មន្ដ្រី កសិកម្មខេត្ដប៉ៃលិន ជំរុញឲ្យ កសិករចងក្រងបណ្ដុំអាជីវកម្មចំរុះ ដើម្បីផ្គត់ផ្គង់បន្លែធម្មជាតិនៅលើទីផ្សារក្នុងស្រុក
ប៉ៃលិន៖ លោក វង់ ទ្រី ជំនួយការនាយកកម្មវិធី Aspire នៃក្រសួងកសិកម្ម រុក្ខាប្រ មាញ់ និង នេសាទ ប្រចាំ ខេត្ដប៉ៃលិន បានជំរុញឱ្យបណ្តុំអាជីវកម្មបន្លែ និងបណ្តុំអាជីវកម្មមាន់ស្រែបន្តចង ក្រង គ្នាជាបណ្តុំ ដើម្បីផ្គត់ផ្គង់ទីផ្សារ ក្នុងស្រុក និងក្រៅស្រុក។ ការលើក ឡើងនេះ ក្នុងឱកាស ចុះពិនិត្យមើលពីវឌ្ឍនភាព និងសំណេះសំណាល ជាមួយបងប្អូនបណ្តុំអាជីវកម្មបន្លែ និងបណ្តុំ អាជីវកម្មមាន់ស្រែស្ថិតនៅភូមិវាលវង់ ភូមិថ្មី សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១។
លោក វង់ ទ្រី បានបញ្ជាក់ថា៖ រាជរដ្ឋាភិ បាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការ លើកស្ទួយជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនប្រជាកសិករ ដែល ប្រកបមុខរបរកសិកម្ម ដែលក្នុងនោះ បានអនុវត្តន៍កម្មវិធី Aspire(អាស់ស្បាយ) ដែលមាន ឈ្មោះ ថាកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ដើម្បីឱ្យបងប្អូនប្រជាកសិករធ្វើអាជីវកម្មកសិកម្មឱ្យទទួលបានផលចំណេញ និងបានកម្រៃ សមរម្យសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួ សារ។ លោកបានផ្តាំផ្ញើដល់បណ្តុំអាជីវករទាំងអស់ ត្រូវដាំដុះ និងចិញ្ចឹមសត្វឱ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស កុំប្រើប្រាស់ជាតិគីមី ទើបតម្លៃ ទីផ្សាររបស់បន្លែ និងសាច់សត្វរបស់យើងមានទីផ្សារខ្ពស់។ ជាមួយគ្នានេះ ប្រជាកសិករត្រូវ ខិតខំពង្រីកសកម្មភាពដោយចិញ្ចឹមសត្វ ត្រី កង្កែប ដាំបន្លែ និងដំណាំរួមផ្សំផ្សេងៗ ឱ្យកាន់តែ សកម្មទ្វេរឡើងថែមទៀត ដើម្បីឱ្យសមាជិកបណ្តុំគ្រប់ៗគ្រួសារ មានស្បៀងអាហារហូប ចុក គ្រប់ គ្រាន់ ក្នុងបរិបទនៃជំងឺឆ្លងកូវីដ-១៩ ។
លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដប៉ៃលិនបាន មានប្រសាសន៍ថា កន្លងមកមន្ត្រីជំនាញរបស់មន្ទីរ បានចុះធ្វើការចុះផ្សព្វផ្សាយបច្ចេកទេស និងផ្តល់ជាទុន មានពូជ មានជី ហើយឆ្នាំនេះមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចុះកិច្ចសន្យាជាមួយក្រុម ហ៊ុនកសិករសុវត្ថិភាព( AGRO Nature អាហ្គ្រោ ណេតឈ័រ) ដែលជា ក្រុមហ៊ុនទិញបន្លែសុវត្ថិភាពចេញពីខេត្តប៉ៃលិន។ លោកប្រធានមន្ទីរបន្ដថា ដោយសារតែមាន កិច្ច សន្យាជាមួយក្រុមហ៊ុនក្នុងការទិញបន្លែនេះ បានធ្វើឱ្យកម្មវិធី Aspire នេះបាននិងកំពុង ដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹង និងពង្រីកផលិត កម្មស្បៀង ស្របពេលដែលវិស័យ មួយចំនួនកំពុងជួបបញ្ហាដោយសារជំងឺឆ្លងកូវីដ-១៩។
លោកប្រធានមន្ទីរក៏បានណែនាំបន្ថែមដល់មន្ត្រីជំនាញដែលអនុវត្តន៍កម្មវិធី និងអ្នក ទទួលផលពីគម្រោង ត្រូវធ្វើបច្ចុប្បន្នភាពអំពីសកម្មភាពថ្មីៗបន្ថែមទៀត ដោយធ្វើយ៉ាងណា ឱ្យស្របទៅនឹងស្ថានការណ៍បច្ចុប្បន្ន ក្នុងការក្រសោប និងចាប់យកកាលានុវត្តភាព បង្កើនការ ផលិត ដើម្បីធានាដល់ការផ្គត់ផ្គង់ទាំងក្នុងពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត គឺត្រូវធ្វើយ៉ាង ណាកាត់បន្ថយថ្លៃដើម កាត់ បន្ថយពលកម្ម ប្រើប្រាស់បច្ចេកវិទ្យាសម ស្រប។
សូមបញ្ជាក់ថា ការអនុវត្តកម្មវិធី Aspire (អាស់ស្បាយ) នៅខេត្តប៉ៃលិន បានចាប់ អនុវត្តន៍ពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ននេះ ដោយគម្រោងបានធ្វើការផ្សព្វផ្សាយ និងបាន ចងក្រងជាបណ្តុំបានចំនួន៣៨បណ្តុំ រួមមាន បណ្តុំដាំបន្លែ បណ្តុំវារីវប្បកម្មការចិញ្ចឹមមាន់ស្រែ និងឈើហូបផ្លែ ក្នុងនោះបណ្តុំអាជីវកម្មបន្លែ បានចងក្រងចំនួន៤បណ្តុំ មានកសិករចំនួន ៦៨នាក់ ស្ត្រី០៦នាក់។ ចំណែកផ្ទៃដីដាំដុះ សរុបចំនួន៦,៥៣ហិកតា ក្នុងនោះ មានផ្ទះ សំណាញ់ចំនួន០៧ទីតាំង ដែលផ្ទៃដីដាំដុះសរុប២០៤០ ម៉ែត្រការ៉េ។ ដោយឡែក បណ្តុំ ចិញ្ចឹមមាន់ស្រែ មានចំនួន ១៥បណ្តុំ នៅក្រុងប៉ៃលិនចំនួន ៨បណ្តុំ និង នៅស្រុកសាលាក្រៅចំនួន០៧បណ្តុំផងដែរ៕ សំរិត