ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ថានទូតចិនប្រគល់ម៉ាសចំនួន៨៤កេស ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

61

ភ្នំពេញ ម៉ាសពេទ្យចំនួន៨៤កេសស្មើនឹង១០០៨០០ម៉ាស(ដប់ម៉ឺនប្រាំបីរយ)ដែលជាអំណោយរបស់សាធារណរដ្ឋប្រជាមានិតចិន តាមរយៈស្ថានទូតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ១៩ ខណៈដែលជំងឺនេះបានរីករាលដាលចូលក្នុងសហគមន៍ជាថ្មីម្តងទៀត នោះគឺព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

  ពិធីប្រគល់និងទទួលខាងលើនេះបានធ្វើឡើងនារសៀលថ្ងៃទី២៣កុម្ភៈឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោក វ៉ាង វិនធាន អគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជានិងលោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ

   លោកឃួង ស្រេងនៅក្នុងឱកាសនោះបានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះប្រជាជនចិននិងថ្នាក់ដឹកនាំចិនដែលតែងតែជួយប្រទេសកម្ពុជាកន្លងមក។ ជាក់ស្តែងនៅក្នុងពេលនេះ ប្រទេសចិន បានផ្ដល់ម៉ាសពេទ្យជាច្រើនម៉ឺនបន្ទះថែមទៀតជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមក្នុងការទប់ស្កាត់នូវជំងឺ១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ។ ក្នុងនាមប្រជាពលរដ្ឋនៅរាជធានីភ្នំពេញនិយាយរួមនិងក្នុងនាមប្រជាពលរដ្ឋនៅទូទាំងប្រទេសនិយាយដោយឡែក លោកសូមថ្លែងការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រទេសចិនដែលបានជួយមកដល់កម្ពុជា នូវម៉ាសទាំង៨៤កេសនេះ។ នេះបានបង្ហាញអោយឃើញពីទំនាក់ទំនងមិត្តភាពដ៏យូរអង្វែងរវាងប្រទេសកម្ពុជានិងប្រទេសចិន កាន់តែល្អប្រសើរមួយកម្រិតថែមទៀត

   លោកឃួង ស្រេង ក៏បានប្ដេជ្ញាចិត្តផងដែរថាក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ នឹងប្ដេជ្ញាចិត្តធ្វើការទប់ស្កាត់ឲ្យបាននូវការរីករាលដាលជម្ងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះអោយទទួលបានជោគជ័យ។

     លោក វ៉ាង វិនធាន ក្នុងឱកាសនោះក៏បានលើកឡើងផងដែរថា ដោយមើលឃើញប្រទេសកម្ពុជាដែលជាប្រទេសជាមិត្ត មានការរីករាលដាលនូវជំងឺកូវីដ១៩ ដល់សហគមន៍ជាថ្មីម្ដងទៀតនោះ ក្នុងនាមសាធារណៈរដ្ឋប្រជាមានិតចិនក៏បានប្រគល់នូវម៉ាស់ទាំង៨៤កេសនេះ មករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដើម្បីធ្វើយ៉ាងណាឱ្យឲ្យការបង្ការទប់ស្កាត់ជំងឺកូវីដ១៩ទទួលបានជោគជ័យ៕

 

អត្ថបទដែលជាប់ទាក់ទង