ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្ត​ម៉ាក​សាំ​យ៉ុង​បុក​ម៉ូតូ សិស្សសាលា ៣​នាក់​ស្លាប់​ភ្លាមៗ នៅ​ស្រុក​ព្រៃនប់​

312

 

​ខេត្ត​ព្រះសីហនុ ៖ សិស្សសាលា ៣​នាក់ ត្រូវបាន​រថយន្ត​ម៉ាក​សាំ​យ៉ុង​បុក​ស្លាប់​ភ្លាមៗ ខណៈ​កំពុង​ជិះ​ម៉ូតូឌុប​គ្នា​៣​នាក់​តាម​ដងផ្លូវ ហើយក៏​ជ្រុល​ចង្កូត​ចូលមក​ចំណែក​ផ្លូវ​ម្ខាង​ទៀត ក៏ត្រូវ​រថយន្ត​ម៉ាក​សាំ​យ៉ុង​បើកបរ​ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា​បុក​យ៉ាង​ពេញទំហឹង បណ្តាលឱ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​តែម្តង ។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បានកើត​ឡើង​នា​វេលា​ម៉ោង ០៩​និង​០០​នាទី​ព្រឹក ថ្ងៃទី​០៤ ខែមីនា ឆ្នាំ​២០២១​នេះ ស្ថិតនៅលើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ (១៨២-១៨៣) ម្តុំ​ចំណុច​មុខ​សាលាបឋមសិក្សា​អនុវិទ្យាល័យ​សំរុង ឃុំ​សំរុង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​អន្តរាគមន៍ ស្រាវជ្រាវ​រក​អត្តសញ្ញាណ​ជនរងគ្រោះ​និង​គ្រួសារ , និង​ធ្វើការ​សម្រួល​ចរាចរណ៍​តាម​ដងផ្លូវ​កុំឱ្យ​មានការ​កកស្ទះ​។​

​សមត្ថកិច្ច​បានបញ្ជាក់​ឱ្យដឹងថា​៖​ភាគី​ខាង​ម៉ូតូ​មួយគ្រឿង​ម៉ាក HONDA-SCOPPY ពណ៌ ស គ្មាន​ផ្លាកលេខ ជិះ​ឌុប​គ្នា​៣​នាក់ មាន​ទិសដៅ (​ភ្នំពេញ​-​ខេត្ត​ព្រះសីហនុ​) លុះ​ធ្វើដំណើរ​មកដល់​ចំណុចកើតហេតុ អ្នកបើក​ម៉ូតូ បើក​ជ្រុល​ចង្កូត​ចូលមក​ចំណែក​ផ្លូវ​ម្ខាង​ទៀត រួច​ក៏​ត្រូវបាន​រថយន្ត មួយគ្រឿង​ម៉ាក​សាំ​យ៉ុង ពណ៌​សំបក​ឪឡឹក ពាក់​ផ្លាកលេខ ភ្នំពេញ 2AQ-8400 ដែលមាន​ទិសដៅ​ផ្ទុយគ្នា បុក​យ៉ាង​ពេញទំហឹង​បណ្តាលឱ្យ​ជនរងគ្រោះ​ទាំង​៣​នាក់​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​តែម្តង ។

​បន្ទាប់ពី​កើតហេតុ​ភ្លាមៗ (​អ្នកបើកបរ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ បាន​ចុះ​ពី​ក្នុង​រថយន្ត​រត់គេចខ្លួន​បាត់ស្រមោល​)​។​

​បន្ទាប់ពី​កើតហេតុ កម្លាំង​នគរបាល​ជំនាញ​នៃ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ក៏បាន​ចុះមក​ធ្វើការ​វាស់វែង ធ្វើ​កំណត់ហេតុ និង​អូស​យក​រថយន្ត​បង្ក និង​ម៉ូតូ​រងគ្រោះ យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ដើម្បី​រងចាំ​ធ្វើការ​ដោះស្រាយ​ទៅតាម​នីតិវីធី​នៃ​ច្បាប់ ។​

អត្ថបទដែលជាប់ទាក់ទង