ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ត្រី​ជន​ជាតិ​ចិន បើក​រថយន្ត​ដេញ​បុក​ចោរឆក់​ទូរស័ព្ទ​២​នាក់ ត្រូវ​បញ្ជូន​​ទៅ​​តុលា​ការ​

108


(ភ្នំពេញ)៖ ពាក់​ព័ន្ធ​​ករណី​ស្រ្តីជន​ជាតិ​ចិន បើក​រថយន្ដ ដេញ​តាម​បុក​ជន​សង្ស័យ​ជាចោរឆក់​ជិះ​ម៉ូតូ​២​នាក់ បណ្តាល​ឱ្យ​រង​របួស​ធ្ងន់ និង​ស្លាប់​នោះ នៅ​រសៀល​ថ្ងៃ​ទី១៥ ខែ​សីហា ឆ្នាំ​២០១៨​នេះ នគបាល​ព្រហ្មទណ្ឌខណ្ឌ​ចំការ​មន បាន​បញ្ជូន​ស្រ្តីជន​ជាតិ​ម្នាក់​​ដែល​ជា​អ្នក​បើក​រថយន្ត ទៅ​កាន់​​តុលា​ការ ។

គួរ​រំលឹកថា ស្ត្រី​ជន​ជាតិ​ចិន​ម្នាក់​​នេះ បាន​បើក​រថយន្ដដេញ​តាម​បុក​ជន​សង្ស័យ​ជាចោរឆក់​ជិះ​ម៉ូតូ​២​នាក់ តាម​ដង​ផ្លូវ​រហូត​បំ​បុក​ផ្ទប់ជា​មួយ​របង​ផ្ទះ​ប្រជា​ពលរដ្ឋ បណ្តាល​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ និង​ស្លាប់ ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំ​រឿង​បញ្ជូន​​ទៅ​​តុលា​ការ ក្រោម​បទ​ល្មើស ប៉ុនប៉ង​ឃាតក​ម្ម។ ដោយ​ឡែក​ស្ត្រី​ចិន​ម្នាក់​​ទៀត ដែល​រួម​ដំណើរ​ក្នុង​ហេតុ​ការណ៍​នោះ មិន​ត្រូវ​បាន​ឃាត់​ខ្លួន​ទេ ដោយ​សារ​មិន​ជាប់​ពាក់​ព័ន្ធ​។ ការ​សម្រេច​ឃាត់​ខ្លួន ស្ត្រី​ជន​ជាតិ​ចិន​នេះ ធ្វើ​ឡើង​ក្រោម​បញ្ជា​របស់​លោក​ស្រី វ៉ា សក្កដា ព្រះ​រាជអាជ្ញរងអម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​។

ស្ត្រី​ជន​ជាតិ​ចិន​២​នាក់ ដែល​អះអាង​ថា ត្រូវ​ចោរឆក់​ទូរស័ព្ទ រួច​បើក​រថយន្ដដេញបំ​បុក​ចោរ​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ និង​ស្លាប់ កាលពី​វេលា​ម៉ោង​១១៖១៥​នាទី​យប់​ថ្ងៃ​ទី១២ ខែ​សីហា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវ​លេខ​៤៥៤ កែង​ផ្លូវ​លេខ​១២៣ ស្ថិត​ក្នុង​សង្កាត់​ទួលទំពូង២ ខណ្ឌ​ចំការ​មន រាជធានី​ភ្នំពេញ​។ ហេតុ​ការណ៍​នេះ ស្ថិត​ក្នុង​ការ​ស្រាវជ្រាវ​រក​ហេតុ​ផល​ឱ្យ​បាន​ច្បាស់​លាស់ ទើប​សមត្ថកិច្ច សម្រេច​កសាង​សំណុំ​រឿង​តាម​នីតិ​វិធី។

បើ​តាម​ស្ត្រី​ជន​ជាតិ​ចិន​ទាំង​២​នាក់ បាន​ប្រាប់​សមត្ថកិច្ច​ឱ្យ​ដឹងថា នៅ​មុន​កើត​ហេតុ ពួក​នាង​បាន​បើក​រថយន្ត​តាម​ដង​ផ្លូវ ហើយ​បាន​បើក​កញ្ចក់ រថយន្ត​និយាយ​ទូរស័ព្ទ ខណៈ​នោះ​ស្រាប់តែ​ត្រូវ​ចោរ២​នាក់ ជិះ​ម៉ូតូ​ម៉ាក​ស្កុបពី​ពណ៌​ស ពាក់ស្លាក​លេខ ភ្នំពេញ 1CL-7241 ជិះ​មកឆក់​ទូរស័ព្ទ​ពី​ដៃ​គាត់ ហើយ​ជិះ​ម៉ូតូ​គេច​ខ្លួន​ទើប​​ពួក​គាត់ បាន​បើក​រថយន្ដដេញ​តាម​រហូត​បំ​បុក​ក្រុម​ជន​សង្ស័យ​ផ្ទប់ ជា​មួយ​របង​ផ្ទះ​ប្រជា​ពលរដ្ឋ​បណ្តាល​ឱ្យ​របួស​យ៉ាង​ធ្ងន់ធ្ងរ និង​ត្រូវ​សមត្ថកិច្ច​ទាក់​ទងរថយន្ដសង្គ្រោះ​បន្ទាន់ ដឹក​ទៅ​កាន់​មន្ទីរ​ពេទ្យ៕

អត្ថបទដែលជាប់ទាក់ទង