ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​អភិបាលខេត្ត​ព្រះសីហនុ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​សាលា​បឋម​-​អនុវិទ្យាល័យ​តេ​ជោ​សែន​កម្មករ

164

 

​ព្រះសីហនុ ៖ ព្រឹក​ថ្ងៃ​សៅរ៍ ទី​៦ ខែមីនា ឆ្នាំ ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​សាលា​បឋម​-​អនុវិទ្យាល័យ​តេ​ជោ​សែន​កម្មករ ស្ថិតនៅ​ភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ដើម្បី​ប្រើប្រាស់​ធ្វើជា​មណ្ឌល​សម្រាប់​ការចាក់​វ៉ាក់សាំង​វិញ អមដំណើរ​ដោយ​លោក​អភិបាលរង​ខេត្ត ស្នងការ​នគរបាល​ខេត្ត ប្រធាន មន្ទីរ និង អង្គភាព​ពាក់ព័ន្ធ​។​

​ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​មានប្រសាសន៍ថា យោងតាម​ប្រសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​០៤ ខែមីនា ឆ្នាំ​២០២១​កន្លងមក ក្នុង​ការជំរុញ​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ជូន​ដល់​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ដែល​នៅ​ជួរមុខ នៅក្នុង​មន្ទីរពេទ្យ តាម​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក និង​កន្លែង​ដែលមាន​ការពាក់ព័ន្ធ​ទៅតាម​បញ្ជី​ឈ្មោះ​ដែល​បានរៀបចំ​រួចរាល់ ដោយឡែក​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋនៅក្នុង​ខេត្ត​ព្រះសីហនុ នឹង​ត្រូវបាន​ផ្តល់ជូន​ការចាក់​វ៉ាក់សាំង​នៅពេល​បន្ទាប់​។ សូម​ជម្រាបជូន​ផងដែរ​ថា វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ មាន​ពីរ​ប្រភេទ​គឺ Sino Pharm សម្រាប់​ចាក់​ជូន​ក្រុមមនុស្ស​ដែលមាន​អាយុ​ចាប់ពី ១៨ ដល់​៥៩​ឆ្នាំ និង Astra Zeneca សម្រាប់​ក្រុមមនុស្ស​ចាប់ពី​អាយុ​៦០​ឆ្នាំ​ឡើងទៅ​។

​ដោយ​ផ្អែកលើ​ស្ថានភាព​ជាក់ស្តែង និង​ទទួលបាន​ការឯកភាព​ពី​ក្រសួងសុខាភិបាល និង​ក្រសួង​អប់រំ យុវជន និង​កីឡា រដ្ឋបាលខេត្ត​ព្រះសីហនុ​បានសម្រេច​ធ្វើការ​ផ្លាស់ប្តូរ​ទីតាំង​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ពី​ក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត មក​សាលា​បឋម​-​អនុវិទ្យាល័យ​តេ​ជោ​សែន​កម្មករ​ក្រុង ស្ថិតនៅ​ភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​វិញ ដោយ​ទីតាំង​ថ្មី​នេះ​មាន​សភាព​ធំ​ទូលាយ ដោយ​អាច​បង្កើន​វិសាលភាព​ក្នុងការ​ចាក់​វ៉ាក់សាំង​បាន​ច្រើនជាង​មុន និង​មាន​ទីតាំងនៅ​ជិត​មន្ទីរពេទ្យបង្អែក​ខេត្ត​ផងដែរ​។

​ចំពោះ​ទីតាំង​សាលា​បឋម​-​អនុវិទ្យាល័យ​តេ​ជោ​សែន​កម្មករ​ក្រុង នឹងដាក់​ឱ្យុ​ដំណើរ​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ចាប់ពី​ព្រឹក​ថ្ងៃទី​០៧ ខែមីនា ឆ្នាំ​២០២១ នេះ​តទៅ ដោយឡែក​សម្រាប់​បងប្អូន​ដែល​ត្រូវធ្វើ​តេស្ត​សំណាក​រក​មេរោគ​កូ​វីដ​-១៩ សូម​អញ្ជើញ​ទៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​វិញ​៕​

អត្ថបទដែលជាប់ទាក់ទង