ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គមេបញ្ជាការ​កងទ័ព​កម្ពុជា និង​ព្រុយ​ណេ ជួបប្រជុំ​ទ្វេភាគី​តាម​ប្រព័ន្ធ​វីដេអូ ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ក​ង​ទ័ព​ប្រទេស​ទាំងពីរ​

38

 

​ភ្នំពេញ ៖ នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ នៅ​ព្រឹក​ថ្ងៃទី​០៣ មីនា ឆ្នាំ​២០២១ បាន​ជួបប្រជុំ​ទ្វេភាគី​ជាមួយ ឧត្ដមសេនីយ៍ទោ ដា​តុ​សេរី ផា​ឡា​វ៉ាន់ ហា​ជី ហាំ​ហ្សា ប៊ី​ន ហា​ជី សា​ហាដ អគ្គមេបញ្ជាការ​កងទ័ព​ភូមិន្ទ​ព្រុយ​ណេ តាមរយៈ​ប្រព័ន្ធ​វីដេអូ​។

​នៅក្នុង​ជំនួប​នោះ ភាគី​ទាំងពីរ បាន​សម្តែង​នូវ​សេចក្ដីសោមនស្ស​រីករាយ ដោយ​ចាត់ទុកថា នេះ​គឺជា​ជំនួប​លើក​ទី​១ ហើយ រវាង​អគ្គបញ្ជាការ​កងទ័ព​ក​ម្ពុ​ជា និង​ព្រុយ​ណេ ដោយ​កិច្ច​ពិភាក្សាគ្នា​នេះ បាន​ផ្លាស់ប្ដូរ​ទស្សនៈ​ដ៏​មាន​សារសំខាន់ ក៏ដូចជា​ការបង្កើន​ភា​ព​ជិតស្និទ្ធ ក្នុង​គោលបំណង​ជម្រុញ​កិច្ចសហប្រតិបត្តិការ​រ​វាង​កងទ័ព​ប្រទេស​ទាំងពីរ​ឲ្យ​មានការ​រីកចម្រើន​បន្ថែ​ម និង​រួមចំណែក​ក្នុងការ​ថែរក្សា​ស្ថិរភាព សន្តិភាព និង​ការរីកចម្រើន​ក្នុង​តំបន់​អាស៊ាន​។​

​ទាក់ទិន​ដល់​កិច្ចសហប្រតិបត្តិការ​ទេ្វ​ភាគី ឧត្ដមសេនីយ៍ទោ អគ្គមេបញ្ជាការ​កងទ័ព​ភូមិន្ទ​ព្រុយ​ណេ បាន​គូសបញ្ជាក់ថា កន្លងមកនេះ ប្រទេស​ព្រុយ​ណេ​បាន​ផ្តល់នូវ​វគ្គ​សិក្សា​ភាសា​អង់គ្លេស​ជា​បន្តបន្ទាប់​ដល់​កងទ័ព​កម្ពុជា ប៉ុន្តែ​ដោយសារ​ការកើតឡើង​នូវ​ជំងឺឆ្លង​កូ​វីដ​១៩ វគ្គ​សិក្សា​ក៏ត្រូវ​អាក់ខាន​។ ឧត្ដមសេនីយ៍ទោ អះអាងថា ប៉ុន្តែ​ទោះជា​យ៉ាង​ដូច្នេះ​ក្តី ក្រោយ​បញ្ចប់​ជំងឺ​កូ​វីដ​១៩ រាជរដ្ឋាភិបាល​ព្រុយ​ណេ​នឹង​បានអនុញ្ញាត​ឲ្យ​មន្ត្រី​កងទ័ព​កម្ពុជា​មក​ធ្វើការ​សិក្សា​បន្តទៀត​។

​ឧត្ដមសេនីយ៍ទោ អគ្គមេបញ្ជាការ​កងទ័ព​ភូមិន្ទ​ព្រុយ​ណេ បាន​ថ្លែងអំណរគុណ​ភាគី​កម្ពុជា ដែល​បាន​ចូលរួម​រាល់​គំនិត​ផ្តួចផ្តើម​ទាំងអស់​របស់​ព្រុយ​ណេ ហើយ​ព្រុយ​ណេ​សូម​គាំទ្រ​ពេញទំហឹង ចំពោះ​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​ចិន (២០២១-២០២២) លើ​បញ្ហា​ដោះមីន​។
​អគ្គមេបញ្ជាការ​កងទ័ព​ភូមិន្ទ​ព្រុយ​ណេ ក៏​សូម​កោតសរសើរ​ផងដែរ​ចំពោះ​កម្ពុជា នៅក្នុង​ការគ្រប់គ្រង​ការរីកដុះដាល​ជំងឺ​កូ​វីដ​១៩​បានល្អ ដែល​រហូតមក​ដល់ពេលនេះ​កម្ពុជា​មិនទាន់មាន​អ្នកស្លាប់​ដោយសារ​ជំងឺ​នេះឡើយ​។

​ក្នុង​កិច្ច​ឆ្លើយតប នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន បាន​ថ្លែងអំណរគុណ​កងទ័ព​ភូមិន្ទ​ព្រុយ​ណេ ដែល​កន្លងមក​បានផ្តល់​អាហារូបករណ៍​ដល់​នាយទាហាន​កម្ពុជា ទៅធ្វើ​ការបណ្តុះបណ្ដាល​នៅ​ប្រទេស​ព្រុយ​ណេ ដោយ​នាយ​ឧត្ដមសេនីយ៍ បាន​មានជំនឿថា នៅពេល​កូ​វីដ​១៩​បានបញ្ចប់ កងទ័ព​ប្រទេស​ទាំងពីរ​បន្ត​ពង្រឹង ពង្រីក​កិច្ចសហប្រតិបត្តិការ​ឲ្យ​កាន់តែ​ទូលំទូលាយ​ថែមទៀត ជាពិសេស​ការផ្លាស់ប្ដូរ​ប្រតិភូ​ធ្វើ​ទស្សនកិច្ច ការចែករំលែក​ព័ត៌មាន​ចារកម្ម ការ​រួមគ្នា​ទប់ស្កាត់​ឧក្រិដ្ឋកម្ម​ឆ្លងដែន ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ជាដើម​។

​សូមបញ្ជាក់ថា ឆ្នាំ​២០២១​នេះ គឺជា​ឆ្នាំ​គម្រប់​ខួប​ទី​២៩ នៃ​ទំនាក់​ទ​នង​ការទូត​កម្ពុជា ព្រុយ​ណេ​។ ប្រទេស​ទាំងពីរ ក្នុងកំឡុងពេល​ជាច្រើន​ឆ្នាំ​មកនេះ តែងមាន​ទំនាក់ទំនង​យ៉ាង​ល្អប្រសើរ ទាំង​ការគាំទ្រ​គ្នា​នៅលើ​ឆាក​អន្តរជាតិ ទាំង​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន ក្របខ័ណ្ឌ​តំបន់ និង​ក្របខ័ណ្ឌ​អង្គការសហប្រជាជាតិ​។ ក្រៅពី​ទំនាក់ទំនង​លើ​វិស័យ​នយោបាយ​ការទូត ប្រទេស​ទាំងពីរ​ក៏មាន​កិច្ចសហប្រតិបត្តិការ​ល្អ​លើ​វិស័យ សេដ្ឋកិច្ច ទេសចរណ៍ និង​ពាណិជ្ជកម្ម ជាពិសេស ជា​ដៃគូ​របស់​ព្រុយ​ណេ​ក្នុង​ការនាំ​អង្ករ​ពី​កម្ពុជា​ទៅ​ទីផ្សារ​ព្រុយ​ណេ​៕

អត្ថបទដែលជាប់ទាក់ទង