ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងកសិកម្ម អំពាវនាវអ្នកដាំដុះដំណាំស្វាយ ចុះបញ្ជីកសិដ្ឋានដាំស្វាយសម្រាប់នាំចេញ ដើម្បីងាយស្រួលទទួលបានព័ត៌មាន និងសេវាបណ្តុះបណ្តាលបច្ចេកទេស

78

​ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ បាន​អំពាវនាវ​អ្នក​ដាំ​ដុះ​ដំណាំ​ស្វាយ ចុះបញ្ជី​កសិដ្ឋាន​ដាំ​ស្វាយ​សម្រាប់​នាំចេញ នៅ​អគ្គនាយកដ្ឋាន​កសិកម្ម ដើម្បី​ងាយស្រួល​ទទួល បាន​ព័ត៌មាន និង​សេវា​បណ្តុះបណ្តាល​បច្ចេកទេស ក្នុងការ​បង្កើន​ផលិតភាព និង​គុណភាព​ផ្លែស្វាយ​ស្របតាម​ស្តង់ដារ​។​

​ក្រសួងកសិកម្ម បាន​បញ្ជាក់ថា តម្លៃ​ផលិតផល​កសិកម្ម រួមទាំង​ផ្លែស្វាយ​មានការ​ប្រែប្រួល​ឡើង​ចុះ​មិន​ទៀងទាត់​តាម​រដូវ​កាល និង​អាស្រ័យ​លើ​ទំហំ​នៃ​ការផ្គត់ផ្គង់ និង​តម្រូវការ​ទីផ្សារ​។ ជាក់ស្តែង នា​ដើម​ឆ្នាំនេះ ផ្លែស្វាយ​មានតម្លៃ​ល្អប្រសើរ ប៉ុន្តែ​ចាប់ពី​ដើមខែ​កុម្ភៈ​មកទល់​បច្ចុប្បន្ននេះ​តម្លៃ​ផ្លែស្វាយ​កំពុងមាន​ការធ្លាក់ចុះ ដោយសារ​ជា​រដូវ​កាល​ប្រមូល​ផល​ផ្លែស្វាយ​នៅ​កម្ពុជា និង​នៅ​ប្រទេស​ផ្សេងៗ ដែល​បណ្តាលឱ្យមាន​បរិ​មាណ​ផ្លែស្វាយ​ជន់​ច្រើន​លើសលប់​នៅលើ​ទីផ្សារ ស្រប​ពេលដែល​សកម្មភាព​សេដ្ឋកិច្ច​ទូទៅ​កំពុង​ស្ថិតនៅក្រោម​ឥទ្ធិពល​អវិជ្ជមាន​នៃ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។ យោងតាម​គេហទំព័រ www.globalprice.info ។​

​បច្ចុប្បន្ន តម្លៃ​ផ្លែស្វាយ​ស្រស់​នៅ​ប្រទេស​ចិន បាន​ធ្លាក់​ចុះមក​ត្រឹម​ពី ១,១០​ទៅ​១,២០​ដុល្លារ​អាមេរិក ក្នុង​មួយ​គីឡូក្រាម​តែប៉ុណ្ណោះ​។​

​សេចក្តីប្រកាស​ព័ត៌មាន បាន​បញ្ជាក់ថា ដើម្បី​រក្សាបាន​នូវ​ស្ថិរភាព​តម្លៃ​សមស្រប និង​មាន​ទីផ្សារ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សូម​អំពាវនាវ​ម្តង​ហើយ ម្តងទៀត ដល់​អ្នក​ដាំ​ដុះ​ដំណាំ​ស្វាយ​ទាំងអស់ សូម​ធ្វើការ​ចុះបញ្ជី​កសិដ្ឋាន​ដាំ​ស្វាយ​សម្រាប់​នាំចេញ នៅ​អគ្គនាយកដ្ឋាន​កសិកម្ម ដើម្បី​ងាយស្រួល​ទទួលបាន​ព័ត៌មាន និង​សេវា​បណ្តុះបណ្តាល​បច្ចេកទេស ក្នុងការ​បង្កើន​ផលិតភាព និង​គុណភាព​ផ្លែស្វាយ​ស្របតាម​ស្តង់ដារ​។ ព្រមទាំង​រៀបចំ​ចងក្រង​ជា​បណ្តុំ​អាជីវកម្ម​ស្វាយ សម្រាប់​ទំនាក់​ទំនងជា​មួយក្រុម​ហ៊ុន​ក្នុង និង​ក្រៅ​ស្រុក ដើម្បី​ចុះកិច្ចសន្យា​ប្រមូល​ទិញ​ធ្វើការ​កែច្នៃ និង​នាំចេញ​៕

អត្ថបទដែលជាប់ទាក់ទង