ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចនាយក​រដ្ឋមន្ត្រី​កម្ពុជា នឹង​ចាក់​វ៉ាក់សាំង​ឈ្មោះ​អា​ស្ត្រា​ហ្សេ​នី​កា នៅ​ព្រឹក​ថ្ងៃទី ៤ មីនា​

35

 

​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បានប្រកាសថា ប្រសិនបើ​ពុំមាន​ការប្រែប្រួល​ទេ សម្តេច​នឹង​ទទួល​ចាក់​វ៉ាក់សាំង​នៅ​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃទី ៤ មីនា ២០២១ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​។

​សម្តេច​តេ​ជោ បាន​ថ្លែង​សា​រលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នៅ​យប់​ថ្ងៃទី​២៨ ខែកុម្ភៈ​នេះ​ថា “​បងប្អូន​ជនរួមជាតិ​ជាទី​គោ​ព​ស្រឡាញ់​!
​ដូចដែល​ក្រសួងសុខាភិបាល​បានប្រកាស​ជូនដំណឹង​រួចមកហើយ​ថា កម្ពុជា​នឹង​ទទួលបាន​វ៉ាក់សាំង​ឈ្មោះ អា​ស្ត្រា​ហ្សេ​នី​កា (AstraZeneca) ដែល​ផលិត​នៅ​ឥណ្ឌា​ចំនួន ៣២៤,០០០​ដូ​ស ក្នុងចំណោម ១,១០៤,០០០​ដូ​ស ដែល​កម្ពុជា​ត្រូវ​បានទទួល​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២១ ដែលជា​ជំនួយ​បឋម​ផ្តល់​ដោយ​មជ្ឈមណ្ឌល​កូ​វ៉ា​ក់ (COVAX Facility)”​។​

​ប្រសិនបើ​ពុំមាន​ការប្រែប្រួល​ទេ វ៉ាក់សាំង​នេះ​នឹង​មកដល់​កម្ពុជា​នៅ​ម៉ោង​១៩​និង​៥០​ល្ងាច ថ្ងៃទី​២ មីនា​២០២១​។ ឯកឧត្តម ម៉ម ប៊ុនហេង នឹង​តំណាង​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលយក​វ៉ាក់សាំង​នេះ ពី​តំណាង​អង្គការ​សុខភាព​ពិភពលោក និង​តំណាង​អង្គការ​យូ​នី​សេ​ហ្វ​ប្រចាំ​កម្ពុជា នៅ​យប់​ថ្ងៃទី​២ មីនា​២០២១ នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​។​

​សម្តេច​បាន​បញ្ជាក់ថា “​នេះ​ជា​ផ្លែផ្កា​នៃ​កិច្ចសហការ​អន្តរជាតិ ដែល​កម្ពុជា​បានធ្វើ​ជាមួយ​ដៃគូ​ពហុភាគី ជាមួយ​អង្គការសហប្រជាជាតិ ជាពិសេស​ជាមួយ​អង្គការ​សុខភាព​ពិភពលោក និង​អង្គការ​យូ​នី​សេ​ហ្វ​។ តាម​គម្រោង​កូ​វ៉ា​ក់​នឹង​ផ្តល់​ឲ្យ​យើង​ចំនួន ២០​ភាគរយ នៃ​ចំនួន​ប្រជាជន​១៦​លាន​នាក់ ដែល​ស្មើនឹង​៣​លាន​២​សែន​នាក់ ឬ​ស្មើនឹង​វ៉ាក់សាំង​ចំនួន ៦​លាន​៤​សែន​ដូ​ស​។​
​កម្ពុជា​សូម​អរគុណ​ចំពោះ​ប្រទេស​នានា ក្រុមហ៊ុន និង សប្បុរសជន​នៅលើ​សកលលោក​ដែល​បានផ្តល់​ជំនួយ​ដល់​យើង​តាមរយៈ​កូ​វ៉ា​ក់​”​។​

​សម្តេចនាយក​រដ្ឋមន្ត្រី មានប្រសាសន៍ថា “​ខ្ញុំ​សូម​ជម្រាប​បន្ថែមថា ប្រសិនបើ​ពុំមាន​ការប្រែប្រួល​ទេ ខ្ញុំ​នឹង​ទទួល​ចាក់​វ៉ាក់សាំង នៅ​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃទី ៤ មីនា ២០២១ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដោយមាន​ការធ្វើ​សន្និសីទ​សារព័ត៌មាន​ផងដែរ​”៕

អត្ថបទដែលជាប់ទាក់ទង