ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងទេសចរណ៍ ចេញ​សេចក្ដីណែនាំ​ចំពោះ​បុគ្គល​មិន​អនុវត្ត​វិធានការ​របស់​សុខាភិបាល និង​ទីតាំង​ដែល​មិន​សហការ​ផ្ដល់ព័ត៌មាន​ស្រាវជ្រាវ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជ​ងឺ​កូ​វីដ​១៩

42

 

​ភ្នំពេញ ៖ ដើម្បី​ប្រសិទ្ធភាព​ការងារ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ក្រសួងទេសចរណ៍ សូម​ណែនាំ​ដល់ ម្ចាស់ និង​អ្នកគ្រប់គ្រង​មូលដ្ឋាន​អាជីវកម្ម​សេវាកម្ម​ស្នាក់នៅ​ទេសចរណ៍ ឱ្យបាន​ជ្រាប​អំពី​ការអនុវត្ត​វិធានការ​បន្ថែម​ចំពោះ​បុគ្គល​ជា​ភ្ញៀវទេសចរ និង​ទីតាំង​អាជីវកម្ម​ទេសចរណ៍ ដែល​មិន​សហការ​តាម​ការណែនាំ​នូវ​វិធានការ​មួយចំនួន ដូចខាងក្រោម​៖

១. ចំពោះ​ភ្ញៀវទេសចរ​ជា​ជនបរទេស ត្រូវ​បណ្តេញ​ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា និង​ហាម​ចូល​ប្រទេស​សារជាថ្មី ស្របតាម​ខ្លឹមសារ​មាត្រា​៥០ និង​មាត្រា​៦៨ នៃ​ច្បាប់​ស្តីពី​ទេសចរណ៍ បាន​ចែងថា “​ទេសចរ ឬ​អ្នកដំណើរ​កម្សាន្ត​ដែល​ប្រព្រឹត្តល្មើស​នឹង​មាត្រា​៥០ នៃ​ច្បាប់​នេះ អាច​ត្រូវ​លុបចោល​ទិដ្ឋាការ​ទេសចរណ៍ ហើយ​បណ្ដេញចេញ ឬ​ហាមឃាត់​វត្តមាន​ក្នុង​តំបន់​គោលដៅ​ទេសចរណ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​រយៈពេល​កំណត់​ណាមួយ​ដែល​មិន​លើសពី ០៥ (​ប្រាំ​) ឆ្នាំ ឬ​ជា​អចិន្ត្រៃយ៍​”​។

២. ចំពោះ​ភ្ញៀវទេសចរ​ជា​ជនជាតិខ្មែរ ត្រូវ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់

៣. ចំពោះ​ទីតាំង​អាជីវកម្ម​ទេសចរណ៍ ត្រូវ​ដកហូត​អាជ្ញា​បណ្ណ​ទេសចរណ៍ និង​បិទ​អាជីវកម្ម​ក្នុង​ទីតាំង​ស្របតាម​ខ្លឹមសារ​មាត្រា​៤៤ និង​មាត្រា​៤៨ នៃ​ច្បាប់​ស្តីពី​ទេសចរណ៍​។ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​មាន​សិទ្ធិ​ដាក់ចេញ​នូវ​វិធានការ​អនុវត្ត​ខាងលើនេះ​ចំពោះ​មូលដ្ឋាន​អាជីវកម្ម​ទាំងឡាយ​ដែល​ស្ថិតក្នុង​ដែន​សមត្ថកិច្ច​គ្រប់គ្រង​របស់ខ្លួន​។​

​ទទួលបាន​សេចក្ដីណែនាំ​នេះ សូម​ម្ចាស់ និង​អ្នកគ្រប់គ្រង​អាជីវកម្ម​សេវាកម្ម​ស្នាក់នៅ​ទេសចរណ៍ រៀបចំ និង​អនុវត្តតាម​ការណែនាំ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​៕

អត្ថបទដែលជាប់ទាក់ទង