ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើទោះបីស្ថិតក្នុងដំណាក់កាល ការរីករាលដាលជម្ងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រដ្ឋបាលរាជធានីភ្នំពេញដៃម្ខាងធ្វើការអភិវឌ្ឍ និងដៃម្ខាងទៀតទប់ស្កាត់ជំងឺកូវីដ-១៩

58

ភ្នំពេញ៖ គម្រោងជួសជុល មហាវិថីព្រះនរោត្ដមដែលខូចខាតដោយទឺកជំនន់របស់រដ្ឋបាលរាជធានីភ្នំពេញ ចាប់ពីរមនីយដ្ថរមណីយដ្ឋានវត្តភ្នំរហូតដល់វិមានឯករាជ្យបានឈានដល់ការអ៊ុតកៅស៊ូACកំរាស់៥សង់ទីម៉ែត្រហើយ ក្រោយពីបានជួសជុលគ្រលុកសំបុកមាន់និងធ្វើគ្រឹះរួច។

  ដើម្បីជំរុញឲ្យការស្ថាបនាការជួសជុលនិងអ៊ុតកៅស៊ូACនៅតាមបណ្ដោយមហាវិថីព្រះនរោត្ដមនេះទទួលបានជោគជ័យនិងស្របតាមស្តង់ដារបច្ចេកទេសនាព្រឹកថ្ងៃទី២៦ខែកុម្ភៈនេះ លោកសុខពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញតំណាងឲ្យលោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានដឹកនាំមន្ត្រីជំនាញចុះពិនិត្យការដ្ឋាននេះ នឹងបានជំរុញឲ្យក្រុមការងារអនុវត្តការងារឲ្យស្របតាមលក្ខណៈបច្ចេកទេស ដើម្បីអោយមហាវិធី នេះប្រើប្រាស់បានយូរអង្វែង។

   មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា កំណត់មហាវិថីព្រះនរោត្ដមចាប់ពីរង្វង់មូលរមណីយដ្ឋានវត្តភ្នំរហូតដល់វិមានឯករាជ្យ បានធ្វើការជួសជុលសំបុកមាន់ធ្វើគ្រឹះតាំងពីពាក់កណ្តាលខែមករាឆ្នាំ២០២១និងបានបញ្ចប់ការជួសជុលគ្រឹះ កាលពីថ្ងៃទី២០ខែកុម្ភៈឆ្នាំ ២០២១ ហើយក្រុមការងារបានចាប់ផ្ដើមធ្វើការអ៊ុតកៅស៊ូAC កាលពីថ្ងៃទី២២ខែកុម្ភៈឆ្នាំ២០២១ គ្រោងនឹងបញ្ចប់នៅថ្ងៃទី០៧ខែមិនាឆ្នាំ២០២១ គម្រោងនេះត្រូវអ៊ុតកៅស៊ូ តាមបណ្ដោយ ផ្លូវព្រះនរោត្ដមចាប់ពីរង្វង់មូលវត្តភ្នំដល់មានឯករាជ្យមានប្រវែង២១៥០ម៉ែត្រទទឹង ១៦ម៉ែត្រ ដោយអ៊ុតកៅស៊ូACកំរាស់៥សង់ទីម៉ែត្រ

   មន្ត្រីដដែលក៏បានបញ្ជាក់ផងដែរថា នៅក្នុងខណ្ឌដូនពេញនគម្រោងជួសជុលផ្លូវដែលខូចខាតដោយទឹកជំនន់កន្លងមកនេះ មានចំនួន១៦ខ្សែ ។ប៉ុន្តែមកដល់ពេលនេះ ក្រុមការងារបានស្ថាបនារួចរាល់ចំនួន ១០ខ្សែហើយ ហើយកំណាត់មហាវិថីព្រះនរោត្តមនេះគឺជាកំណត់ផ្លូវទី១១របស់គម្រោងរដ្ឋបាលរាជធានីភ្នំពេញ។

  លោកសុខ ពេញវុធអភិបាលខណ្ឌដូនពេញបានមានប្រសាសន៍លើកឡើងថា ក្រោមការណែនាំរបស់លោកឃួងស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌដូនពេញ បានចុះតាមដានពិនិត្យមើលការដ្ឋានជួសជុលផ្លូវនៅក្នុងមូលដ្ឋានខណ្ឌដូនពេញជាប្រចាំ ដើម្បីធ្វើឲ្យគម្រោងនៃការជួសជុលកំណាត់ផ្លូវនានាអនុវត្តការងារត្រូវតាមលក្ខណៈបច្ចេកទេស អាចប្រើប្រាស់បានយូរអង្វែង

   ក្នុងឱកាសនោះដែរ លោកសុខ ពេញវុធក៏បានធ្វើការណែនាំ ប្រធានការិយាល័យសាធារណការនិងដឹកជញ្ជូនខណ្ឌដូនពេញ ឲ្យតាមដានចុះពិនិត្យជាប្រចាំចំពោះការដ្ឋាននានាដែលបាននិងកំពុងធ្វើសកម្មភាពនៅក្នុងមូលដ្ឋានខណ្ឌដូនពេញ ហើយចំពោះការងារដែលយើងត្រូវចូលរួម គឺត្រូវធ្វើរឺហ្គែលូនិងអណ្តូងលូឡើងវិញបើពិនិត្យឃើញថាមានការខូចខាតនោះ។នេះជាការរួមចំណែកជាមួយអភិបាលរាជធានីភ្នំពេញក្នុងការអភិវឌ្ឍន៍មូលដ្ឋានឲ្យកាន់តែមានសោភ័ណភាពងាយស្រួលឲ្យប្រជាពលរដ្ឋបានធ្វើដំណើរ។

   លោកសុខ ពេញវុធក៏បានបញ្ជាក់ផងដែរថា រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោកឃួង ស្រេង បើទោះបីស្ថិតក្នុងដំណាក់កាលការរីករាលដាលជម្ងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈក្តី តែរដ្ឋបាលរាជធានីភ្នំពេញដៃម្ខាងនៅតែធ្វើការអភិវឌ្ឍ ដៃម្ខាងទៀតប្រឹងប្រែងទាំងយប់ទាំងថ្ងៃទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩៕

 

អត្ថបទដែលជាប់ទាក់ទង