតយុទ្ធ
គឺត្រូវសាងសង់ឡើងតាមរចនាបទខ្មែរសុទ្ធសាធ។ ក្រុមការងារជំនាញសិក្សា និងកែលម្អបន្ថែមទៀតនូវរចនាបទអង្គរ
ហើយប្រវត្តិទីតាំងនេះបានដាក់សាកសពយុទ្ធពល ដែលពលីជីវិត ដើម្បីបូរណភាពទឹកដីនេះ តាំងពីខែកក្កដា ឆ្នាំ១៩៧៩
រហូតដល់ឆ្នាំ១៩៩៨៕

អត្ថបទដែលជាប់ទាក់ទង