ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្អាក​ទិវា​រត់ប្រណាំង​កម្សាន្ត​ស្ត្រី​៨​មីនា និង​ការប្រកួត​កីឡា​នានា ដើម្បី​ចូលរួម​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ សហគមន៍​២០​កុម្ភៈ​

91

 

CAMSOC-​ភ្នំពេញ​៖ ដើម្បី​ចូលរួម​ទប់ស្កាត់​នៅក្នុង​ស្ថានភាព​នៃ​ការចម្លង​ជំងឺ​កូ​វីដ​-១៩​ក្នុង​សហ​គន៍​២០​កុម្ភៈ​ជាមួយ​រាជរដ្ឋាភិបាល ទិវា​រត់ប្រណាំង​កម្សាន្ត​ស្ត្រី និង​កីឡា​៨​មីនា រួមទាំង​ការប្រកួត​កីឡាបាល់ទាត់ ការប្រកួត​កីឡា​ហុក​គី និង​កិច្ចប្រជុំ​មួយចំនួន រួមទាំង​សកម្មភាព​លេង​កីឡា​លក្ខណៈ​ប្រមូលផ្តុំ​ត្រូវបាន​ផ្អាក​ជា​បណ្តោះអាសន្ន​ជា​បន្តបន្ទាប់ តា​យ​រយៈ​លិខិត​ប្រកាស​ស្តីពី​ការផ្អាក​សកម្មភាព​កីឡា​ដោយឡែកៗ​ពីគ្នា​។​

​គណៈកម្មាធិការ​រ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ដែរ ដោយ​ផ្អាក «​ទិវា​រត់ប្រណាំង​កម្សាន្ត​ស្ត្រី និង​កីឡា ដែល NOCC និង​ក្រសួងទេសចរណ៍​គ្រោង​នឹង​រៀបចំ​ទិវា​នេះ ក្នុង​ទិវា​សិទ្ធិនារី​អន្តរជាតិ ៨​មីនា ឆ្នាំ​២០២១​។ សេចក្តីប្រកាស​នេះ​បាន​ជម្រាបជូន​ដល់​កីឡាករ កីឡាការិនី និង​អ្នក​ឧបត្ថម្ភ​គាំទ្រ ទាំងអស់​ថា ទិវា​កីឡា​ទេសចរណ៍​រត់ប្រណាំង​ក​ម្សា​ន្ត​ស្ត្រី និង​កីឡា លើក​ទី​២ ឆ្នាំ​២០២១ ត្រូវបាន​ផ្អាក ដោយសារ​ជំងឺ​កូ​វីដ​-១៩ នៅមាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា និង​មាន​ការរីក​រាលដាល​ខ្លាំង​ក្នុង​តំបន់ និង​ពិភពលោក​នៅឡើយ ដូច្នេះ ដើម្បី​ការពារ​សុខភាព និង​សុវត្ថិភាព​របស់​កីឡាករ កីឡាការិនី​ទាំងអស់ និង​អនុវត្តតាម​សេចក្តីណែនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល ក្រសួងសុខាភិបាល ក្រសួង​អប់រំ យុវជន និង​កីឡា និង​សាលា​រាជធានី​ភ្នំពេញ​។
​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​ម្ពុ​ជា និង​ក្រសួងទេសចរណ៍​ស្នើ​ដល់​កីឡាករ កីឡាការិនី និង​អ្នក​ឧបត្ថម្ភ​គាំទ្រ​ទាំងអស់​មានការ​យោគយល់ និង​ចូលរួម​តាម​សភាពការណ៍​ជាក់ស្តែង​។​

​នៅក្នុង​ការជូនដំណឹង​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) បាន​ផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន​នូវ​ការប្រកួត​ជម្រើស​ជើងឯក​លី​គ​នារី ឆ្នាំ​២០២១ ដែល​គ្រោង​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ នា​ថ្ងៃអាទិត្យ ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក និង​ការប្រកួត​ជម្រើស​ជើងឯក​យុវជន អាយុ​ក្រោម​១៥​ឆ្នាំ និង​ជម្រើស​ជើងឯក​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ រហូដ​ល់​មានការ​ជូនដំណឹង​ជាថ្មី​។ ចំពោះ​គណៈកម្មការ​ប្រកួត​បាល់​ទាត់​ជាតិ​កម្ពុជា (CNCC) នៃ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ក៏បាន​ផ្អាក​មិន​ឲ្យ​ទស្ស​និក​ជូន​ចូលរួម​ទស្សនា​ដោយផ្ទាល់​នៅ​កីឡដ្ឋាន​ដែរ សម្រាប់​ការប្រកួត​បាល់ទាត់​ពាន​រង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន រដូវ​កាល ២០២១ ដែល​កំពុង​ដំណើរ​ប្រកួត​ជម្រុះ​វិលជុំ​ក្នុង​ពូ​ល​ថ្នាក់ជាតិ រៀងរាល់ថ្ងៃ​អង្គា​រ៍ និង​ថ្ងៃ​ពុធ និង​ផ្អាក​មិន​ឲ្យ​ទស្សនិកជន​ចូល​ទស្សនា​នៅ​កីឡដ្ឋាន​ដោយផ្ទាល់ សម្រាប់​ការប្រកួត​លី​គ​កំពូល​កម្ពុជា រដូវ​កាល ២០២១ ដែល​គ្រោង​នឹង​បើក​ការប្រកួត​នា​ខែមីនា ខាងមុខនេះ​។ ជាមួយគ្នា​នោះ លោក កែវ សារ៉េត អគ្គលេខាធិការ FFC ក៏បាន​ប្រកាស​ពន្យា​ពេល​នៃ​សិក្ខាសាលា​ស្តីពី »​វគ្គ​បណ្តុះបណ្តាល​មន្ត្រី​គ្រប់គ្រង​ព្រឹត្តិការណ៍​ប្រកួត​» ដែល​គ្រោង​ធ្វើឡើង​នា​ថ្ងៃទី​២៦-២៧ ខែកុម្ភៈ ឆ្នាំ​២០២១​នេះដែរ​។​

​ចំពោះ​សហព័ន្ធ​កីឡា​ហុក​គី​កម្ពុជា ដែល​គ្រោង​រៀបចំ​ការប្រកួត​កីឡា​ហុក​គី​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ប្រចាំឆ្នាំ​២០២០ ដែល​គ្រោង​នឹងធ្វើ​ឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ នា​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២១ ក៏បាន​ប្រកាស​ជូនដំណឹង​ស្តីពី​ការផ្អាក​ការប្រកួត​នេះ​ជា​បណ្តោះអាសន្ន​ដូចគ្នា​ផងដែរ​។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក កាំ​ង សុធា អគ្គលេខាធិការ សហព័ន្ធ​កីឡា​ហុក​គី​កម្ពុជា កាលពី​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២១​។​

​ជាមួយគ្នា​នោះ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ដែល​គ្រោង​នឹង​រៀបចំ​មហាសន្និបាត​រប​ស់​ខ្លួន កាលពី​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២១ ត្រូវបាន​លើក​ពេល​ជា​បណ្តោះអាសន្ន ខណៈ​កិច្ចប្រជុំ​គណៈអចិន្ត្រៃយ៍​ប្រចាំ​សប្តាហ៍ របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២​ឆ្នាំ​២០២៣ ហៅ​កាត់ គ​.​ជ​.​ប​.​អ (CAMSOC) ក៏ត្រូវ​បាន​ផ្អាក​សកម្មភាព​ប្រជុំ​ជា​បណ្តោះអាសន្ន​ដូចគ្នា​ផងដែរ ដើម្បី​ចូលរួម​ទប់ស្កាត់​ការចម្លង​ជំងឺ​កូ​វីដ​-១៩​ក្នុង​សហ​គន៍​២០​កុម្ភៈ​។​

​សូម​រំឭកថា កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២១ រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន បានចេញ​លិខិតផ្លូវការ​មួយ​ជម្រាបជូន​ឯកឧត្តម​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​-​ខេត្ត​ចំនួន​៣ ស្នើ​ឲ្យ​ផ្អាក​ដំណើរការ​អាជីវកម្ម​ក្លិប​ហាត់ប្រាណ និង​ផ្អាក​ការលេង​កីឡា ឬ​ការហាត់​ប្រាណ​គ្រប់​ប្រភេទ​ទាំងអស់ ដែលមាន​លក្ខណៈ​ប្រមូលផ្តុំ​ជា​បណ្តោះ​អាន្ន​។ ការផ្អាក​សកម្មភាព​កីឡា​នេះ គឺ​នៅ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល និង​ខេត្ត​ព្រះសីហនុ ដោយសារ​ស្ថានភាព​នៃ​ការចម្លង​ក្នុង​សហគមន៍ ក្នុង​ព្រឹត្តិការណ៍​២០​កុម្ភៈ មាន​លក្ខណៈ​ធំ​ជាង និង​សាំញ៉ាំ​ជាង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា និង​ដើម្បី​ជៀសវាង​ការរីក​រាល់ដាល ក្នុង​សហគមន៍​ទ្រង់ទ្រាយ​ធំ ព្រមទាំង​យោងតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​។ ការស្នើ​ឲ្យ​ផ្អាក​នៅ​ខេត្ត​រាជធានី​-​ខេត្ត​ទាំងនេះ ត្រូវបាន​បន្ត​រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី លើកលែងតែ​ការប្រកួត​កីឡា ដែលមាន​ការចាក់ផ្សាយ​តាម​ទូរទស្សន៍​៕

អត្ថបទដែលជាប់ទាក់ទង