ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ដ្រី​អភិរក្ស​សត្វព្រៃ ប្រចាំ​មណ្ឌលគិរី អំពាវនាវ ឲ​ក​យ​ពលរដ្ឋ​ថែរក្សា កុំ​រំខាន​ដល់​ហ្វូង​សត្វ​ដំរីព្រៃ​ចុះ​ផឹកទឹក ម្ដងៗ

65

​មណ្ឌលគិរី​៖ មន្ដ្រី អភិរក្ស​សត្វព្រៃ នៃ​ក្រសួងបរិស្ថាន បានឱ្យដឹងថា ដំរីព្រៃ​មួយ​ហ្វូង មាន​ចំនួន​ប្រមាណ​ជាង​១០ ក្បាល បាន​ចុះ​ផឹកទឹក​នៅក្រោយ​សាលា ស្រុក​កែវ​សី​ម៉ា ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សី​ម៉ា ស្រុក​កែវ​សី​ម៉ា ខេត្តមណ្ឌលគិរី កាលពី​ល្ងាច​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២១​។​
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បានស្នើ​ដល់​ប្រជាពលរដ្ឋ កុំ​រំ ខាន​សត្វ​ដំរីព្រៃ​ទាំងនេះ និង​សូម​ចូលរួម​ការពារ និង​អភិរក្ស ខណៈ​បច្ចុប្បន្ន សត្វ​ដំរីព្រៃ​នៅ​ប្រទេស​កម្ពុជា ត្រូវបាន​ប៉ាន់ប្រមាណ​មាន​ចន្លោះ​ពី​៤០០​ទៅ​៦០០ ក្បាល ដែល​កំពុង​រស់នៅក្នុង​តំបន់ ការពារ​ធម្មជាតិ​នៃ​ភូមិភាគ​ឦសាន​ដែល​រួមមាន ខេត្តមណ្ឌលគិរី និង​រតនគិរី​។ លោក​បានឱ្យដឹងថា នៅ​អំឡុង​ខែកុម្ភៈ​នេះ​ជា​រៀងរាល់ឆ្នាំ ហ្វូង​ដំរីព្រៃ​តែងតែ​មក​ទីតាំង​ខាងលើនេះ ដើម្បី​រក​ចំណី​ស៊ី និង​ផឹកទឹក​។​
បើតាម​ការអះអាង​រប​ស់លោក នេត្រ ភក្ត្រា បានឱ្យដឹងថា នៅក្នុង​រយៈពេល​ជាង ១០​ឆ្នាំ​ចុង​ក្រោយនេះ កម្រិត​នៃ​បទល្មើស​បរបាញ់​សម្លាប់​សត្វ​ដំរីព្រៃ​យក​ភ្លុក​និង​កន្ទុយ ដើម្បី​ប្រើប្រាស់​តាម​ជំនឿ​ពី​បុរាណ​មក​នៅ​កម្ពុជា មានការ​ធ្លាក់ចុះ​យ៉ាងខ្លាំង ពោលគឺ ស្ទើរតែ​គ្មាន ដោយសារតែ​ការអនុវត្ត​ច្បាប់​តឹង​រុ​ឹ​ង​ប៉ុន្តែ​មានការ​កត់ សម្គាល់​ឃើញថា ជម្លោះ​រវាង​មនុស្ស និង​សត្វ​ដំរីព្រៃ បាន​កើតឡើង​នៅតាម​តំបន់ការពារធម្មជាតិ​មួយចំនួន ដោយសារតែ​ការផ្លាស់​ទី​ទាំង​ចម្ងាយ​ឆ្ងាយ និង​ចម្ងាយ​ជិត​តាម​រដូវ​កាល និង​ការស្វែងរក​ចំណី អាច​រង​ការរំខាន​ដោយសារតែ​វត្តមាន​របស់​មនុស្ស​នៅក្នុង​តំបន់​ដែន​ជម្រក​របស់​ពួកវា​។ លើសពីនេះ ដំរីព្រៃ​អាច​ទទួលរង​ការ​វាយតប​ពី​សំណាក់​ប្រជាជន​រហូតដល់​រងរ​បួស ឬ​ឈានដល់​ការសម្លាប់​ជាការ​សងសឹក នឹង​ដំរីព្រៃ​ដែល​បាន​ចូលមក ស៊ី​ដំណាំ​របស់​ពួកគេ​។​
ដំរី​អាស៊ី កំពុងតែ​ទទួលរង​ការគំរាមកំហែង​ធ្ងន់ធ្ងរ នៅ​ទូទាំង​ដែន​ជម្រក​របស់​វា​នៅលើ​សកលលោក ហើយ​ត្រូវបាន​ចាត់បញ្ចូល​ជា​ប្រភេទ​ជិត​ផុត​ពូជ​នៅ ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ​សហភាព​អន្ដរជាតិ​ដើម្បី​ការអភិរក្ស​ធម្មជាតិ​(IUCN)​។ ការ​រិច​រិល​ទីជម្រក​បានធ្វើឱ្យ​ដំរី​អាស៊ី​រស់នៅ​បែកខ្ញែក​ពីគ្នា និង​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​ស្ថិរភាព​យូរអង្វែង​របស់​ប្រភេទ​ដ៏​សំខាន់​នេះ​។​
លោក នេត្រ ភក្ត្រា មានប្រសាសន៍ថា បើ​យោងតាម​របាយការណ៍​សិក្សា នៅក្នុង​តំបន់​ជួរ​ភ្នំក្រវាញ​មិនមាន​របាយការណ៍​ណាមួយ​ស្តីពី​ឧបទ្ទវហេតុ​នៃ​ការ​បរបាញ់​សត្វ​ដំរី​ខុសច្បាប់​តាំងពី​ឆ្នាំ​២០០៣ មកម្ល៉េះ​។ ចំណែក​នៅក្នុង​តំបន់​ទេសភាព​ភាគ​ខាងកើត មានការ​កត់ សម្គាល់ថា មាន​ដំរី​ស្លាប់​ចំនួន​៨​ក្បាល ក្នុងនោះ​មាន​ទាំង​កូនដំរី និង​ដំរី​ធំ ដែល​ករណី​ដំរី​ធំ​ស្លាប់​ត្រូវបាន​សង្ស័យថា មានការ​ពាក់ព័ន្ធ​នឹង​ការ​បរបាញ់​៕
សំរិត​

អត្ថបទដែលជាប់ទាក់ទង