ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាល​ស្រុក​វាលវែង ឃាត់ខ្លួន​បុរស​ម្នាក់ ពាក់ព័ន្ធ​ករណី​បង្ក​របួសស្នាម​

94

 

​ពោធិ៍សាត់ ៖ បុរស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន ពាក់ព័ន្ធ​ករណី​បង្ក​បួស​ស្នាម ប្រព្រឹត្ត​នៅ​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០២១ វេលា​ម៉ោង​២០​និង​៤៥​នាទី ចំណុច​អូរ​តា​ទិន ស្ថិតក្នុង​ភូមិ​សំឡាញ ឃុំ​ក្រពើ​ពីរ ស្រុក​វាលវែង ខេត្តពោធិ៍សាត់ ។​

​ប្រភព​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ជនសង្ស័យ​ឈ្មោះ សល់ វ៉ាន់​ថន ភេទ​ប្រុស អាយុ​៦៧​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ បាន​ឈ្លោះប្រកែក​គ្នា​យ៉ាងខ្លាំង​ជាមួយ​ជនរងគ្រោះ​ឈ្មោះ ជឿន ចេ​ន ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ជាមួយគ្នា​
​រហូត​ធ្វើ​ឲ្យ​ជនសង្ស័យ​ទ្រាំ​មិន​បានក៍​ស្ទុះ​ទៅយក​ពូថៅ​កាប់​ទៅលើ​ជនរងគ្រោះ​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ​តែម្តង ។​

​ក្រោយ​កើតហេតុ​ភ្លាមៗ ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​ដឹក​បញ្ជូនទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត ពោធិ៍សាត់ ហើយ​ជនដៃដល់​ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​មូលដ្ឋាន​ចាប់​ឃាត់ខ្លួន ។​

​មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ក្រពើ​ពីរ បាន​ឲ្យ​ដឹងថា ការចាប់​ឃាត់ខ្លួន​ជនសង្ស័យ ឈ្មោះ​សល់ វ៉ាន់​ថន គឺ​សមត្ថកិច្ច​ធ្វើឡើង​តាម​បណ្តឹង​របស់​ជនរងគ្រោះ​។​

​បច្ចុប្បន្ន ជនសង្ស័យ​ឈ្មោះ​សល់ វ៉ាន់​ថន រួម​នឹង​វត្ថុតាង បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក​វាលវែង ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង