ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មក​មើល​ផែនការ​ជំរិត​និង​ប្លន់​សម្លាប់ ដែល​ក្រុម​ឧក្រិដ្ឋជន​ដាក់ចេញ​!

146

 

​ភ្នំពេញ​៖ នៅវេលា​ម៉ោង​១១​និង​០០​នាទី ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០២១ ករណី​ឧក្រិដ្ឋជន​០៤​នាក់ ចូល​ជំរិត​និង​ប្លន់​សម្លាប់​មិនបាន​សម្រេច ក្នុង​បុរី​អង្គរ​ភ្នំពេញ ហើយ​ប៉ះគ្នា​ជាមួយ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង ក្រោម​ការបញ្ជា​ផ្ទា​ល់ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បណ្តាល​ឲ្យ​ក្រុម​ឧក្រិដ្ឋជន​ទាំង​០៤​នាក់ ស្លាប់​នៅនឹងកន្លែង​គឺ​បាន​រៀប​ផែនការ គួរ​ឲ្យ​ភ្ញាក់ផ្អើល​បំផុត​។​

​អ្នកផ្តើមគំនិត​ឈ្មោះ អ៉ឹ​ម សុវណ្ណារិទ្ធ ធ្លាប់​ធ្វើជា​អ្នក​បើកឡាន​ឲ្យ​ម្ចាស់ផ្ទះ ហើយក៏​បាន​ឈប់​មួយរយៈ បន្ទាប់មក​ក៏​សុំ​ម្ចាស់ផ្ទះ​ចូលធ្វើការ​វិញ តែ​ម្ចាស់ផ្ទះ​មិន​ព្រម​ឆ្លើយតប រូបគេ​ក៏បាន​រៀបចំ​ផែនការ ចូលចាប់​ជំរិត​និង​ប្លន់​សម្លាប់ ក្នុង​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២១ តែ​ដោយ​ពួកវា​ប្រមូលគ្នា​មិនទាន់​ជុំ និង​រក​អាវុធ​មិនទាន់​គ្រប់ ក៏បាន​លើក​គម្រោង​ទៅ​ថ្ងៃទី​២៦ ខែកុម្ភៈ តែ​ដោយនៅ​ថ្ងៃទី​២៦​នេះ​ជុំគ្នា​រសៀល​ពេក មិនអាច​អនុវត្ត​ផែនការ​ទាន់ ពួកវា​ក៏​លើក​គម្រោង​ទៅ​ថ្ងៃទី ២៧​វិញ តែ​ដោយ​ថ្ងៃទី​២៧​នេះ​ជា​ថ្ងៃ​សៅរ៍ ខ្លាច​ចូល​ធនាគារ​ដក​លុយ​មិនទាន់ ទើប​ពួកវា​លើក​មក​ថ្ងៃ​ច័ន្ទ​ទី​១ ខែមីនា នេះ​តែម្តង​។​

​តាម​ផែនការ​ដែល​វា​ដាក់ចេញ ដំបូង​គឺ​ប្រមូល​គ្នីគ្នា​ចូលទៅ​ក្នុងផ្ទះ ភ្ជង់​ម្ចាស់ផ្ទះ​ឲ្យ​ស​សេរ​សែក នូវ​សាច់ប្រាក់​១​លាន​ដុល្លារ បន្ទាប់មក​នឹង​ចាប់​កូនស្រី​តូច របស់​ម្ចាស់ផ្ទះ​ម្នាក់​ឡើង​ឡាន ទៅ​ធនាគារ ដោយ​ឲ្យ​គ្នា​វា​ចុះ​ដក​លុយ និង​គំរាម​ឲ្យ​ម្ចាស់ផ្ទះ​ចាំ​ឆ្លើយ​ទូរស័ព្ទ​ជាមួយ​បុគ្គលិក​ធនាគារ ឲ្យ​ពួកវា​ដក​លុយ​ចុះ​។ ផែនការ​បន្ទាប់ ក្រោយពី​ដក​លុយ​បាន ពួកវា​នឹង​សម្លាប់​ម្ចាស់ផ្ទះ​ទាំង​២​នាក់​ប្តី​ប្រពន្ធ ព្រមទាំង​កូនៗ​០៦​នាក់ និង​អ្នកបម្រើ​០២​នាក់ សរុប​១០​នាក់ ប្លន់​យកលុយ​និង​គ្រឿងអលង្ការ ដែលមាន​ក្នុង​ទូរ​ដែក​ទាំងអស់ បន្ទាប់មក​វេច​ខ្ចប់​សាកសព​ដាក់ចូល​ឡាន​ម្ចាស់ផ្ទះ​០២​គ្រឿង ហើយ​បើក​យក​សព​ទៅ​បោះចោល​នៅ​ពេជ្រនិល​។ រីឯ​អ្នក​ចូល​ធនាគារ​ដក​លុយ ត្រូវ​គេចខ្លួន​ទៅ​ប្រទេស​ថៃ ឯ​អ្នក​ដ៏​ទៃ​គឺ​មិនបាច់​រត់​ទៅណា​ទេ​។ គម្រោង​របស់​មេក្លោង ក្រោយពេល​ប្លន់​បានសម្រេច នឹង​ទិញ​ឡាន Luxis Kuro 570 មួយគ្រឿង រួច​ដណ្តឹងប្រពន្ធ​រៀបការ​។​
​តែ​ផែនការ​នេះ​ត្រូវបាន​ធ្លាយ​ចេញ​មកដល់​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ ហើយ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏បាន​រៀប​ផែនការ​រងចាំ ពួកវា​ចូល​អន្ទាក់​វិញ​អស់​រយៈពេល​៤​ថ្ងៃ​មកហើយ​។​

​រហូតដល់​វេលា​ម៉ោង​១១៖០០​នាទី ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០២១ ឧក្រិដ្ឋជន​ទាំង​០៤​នាក់ បាន​ចូលមក​ប្លន់​តាម​ផែនការ​មែន ក៏​ប៉ះគ្នា​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បណ្តាល​ឲ្យ​ក្រុម​ឧក្រិដ្ឋជន​ទាំង​០៤​នាក់ ស្លាប់​នៅនឹងកន្លែង​។​
​ក្រោយពេល​ប្រតិបត្តិការ​បានបញ្ចប់ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ចុះទៅពិនិត្យ​ដល់​កន្លែងកើតហេតុ និង​បាន​ឧបត្ថម្ភ​ថវិកា ២០​លាន​រៀល លើកទឹកចិត្ត ដល់​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​បាន​បំពេញ​បេសកម្ម​ដោយ​ជោគជ័យ ជួយសង្គ្រោះ​ម្ចាស់ផ្ទះ​មាន​សុវត្ថិភាព​គ្រប់គ្នា​៕


<iframe src=”https://www.facebook.com/plugins/video.php?height=314&href=https%3A%2F%2Fwww.facebook.com%2Fgrkpp%2Fvideos%2F287574626122049%2F&show_text=false&width=560″ width=”560″ height=”314″ style=”border:none;overflow:hidden” scrolling=”no” frameborder=”0″ allowfullscreen=”true” allow=”autoplay; clipboard-write; encrypted-media; picture-in-picture; web-share” allowFullScreen=”true”></iframe>​

អត្ថបទដែលជាប់ទាក់ទង