ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទីស្តីការគណៈរដ្ឋមន្ត្រី បង្ហាញលទ្ធផលកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន

66

​ភ្នំពេញ ៖ លទ្ធផល​នៃ​សម័យប្រជុំ​គណៈអចិន្ត្រៃយ៍​គណៈរដ្ឋមន្ត្រី ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

​បើតាម​ប្រកាស​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២១ វេលា ម៉ោង​៨​និង​៣០​នាទី​ព្រឹក នៅ​វិមាន​សន្តិភាព​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី មាន​បើក​កិច្ចប្រជុំ​គណៈអចិន្ត្រៃយ៍​គណៈរដ្ឋមន្ត្រី ក្រោម​អធិបតីភាព​ដ៏​ខ្ពង់​ខ្ពស់បំផុត សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ កម្ពុជា ដើម្បី​ពិនិត្យ​និង​ពិភាក្សា​លើ​៖

១- សេចក្តីព្រាងច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺ ឆ្លង​កាច​សាហាវ​និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត​។ ២- បញ្ហា​ផ្សេងៗ​។​

​ក្រោយពី​បាន​ស្តាប់​របាយការណ៍ និង​មតិ​ពិភាក្សា​ផ្លាស់ប្តូរ​យោបល់​រួចមក អង្គប្រជុំ​គណៈអចិន្ត្រៃយ៍​គណៈរដ្ឋមន្ត្រី​បានសម្រេច​៖

១- សេចក្តីព្រាងច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង កាច​សាហាវ​និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត​៖

​សេចក្តីព្រាងច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ​និង​ប្រកប ដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត ត្រូវបាន​រៀបចំឡើង​ក្នុង​បរិការណ៍​ដែល​ពិភពលោក​កំពុង​ប្រឈមមុខ​នឹង​ការឆ្លង រាលដាល​នៃ​ជំងឺ​កូ​វីដ -១៩ កាន់តែ​សាហាវ ស្មុគស្មាញ និង​ក្នុង​ទ្រង់ទ្រាយ​កាន់តែ​ធំ ដែល​បាន​បង្កឱ្យមាន​ផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ​ដល់​សុខភាព​សាធារណៈ វិស័យសេដ្ឋកិច្ច​និង​សង្គម ព្រមទាំង​ជីវភាព​រស់នៅ​ជា​ប្រក្រតី​របស់​មនុស្សជាតិ​។​

​កន្លងមក ព្រះរាជាណាចក្រ​កម្ពុជា​ធ្លាប់បាន​ឆ្លងកាត់​ការផ្ទុះ​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ប៉ុន្តែ​រាជរដ្ឋាភិបាល កម្ពុជា​បានដាក់​ចេញ​នូវ​វិធានការ​ជា​បន្តបន្ទាប់​ដែល​បាន​ទប់ស្កាត់​និង​បញ្ចប់​ប្រកបដោយ​ជោគជ័យ​នូវ​ព្រឹត្តិការណ៍​នៃ ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ចំនួន​ពីរលើក​គឺ លើក​ទី​១​ហៅថា «​ព្រឹត្តិការណ៍ ៣ វិច្ឆិកា ២០២០» និង​លើក​ទី​២​ជា ព្រឹត្តិការណ៍​នៃ​ការឆ្លង​រាលដាល​ចូលក្នុង​សហគមន៍​ជា​លើកដំបូង​ហៅថា «​ព្រឹត្តិការណ៍​សហគមន៍ វិច្ឆិកា ២០២០»​។ បច្ចុប្បន្ន ព្រះរាជាណាចក្រ​កម្ពុជា​កំពុង​ប្រឈមមុខ​នឹង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ជា​លើក​ទី​៣ ដែល​ហៅថា «​ព្រឹត្តិការណ៍​សហគមន៍​២០ កុម្ភៈ ២០២១ ដែលមាន​សភាព​ធ្ងន់ធ្ងរ និង​មាន​ទ្រង់ទ្រាយ​ធំ​ជាង​ព្រឹត្តិការណ៍​ពីរលើក​មុនៗ​។

.

​សេចក្តីព្រាងច្បាប់​នេះ កំណត់​អំពី​វិធានការ​សុខាភិបាល វិធានការ​រដ្ឋបាល និង​វិធានការ​ផ្សេងទៀត​ដែល​ត្រូវ អនុវត្ត​ដើម្បី​ប្រយុទ្ធ​និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ​និង​ប្រកបដោយ​គ្រោះថ្នាក់ ធ្ងន់ធ្ងរ​ផ្សេងទៀត ក្នុងពេល​បច្ចុប្បន្ន​និង​ពេលអនាគត សំដៅ​ការពារ​អាយុជីវិត​រប​ស់​ប្រជាពលរដ្ឋ សុខភាព​សាធារណៈ និង​សណ្តាប់ធ្នាប់​សាធារណៈ ព្រមទាំង​កាត់បន្ថយ​ឱ្យ​បានជា​អតិបរមា​នូវ​ផលប៉ះពាល់​នៃ​ការឆ្លង​ជំងឺ​នេះ ចំពោះ​វិស័យ សង្គម​និង​សេដ្ឋកិច្ច​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សេចក្តីព្រាងច្បាប់​នេះ បង្កើតឱ្យមាន​មូលដ្ឋាន​គតិយុត្ត​មួយ​រឹងមាំ​និង​គ្រប់​ជ្រុងជ្រោយ​បន្ថែមទៀត ដល់​ការ គ្រប់គ្រង​ស្ថានការណ៍​នៃ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ​និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ផ្សេងទៀត​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សេចក្តីព្រាងច្បាប់​នេះ​មាន ៦​ជំពូក និង​១៨​មាត្រា ដែលមាន​ចែង​អំពី​ទោស​ប្បញ្ញត្តិ ហើយ​ត្រូវបញ្ជូន​ទៅសុំ​ការ អនុម័ត​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ​។​

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​លើកឡើងថា​៖ ១. រាជរដ្ឋាភិបាល បានសម្រេច​ប្រគល់​ភារកិច្ច​ជូន​ក្រសួងសុខាភិបាល​រៀបចំ​កម្មវិធី​ដើម្បី​ចាក់​វ៉ាក់សាំង​ការពារ ជំងឺ​កូ​វីដ​-១៩ ជូន​ដល់ក​ម្មករ​ប្រមូល​សំរាម អ្នករត់​តាក់ស៊ី អ្នកបើក​ម៉ូតូ​កង់​បី អ្នករត់ម៉ូតូឌុប​នៅពេល​ខាងមុខនេះ​។​

រាជរដ្ឋាភិបាល បានសម្រេច​ប្រគល់​ភារកិច្ច​ជូន​ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​ជា រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទៅ​ទទួលយក​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ដែលជា​តំណាង អំណោយ​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) ដែល​នឹង​មកដល់​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុងពេល ឆាប់ៗ​ខាងមុខនេះ​។​

​អង្គប្រជុំ​គណៈអចិន្ត្រៃយ៍​គណៈរដ្ឋមន្ត្រី បាន​បិទ​សម័យប្រជុំ​នៅវេលា​ម៉ោង​១១ និង​១៥ នាទី​៕

អត្ថបទដែលជាប់ទាក់ទង