ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​រថយន្តស្ទូច​ដឹក​សសរ​គ្រឹះ ថយ​បុកម៉ូតូបុរស​ម្នាក់​ជិះ​ម៉ូតូ​ ​បណ្តាល​ឲ្យ​ស្លាប់​

49

 

​កណ្តាល ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ត្រូវ​រថយន្តស្ទូច​ដឹក​សសរ​គ្រឹះ ថយ​ទៅបុក​បណ្តាល​ឲ្យ​ដួល​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​ភ្លាមៗ​។ ចំណែកឯ​តៃកុង​រថយន្ត​បង្ក​រត់គេចខ្លួន​បាត់ស្រមោល​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ ដែរ​កើតឡើង​នៅវេលា​ម៉ោង ៥ និង ៥០​នាទី​ល្ងាច​ថ្ងៃ​សៅរ៍​ទី ២៧ ខែកុម្ភៈ​ឆ្នាំ ២០២១ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ ក្នុងភូមិ​ទួល​ក្រសាំង សង្កាត់រ​ការ​ខ្ពស់ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

​សព​ជនរងគ្រោះ មានឈ្មោះ ញៀ​ម​តាំង ឃីម ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មុខរបរ​លក់ដូរ​មាន​ប្រពន្ធ​និង​កូន​។ មាន​ស្រុកកំណើត​នៅ​ភូមិ​ស្វាយ​ជួ ឃុំ​កោះ​ខែល ស្រុក​ស្អាង ខេត្តកណ្តាល​។​

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​គុប​ជ្រុង ពណ៌​ទឹកប៊ិច​ពាក់​ផ្លាកលេខ​កណ្តាល​1X 5728 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​២១B ក្នុងទិសដៅ​ពី​កើតមក​លិច​ក្នុង​ល្បឿន​មធ្យម ខណៈ​មកដល់​ចំណុចកើតហេតុ​នៅមុខ​និង​ការដ្ឋាន​ចាក់​សសរ​គ្រឹះ ស្រាប់​មាន​រថយន្តស្ទូច​មួយគ្រឿង​ក្បាល​ពណ៌​ស​ពាក់​ផ្លាកលេខ​ភ្នំពេញ​3-E 3294 បើកបរ​ដោយ​បុរស​ម្នាក់ ដឹក​សសរ​៤​ដើម នៅលើ​រថយន្ត​បាន​បើក​ថយក្រោយ​ចេញពី​ការដ្ឋាន​មក​បុក​ចំ​ផ្ទៃមុខ របស់​ជនរងគ្រោះ​ពេញទំហឹង បណ្តាល​ឲ្យ​ដួល​បោក​ក្បាល​នឹង​ថ្នាល់​ស្លាប់​ភ្លាមៗ​។​

​ត្រូវ​ពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន សហការ​ជាមួយនឹង​ខាង​ចរាចរណ៍​ជំនាញ​សង្កាត់​រការ​ខ្ពស់ ​ចរាចរណ៍​ជំនាញ​ខេត្តកណ្ដាល ចុះមក​វាស់វែង​យក​រថយន្ត​និង​ម៉ូតូ ទៅ​រក្សាទុក​នៅ​ស្នងការ​ខេត្តកណ្តាល និង​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ឲ្យ​ទៅ​ក្រុមគ្រួសារ យកទៅ​ស្រុកកំណើត​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទដែលជាប់ទាក់ទង