ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងពាណិជ្ជកម្ម ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង តាម​ប្រព័ន្ធ​វីដេអូ ត្រៀម​សម្រាប់​កិច្ចប្រជុំ​ក្រុម​ជំនាញ​រវាង កម្ពុជា និង   គណៈកម្មការ​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី​

121

 

​ភ្នំពេញ ៖  ឯកឧត្តម សំហេង បូរ៉ា អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង​តាម​ប្រព័ន្ធ​វីដេអូ ដើម្បី​ពិភាក្សា​លើ (១)​របៀបវារៈ​សម្រាប់​កិច្ចប្រជុំ​ក្រុម​ជំនាញ​រវាង​កម្ពុជា និង​គណៈកម្មការ​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី​(​គ​.​ស​.​អ​.​អ​) (២)​បទ​បង្ហាញ​ស្តីពី​កាលានុវត្តភាព​ពាណិជ្ជក​ម្ម​និង​វិនិយោគ​នៅ​កម្ពុជា (៣)​សេចក្តីព្រាង​សង្ខេប​លទ្ធផល​នៃ​កិច្ចពិភាក្សា (Summary of Discussion) និង​(៤)​សំណួរ​ពាក់ព័ន្ធ​បញ្ហា​បច្ចេកទេស​សម្រាប់​ពិភាក្សា​ជាមួយ​ក្រុម​ជំនាញ គ​.​ស​.​អ​.​អ ។ កិច្ចប្រជុំ​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​តំណាង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ចំនួន​៩ និង​អ្នកចូលរួម​ប្រមាណ ២០​រូប​នា​ថ្ងៃ​អង្គារ​ទី​០២ ខែមីនា ឆ្នាំ​២០២១ វេលា​ម៉ោង ០៩:០០ នាទី​ព្រឹក នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម​។​

 

​ឯកឧត្តម​អនុរដ្ឋលេខាធិការ និង​ជា​ប្រធាន​អង្គប្រជុំ បាន​ជម្រាបជូន​អំពី​គោលបំណង​នៃ​កិច្ចប្រជុំ គឺ​ពិនិត្យ​លើ​វឌ្ឍនភាព​ការងារ និង​ប្រមូល​ធាតុ​ចូល​នានា ពី​អន្តរក្រសួង​-​ស្ថាប័ន ដែល​ពាក់ព័ន្ធ​នឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​គណៈកម្មការ​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី (EEC: Eurasian Economic Commission) ដើម្បី​ត្រៀម​រៀបចំ​កិច្ចប្រជុំ​ក្រុម​ជំនាញ រវាង​កម្ពុជា និង គ​.​ស​.​អ​.​អ  នឹង​ប្រព្រឹត្ត​ទៅនា​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២១ តាម​ប្រព័ន្ធ​វីដេអូ​។​

 

​ឯកឧត្តម​ប្រធាន​អង្គប្រជុំ បាន​ជម្រាបជូន​អង្គប្រជុំ​ឱ្យបាន​ជ្រាប​អំពី​សាវតា និង​លទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​គ​.​ស​.​អ​.​អ  កន្លងមក​។ អង្គ​ប្រជុំបាន​ពិភាក្សា​និង​ផ្លាស់ប្តូរ​យោបល់​លើ​របៀបវារៈ​នៃ​កិច្ចប្រជុំ រួមមាន​៖  (I)​បទ​បង្ហាញ​ស្តីពី​កាលានុវត្តភាព​ពាណិជ្ជក​ម្ម​និង​វិនិយោគ​នៅ​កម្ពុជា (II)​សេចក្តីព្រាង​សង្ខេប​លទ្ធផល​នៃ​កិច្ចពិភាក្សា​(Summary of Discussion) និង​(III) របៀបវារៈ​សម្រាប់​កិច្ចប្រជុំ​ក្រុម​ជំនាញ​រវាង​កម្ពុជា និង គ​.​ស​.​អ​.​អ ផ្តោតលើ​ប្រធានបទ​សំខាន់ៗ​ចំនួន​៦៖ (1) នីតិវិធី​គយ (2)​បច្ចុប្បន្នភាព​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​EEC ផ្តល់ជូន​កម្ពុជា និង​នីតិវិធី​នៃ​ដំណើរ​ការបង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​ភាគី​ទាំងពីរ (3) វិធាន​អនាម័យ​និង​ភូតគាម​អនាម័យ (4)​សកម្មភាព​ពាក់ព័ន្ធ​សហគ្រិនភាព (5)​គោលនយោបាយ​ក​សិ​-​ឧស្សាហកម្ម និង​(៦)​ការដឹកជញ្ជូន​។​

 

​ជា​កិច្ចបញ្ចប់ ឯកឧត្តម​ប្រធាន​អង្គប្រជុំ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​តំណាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ដែល​បាន​ចូលរួម​កិច្ចប្រជុំ​ដ៏​សំខាន់​នេះ តាម​ប្រព័ន្ធ​វីដេអូ​។ ឯកឧត្តម​ប្រធាន​អង្គប្រជុំ បានស្នើ​ឱ្យ​តំណាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​បញ្ជូន​បទ​បង្ហាញ​សង្ខេប​របស់ខ្លួន​(​ដែល​បាន​កែសម្រួល​រួច​) មក​ក្រសួងពាណិជ្ជកម្ម​ឱ្យទាន់​ពេលវេលា​កំណត់ និង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ក្រុម​ជំនាញ រវាង​កម្ពុជា និង គ​.​ស​.​អ​.​អ  ដែល​នឹង​ប្រព្រឹត្តទៅ​នា​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២១ តាម​ប្រព័ន្ធ​វីដេអូ ឱ្យបាន​គ្រប់ៗ​គ្នា​៕

អត្ថបទដែលជាប់ទាក់ទង