ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងការងារជំរុញការលើកកម្ពស់សុខភាព និងសុវត្ថិភាពល្អនៅកន្លែងការងារឲ្យកាន់តែមានប្រសិទ្ធភាព និងល្អប្រសើរថែមទៀត

93


ថ្លែងក្រោយពិធីបើកវគ្គបណ្តុះបណ្តាលដៃគូថ្នាក់ជាតិ របស់គម្រោងការងារកាន់តែប្រសើរឡើង កាលពីព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ នៅសណ្ឋាគារសាន់វ៉េ លោក ឡេង តុង ប្រធាននាយកដ្ឋានពេទ្យការងារ បានមានប្រសាសន៍ថា ការជំរុញនេះបានធ្វើឡើងតាមរយៈ​ ការបើកវគ្គបណ្តុះបណ្តាលដៃគូថ្នាក់ជាតិ របស់គម្រោងការងារកាន់តែប្រសើរឡើង របស់អង្គការ អន្តរជាតិខាងការងារ(ILO) ដែលមានរយៈពេល១ឆ្នាំកន្លះ ដើម្បីឲ្យសិក្ខាកាមជួយផ្សព្វផ្សាយអប់រំបន្តអំពីសិទ្ធិសេរីភាព លក្ខខណ្ឌការងារ និងសុវត្ថិភាពការងារដល់កម្មករនិយោជិត និងថៅកែរោងចក្រ ដើម្បីបញ្ជៀសនូវវិវាទ និងហិង្សាផ្សេងៗនៅកន្លែងធ្វើការ។

លោក ឡេង តុង បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះ គឺសិក្សាទៅលើខ្សែសង្វាក់ផ្គត់ផ្គង់ជាសាកល ការធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងឧស្សាហកម្ម ការគ្រប់គ្រងហានិភ័យការងារ និងវិធានការការពារ ការកំណត់នូវវិធីសាស្ត្រ និងយុទ្ធសាស្ត្រអធិការកិច្ចថ្មីៗ ការពង្រឹងទំនាក់ទំនង និងជំនាញទន់ ដើម្បីឲ្យមានទំនាក់ទំនងវិជ្ជាជីវៈនៅក្នុងរោងចក្រ។ លោកបានបន្តថា វគ្គសិក្សានេះ នឹងជួយពង្រឹងសមត្ថភាពដល់មន្ត្រីអធិការកិច្ច និងអ្នកពាក់ព័ន្ធនានា រួមមាន តំណាងសហជីព និងតំណាងមកពីរោងចក្រចំនួន៤១នាក់ ដើម្បីធ្វើឲ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ សំដៅកាត់បន្ថយគ្រោះថ្នាក់ការងារនៅកន្លែងការងារ។ លោកបានបន្ថែមទៀតថាវគ្គនេះ រៀបចំឡើង ពង្រឹងយន្តការ កិច្ចសហប្រតិបត្តិការ សម្រាប់វិស័យសាធារណៈ និងឯកជនក្នុងការគាំទ្រចំពោះការអភិវឌ្ឍជំនាញ ដោះស្រាយវិវាទការងារ ជាពិសេសការជំរុញការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាពខ្ពស់។

លោក អ៊ីវ៉ូ ស្ពៅវិន (Ivo Spauwen) គ្រូបង្គោលនិង ជាអ្នកជំនាញផ្នែកគោលនយោបាយ នៃកម្មវិធីកាន់តែប្រសើរ របស់អង្គការពលកម្មអន្តរជាតិខាងការងារ បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះ គឺជាស្ពានចម្លងមួយដ៏សំខាន់ ក្នុងការធ្វើឲ្យទំនាក់ទំនងវិជ្ជាជីវៈ រវាងកម្មករនិយោជិត និងថៅកែកាន់តែល្អប្រសើរឡើងនៅកន្លែងធ្វើការ។
លោក អ៊ីវ៉ូ ស្ពៅវិន បានសន្យាថាអង្គការ ILO នៅតែបន្តធ្វើការជាមួយក្រសួងការងារ និងស្ថាប័នពាក់ព័ន្ធនានាដើម្បីចែករំលែកនូវបទពិសោធន៍ល្អៗ សំដៅជួយកែលំអការអនុវត្តសិទ្ធិ និងលក្ខខណ្ឌការងារ នៅប្រទេសកម្ពុជាកាន់តែល្អប្រសើរឡើងថែមទៀត។

ជាមួយគ្នានេះដែរ លោកវេជ្ជបណ្ឌិត ហ៊ុយ ហានសុង រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាវិជ្ជាជីវៈ បានណែនាំដល់សិក្ខាកាមទាំងអស់ ដែលបានចូលរួមនៅក្នុងវគ្គបណ្តុះបណ្តាលនាព្រឹកនេះ ត្រូវខំត្រងត្រាប់ស្តាប់គ្រូឧទ្ទេស ដោយយកចិត្តទុកដាក់ដើម្បីទទួលបាននូវចំណេះដឹង និងបទពិសោធន៍ យកទៅផ្សព្វផ្សាយបន្ត ក្នុងការកាត់បន្ថយគ្រោះថ្នាក់ការងារ នៅកន្លែងធ្វើការកាន់តែប្រសើរថែមទៀត។

គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលដៃគូថ្នាក់ជាតិ របស់គម្រោងការងារកាន់តែប្រសើរឡើងនេះ ប្រទេសកម្ពុជាទទួលអនុវត្តមុនគេ បន្ទាប់មកគឺប្រទេសវៀតណាម និងឥណ្ឌូនេស៊ី។ គម្រោងនេះគឺសិក្សារយៈពេល១ឆ្នាំកន្លះ ដែលមានការសិក្សាជាមួយគ្រូផង រៀនតាមអនឡាញផង និងចុះសិក្សានៅតាមរោងចក្រសហគ្រាសផង ដើម្បីស្វែងយល់ពីលក្ខខណ្ឌការងារដោយផ្ទាល់៕

អត្ថបទដែលជាប់ទាក់ទង