ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពិធី​ការិនី​ទូរទស្សន៍ ហង្ស​មាស កែវ ច័ន្ទ​និមល ឆ្លង​កូ​វីដ ៣​នាក់​ប្តី និង​កូន​

329

 

ភ្នំពេញ​៖ អធិការនគរបាល​ខ​ណ្ឌ​មានជ័យ លោក ម៉េង វិមាន​តារា បាន​ឲ្យ​ដឹងថា ពិធី​ការិនី ទូរទស្សន៍​ហង្ស​មាស លោកស្រី កែវ ច័ន្ទ​និមល និង​ស្វាមី រួមទាំង កូនស្រី ឆ្លង​ជំងឺ​កូ​វីដ​១៩ ហើយ​ត្រូវបាន​ក្រុមគ្រូពេទ្យ​ចុះ​ទៅយក​ទាំងយប់​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០២១​នេះ ពី​ផ្ទះ​នៅ​បុរី អ័​រ​គី​ដេ ក្នុង​ខណ្ឌ​សែន​សុខ ផ្លូវ​២០០៤ ជិត​សាលារៀន ណត​ប្រ៊ី​ដ ។

​លោក​អធិការ ម៉េង វិមាន​តារា បន្តថា ពិ​ធិ​ការិនី​ហង្ស​មាស លោកស្រី កែវ ចាន់​និមល ប្រាប់ថា បាន​ឆ្លង​កូ​វីដ រួមទាំង​ប្តី និង​កូនស្រី​។ លោកស្រី កែវ ច័ន្ទ​និមល (​ពិធីករ​ហង្ស​មាស​) ប្តី និង​កូនស្រី​របស់គាត់ អាយុ ១០ ឆ្នាំ បានធ្វើ​តេស្ត រក​កូ​វីដ​១៩ កាលពី​ថ្ងៃទី​៧​មីនា​មិញ​នេះ ហើយ លទ្ធផល​ចេញមក មាន​កូ​វីដ​១៩ ទាំង​គ្រួសារ (៣ នាក់​)​។​

​លោក​អធិការ បន្តថា លោកស្រី កែវ ច័ន្ទ​និមល បាន​ប្រាប់ថា នាង​បាន ឆ្លង​កូ​វីដ​១៩ ពី​អ្នកដឹកនាំ​ថត​ស្ព​ត ឈ្មោះ ទី​តូ ព្រោះ​កាល​អំឡុង​ថ្ងៃទី ២៧-២៨ ខែកុម្ភៈ ឆ្នាំ​២០២១ គាត់​បាន​ទៅ​ជួយ​ថត​វី​ដី​អូ ដើម្បី​ចូលរួម​ផ្សព្វផ្សាយ​អំពី​ការពារ​កូ​វីដ​១៩ ហើយ​ម្សិលមិញ ទើប​គាត់​ទទួលដំណឹង​ថា អ្នកដឹកនាំ​ថត​ស្ព​ត ឈ្មោះ ទី​តូ មាន​វិជ្ជមាន​កូ​វីដ​១៩ (​ឈ្មោះ ទី​តូ ធ្លាប់​ជួបជុំ​ផឹក​ជាមួយ​ប៉ូលិស​ចរាចរណ៍​)​។​

​លោក​អធិការ​បន្ថែមថា រហូតមកដល់​ពេលនេះ កំពូល​តារា​ល្បីៗ ជាពិសេស​នៅ​ហង្ស​មាស អាចមាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ឈ្មោះ ទី​តូ ច្រើន​នាក់ ជាក់ស្តែង ដូចជា​៖ ឱក សុគន្ធ​កញ្ញា ក៏មាន​អាកា​រៈ​ក្តៅខ្លួន និង​កំពុងស្ថិត​ក្នុងការ តាមដាន សុគន្ធ និសា មាន​អាកា​រៈ​ផ្តាសាយ តែ​មិន​ក្តៅខ្លួន​ទេ និង​មាន​តារា​ផ្សេងៗ​ទៀត កំពុង​ទៅធ្វើ​តេស្តរ​កកូ​វីដ​១៩​។​

​លោក​អធិការ ម៉េង វិមាន​តារា បន្ថែមថា លោកស្រី កែវ ច័ន្ទ​និមល និង​គ្រួសារ ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល នៅ​អតីត​អាំងទែរ​កុងទីណង់តាល់ (The Great Duke) និង​ត្រូវបាន​អនុញ្ញាតឱ្យ​ស្នាក់នៅ​រួម ក្នុង ១ បន្ទប់ ជុំ​ប្តី និង​កូន​។​

​សូម​រម្លឹកថា ក្នុង​សារ​ជា​សំឡេង កាលពី​យប់​ថ្ងៃទី​៨ ខែមីនា​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស ថា ជំងឺ​កូ​វីដ​១៩ នៅពេលនេះ បាន​ឆ្លង​រាលដាល​ធ្ងន់ធ្ងរ ចូលដល់​ប៉ូលិស មន្ត្រីរាជការ និង​សិល្បករ ច្រើន​នាក់ ។​

​សម្តេច បានប្រកាស ឲ្យ​ក្រសួង​ស្ថាប័ន រដ្ឋ​ទាំងអស់ បិទ​ជា​បណ្តោះអាសន្ន ដោយ​ទុក​មនុស្ស​ចំនួន​តិចតួច​បំផុត នៅ​ប្រចាំការ ហើយ​ក្រៅពីនោះ យ៉ាងហោចណាស់​បុគ្គលិក ៩០% ត្រូវ ធ្វើការ​ពី​ផ្ទះ​។ ចំណែក​ក្រុមហ៊ុន​ឯកជន ក៏​ដូចគ្នា​ត្រូវ​រៀបចំ​កាត់បន្ថយ​បុគ្គលិក ដែល​ធ្វើការ​ដោយផ្ទាល់ ឬក៏​រៀបចំ វេន​ធ្វើការ​ឆ្លាស់​វេន​គ្នា ដើម្បី​កាត់បន្ថយ​ការកកស្ទះ​មនុស្ស នៅ​កន្លែងធ្វើការ​ផង និង​កាត់បន្ថយ ការកកស្ទះ នៅតាម​ផ្លូវ​ធ្វើដំណើរ​ផង​៕​

អត្ថបទដែលជាប់ទាក់ទង