ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ករណី​ចូល​កាប់ និង​ចាក់​សម្លាប់ មនុស្ស​ដល់​ក្នុងផ្ទះ​នៅ​ខណ្ឌ​ជ្រោយចង្វារ ផ្តើមចេញពី​ទំនាស់​ពាក្យសម្តី​រឿង​តូចតាច​

62

 

​ភ្នំពេញ ៖ អណ្តាត​ជា​អាថ៌​កន្លង បាន​សុខទុក្ខ​ផង​ដោយសារ​អណ្តាត កំហឹង​ទល់​កំហល់ ដល់ទី​បំផុត នឹង​ក្លាយជា​សោកនាដកម្ម​បំផ្លាញ​ទាំង​អ្នកដទៃ បំផ្លាញ​ទាំង​ខ្លួនឯង ជាក់ស្តែង ករណី​ឃាតកម្ម កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២១ ដែល​បណ្តាល​ឲ្យ​ជនរងគ្រោះ​ម្នាក់​ស្លាប់​បាត់បង់ ជីវិត និង​០២​នាក់​ទៀត​ផ្សេងទៀត រងរបួស​ធ្ងន់ធ្ងរ បង្កឡើង​ដោយ​ជនសង្ស័យ​០៦​នាក់ បាន​ចូលទៅ​កាប់​និង​ចាក់​សម្លាប់ ដល់​ក្នុងផ្ទះ ស្ថិតក្នុង​ភូមិ​ខ្ទរ សង្កាត់​ព្រែក​លាភ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ គឺ​គ្រាន់តែ​ផ្តើមចេញពី​ទំនាស់​ពាក្យសម្តី​តូចតាច​តែប៉ុណ្ណោះ​។​
​ក្រោយពេល​កើតហេតុ​ភ្លាមៗ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ រួមជាមួយ​កម្លាំង អន្តរាគមន៍ និង កម្លាំង​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ទៅដល់​កន្លែងកើតហេតុ​ភ្លាម និង​បាន​បើក​ការស៊ើបអង្កេត ស្រាវជ្រាវ​ប្រមាណ​០២​ម៉ោង ក៏​ឈានទៅដល់​ការបង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់ (​ក្នុងនោះ​០២​នាក់​គឺជា​ជនដៃដល់​ក្នុងចំណោម បក្ខពួក​០៦​នាក់ និង​ម្នាក់ទៀត​ត្រូវបាន​ជនដៃដល់​យក​ដាវ​ទៅ​ផ្ញើ​ក្នុង​បន្ទប់​) នៅ​ដី​ទំ​នរ​មួយកន្លែង​ដែល​សង់​អោយ​កម្មករ​ស្នាក់នៅ ជាប់​ផ្លូវជាតិ​លេខ​៦​អា ភូមិ​ខ្ទរ សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​
​តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​បាន​ឲ្យ​ដឹងថា ដំបូង​ឡើយ​នៅ​យប់កើតហេតុ ក្រុម​របស់​ពួកគេ​មាន​គ្នា​០៦​នាក់ បាន​បបួលគ្នា​ជិះ​ម៉ូតូ​ដើរលេង ដោយមាន​ដាក់​ដាវ​និង​កំបិត​ទៅជា​មួយ ម្នាក់​មួយ​ដើម​គ្រប់​ដៃ លុះ​ជិះ​ដល់​កន្លែងកើតហេតុ ពួកគេ​បានឃើញ​ជនរងគ្រោះ​មួយក្រុម​កំពុង​ផឹកស៊ី​ចាក់​បាស់ ពេលនោះ​ពួកគេ​បាន​លើកដៃ​ហ៊ោ​ក​ញ្ច្រៀ​វ ស្រាប់​តែមាន​ជនរងគ្រោះ​ម្នាក់​បាន​ស្រែក​ដាក់​ពួកគេ​ថា ពួក​ហែង​មើល​អី ហើយ​ស្រែ​កអី ក្បាល​មួយ​ស្បែកជើង​ឥឡូវ​ហើយ​! ភ្លាមនោះ​ពួកគេ​ទាំង​០៦​នាក់​បាន​ជិះ​ហួស​បន្តិច ក៏បាន​បត់​ម៉ូតូ​ត្រឡប់មក​ក្រោយ​វិញ ហើយ​សួរថា អម្បាញ់មិញ​ថា​ឲ្យ​ពី​ណា​គេ​?
​ពេលនោះ​ជនរងគ្រោះ​ម្នាក់​ក៏បាន​ស្រែក​មកវិញ​ថា ចុះ​ហែង​ចង់​យ៉ាងម៉េច​? ក៏បង្ករ​ឲ្យ​មាន​ជា​ទំនាស់​ពាក្យសម្តី ហើយ​ពួកគេ​ក៏បាន​ទាញ​ដាវ​ដែល​សៀត​ជាប់ជើង​ម្នាក់​មួយ​ដើមៗ​ចេញមក ធ្វើ​សកម្មភាព​កាប់​ចាក់ទៅលើ​ក្រុម​ជនរងគ្រោះ​តែម្តង​។
​ពេលនោះ​ជនរងគ្រោះ​បាន​រត់​ចូលទៅ​ក្នុងផ្ទះ ពួកគេ​ក៏​ដេញតាម ទៅ​កាប់​និង​ចាក់​បន្ថែម​ដល់​ក្នុងផ្ទះ​បណ្តាល​ឲ្យ​ស្លាប់​និង​របួស ហើយ​ពួកគេ​ក៏​ឡើង​ជិះ​ម៉ូតូ​ចេញពី​កន្លែងកើតហេតុ​តែម្តង​។ ក្រោយមក​ពួកគេ​ចូលដល់​កន្លែង​ស្នាក់​នៅបាន​ប្រហែល​មួយ​ម៉ោង ក៏​ស្រាប់​តែមាន​សមត្ថកិច្ច​បា​ន​តាម​ទៅដល់​និង ធ្វើការ​ឡោម​ព័ន្ធ​ចាប់ខ្លួន​ពួកគេ​ទាំង​០៣​នាក់ រីឯ​អ្នក​ផ្សេងទៀត​បានដឹងខ្លួន​ទាន់ ក៏​រត់គេចខ្លួន​បាត់អស់​។​
​ជាមួយគ្នានេះដែរ សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏​សូម​ធ្វើការ​អំពាវនាវ ចំពោះ​សាធារណៈជន​ទាំងឡាយណា ដែល​បានឃើញ ឬ​ស្គាល់ ឬ​មាន​ដំណឹង របស់​ជនសង្ស័យ​០៤​នាក់​ដែល​បាន​រត់គេចខ្លួន មានឈ្មោះ​ដូចខាងក្រោម​៖
​ជនសង្ស័យ​ទី​១ ឈ្មោះ រិ​ទ្ធ ដែលមាន​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Rith Sky
​ជនសង្ស័យ​ទី​២ ឈ្មោះ ក្រឹម ដែលមាន​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ បង​រិត បង​រិត​
​ជនសង្ស័យ​ទី​៣ ឈ្មោះ រ៉ា ដែលមាន​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ បង​រា និង​អា​ខោ​មួយទៀត​ឈ្មោះ Bro Raa
​ជនសង្ស័យ​ទី​៤ ឈ្មោះ មិត្ត ហៅ​អា​បង ដែលមាន​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Fii Boy និង​អា​ខោ​មួយទៀត​ឈ្មោះ Gk Co
​សូម​រាយការណ៍ មកកាន់​មន្ត្រី​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែលមាន​ទូរស័ព្ទ​លេខ​៖
– 012 383 383
– 012 66 77 98
– 017 81 81 71
​ឬ​រាយការណ៍​ទៅកាន់​សមត្ថកិច្ច​ដែល​នៅ​ជិត​លោកអ្នក​បំផុត សមត្ថកិច្ច​នឹង​ធានា រក្សា​ការសម្ងាត់​ជូន​។​

អត្ថបទដែលជាប់ទាក់ទង