ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ត្រី​ជំនាញ​អន្តរក្រសួង បានធ្វើ​ការចុះ​ឆែកឆេរ និង​បិទ​ទីតាំង​កែ​ភេទ​ទ្រង់ទ្រាយ​ធំ ជ្រក​ក្រោម​ការកែ​សម្ផស្ស​ចំនួន​ពីរ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​

41

 

​ភ្នំពេញ ៖ មន្ត្រី​ជំនាញ​អន្តរក្រសួង បានធ្វើ​ការចុះ​ឆែកឆេរ និង​បិទ​ទីតាំង​កែ​ភេទ​ទ្រង់ទ្រាយ​ធំ ជ្រក​ក្រោម​ការកែ​សម្ផស្ស​ចំនួន​ពីរ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ ខណៈ​ទីតាំង​ទាំងនេះ​ជា​ម្ចាស់​តែមួយ ហើយ​ពុំមាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ និង​ប្រើប្រាស់​ឱសថ​ក្លែងក្លាយ និង​គ្មាន​ច្បាប់​។​

ប្រតិបត្តិ​ការចុះ​បិទ​កន្លែង​កែ​ភេទ គឺ​បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​៣ ខែមីនា ឆ្នាំ​២០២១ ដឹកនាំ​ដោយ​ឧ​ត្ត​ម​សេនីយ៍​ឯក តាន់ សុខវិជ្ជា ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ​ក្រសួងមហាផ្ទៃ ដោយ​ទីតាំង​ទាំងពីរ​នោះ​មានឈ្មោះ GANGNAM BEAUTY & CLINICS នេះ ស្ថិតនៅ​សង្កាត់​ទំនប់ទឹក ក្បែរ​ស្ថានទូត​ចិន ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ និង​មួយកន្លែង​ទៀត មានឈ្មោះ​មជ្ឈមណ្ឌល​ថែរក្សា​ស​ម្ភ​ស្ស ដុក​ទ័​រ កាង ស្ថិតនៅ​សង្កាត់​បឹងកក់​២ ខណ្ឌ​ទូល​គោក រាជធានី​ភ្នំពេញ​។​

​អំឡុងពេល​កំពុង​ដឹកនាំ​ប្រតិបត្តិ​ការឆែកឆេរ និង​បិទ​ទីតាំង​កែ​សម្ផស្ស​ខាងលើនេះ ឧ​ត្ត​ម​សេនីយ៍​ឯក តាន់ សុខវិជ្ជា បាន​ឲ្យ​ដឹងថា ការចុះ​ឆែកឆេរ​នៅ​ទីតាំង​លួច​កែ​ភេទ​នេះ គឺ​បាន​ធ្វើឡើង​បន្ទាប់ពី​មន្ត្រី​ជំនាញ​ធ្វើការ​ស៊ើបអង្កេត​ឃើញថា ម្ចាស់​ទីតាំង​កែ​ភេទ​នេះ បាន​លួច​នាំចូល រក្សាទុក ឱសថ​ខុសច្បាប់​ជាច្រើន​មកពី​ក្រៅប្រទេស ដើម្បី​លួច​កែ​ភេទ​ពី​បុរស​ទៅ​ស្ត្រី ពី​ស្ត្រី​ទៅ​បុរស​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ខណៈ​ការកែ​ភេទ​នេះ​គឺមាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា ក្រោយ​ចុះ​ប្រតិបត្តិការ អាជ្ញាធរ​បានធ្វើ​ការឃាត់​ខ្លួន និង​សួរចំលើយ​នូវ​ម្ចាស់​ទីតាំង ដែលជា​ជនជាតិ​វៀតណាម និង​បុគ្គលិក ជា​ជនជាតិ វៀតណាម និង ខ្មែរ មួយចំនួន​ផងដែរ ហើយ​អ្នក​ជាប់​ពាក់ព័ន្ធ នឹង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​បន្ត​នីតិវិធី​ច្បាប់​ផងដែរ​។​

​បើតាម​ការបញ្ជាក់​បន្ថែម​ពី​លោក ទិ​ត សួស្តី អនុប្រធាន​មន្ទីរពេទ្យ​នៃ​ក្រសួងសុខាភិបាល​កម្ពុជា បាន​ឲ្យ​ដឹងថា នៅក្នុង​ប្រតិបត្តិ​ការចុះ​ឆែកឆេរ រហូតដល់​បិទ​នូវ​ទីតាំង​កែ​ភេទ​នេះ គឺ​មន្ត្រី​បាន​រកឃើញ​ឱសថ​ជាច្រើន​ម៉ាក ដែល​ខុសច្បាប់ និង​គ្មាន​ការអនុញ្ញាត​ពី​ក្រសួងសុខាភិបាល សម្ភារៈ​វះកាត់ រួមទាំង​លិង្គ​បុរស ដែល​បាន​កាត់​រួច​ដើម្បី​ប្តូរ​ភេទ​ទៅជា​ស្ត្រី​មួយចំនួន​ផងដែរ ខណៈ​សម្ភារៈ​ដែល​រឹបអូស​បាន​នេះ នឹង​បញ្ជូន​ទៅកាន់​តុលាការ​រាជធានី​ភ្នំពេញ​ចាត់ការ​បន្ត​។ នៅក្នុង​ប្រតិបត្តិ​ការចុះ​ឆែកឆេរ​នេះ ក៏មាន​ការចូលរួម​ពី​លោក​ព្រះរាជអាជ្ញា​រាជធានី​ភ្នំពេញ លោក មុត តារា និង អាជ្ញាធរ​មូលដ្ឋាន​ផងដែរ​៕​

អត្ថបទដែលជាប់ទាក់ទង