ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ប្រកាសឲ្យមានការបូជាប្រសិន បើមានករណីស្លាប់ ដោយសារកូវីដ-១៩

50

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ឲ្យអភិបាលរាជធានីភ្នំពេញ រៀបចំកន្លែងបច្ឆាបូជាសព ប្រសិនបើមានករណីស្លាប់ដោយសារកូវីដ–១៩ ។ សម្ដេចតេជោ បញ្ជាក់ថា ការបូជានេះ មិនមែនប្រទេសកម្ពុជាគ្មានដីសម្រាប់បញ្ចុះទេ ពោលគឺដើម្បីបានធាតុជូនដល់សាច់ញាតិរបស់ជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណីសាសនា របស់គេតែប៉ុណ្ណោះ។

យោងតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន តាមរយៈប្រព័ន្ធអេឡិចត្រូនិច (តេលេក្រាម) នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានប្រសាសន៍ថា ក្រោយពីសម្តេចមានការពិភាក្សាយ៉ាងម៉ត់ចត់រួចជាមួយរដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង រួចហើយនោះ សម្តេច បានសម្រេច ត្រូវតែបូជាចំពោះជនរងគ្រោះ ដែលបានបាត់បង់ជីវិត ដោយសារករណីមេរោគកូវីដ–១៩នេះ បើទោះបីជាទំនៀមទម្លាប់ជនជាតិខ្លះ មិនអាចធ្វើការបូជាក៏ដោយនោះ។

ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដុ្ឋមន្ត្រី ក៏បានបញ្ជាឲ្យអភិបាលរាជធានី-ខេត្តទាំងអស់ ត្រៀមកន្លែងដ៏សមស្របមួយ ដើម្បីធ្វើបច្ឆាសម្រាប់បូជាសព ជនរងគ្រោះ ដែលបានស្លាប់ហើយបច្ឆានោះ ក៏អនុញ្ញាតឲ្យរៀបចំបូជាប្រជាពលរដ្ឋធម្មតា បានផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ផងដែរថា បើទោះបីប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះពុំទាន់មានករណីស្លាប់ដោយសារមេរោគកូវីដ–១៩ក្តី ប៉ុន្តែវាការត្រៀមមួយសម្រាប់ផ្តល់ភាពងាយស្រួលកុំឲ្យបាត់នូវម្ចាស់ការ នាពេលដែលករណីនេះ បានកើតឡើង ។ សម្តេច ក៏បានស្នើឲ្យភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសក្រសួងសុខាភិបាល និងក្រសួងយុត្តិធម៌ក៏ត្រូវតាក់តែងអនុក្រឹត្យដោយលម្អិតមួយទាក់ទងនឹងអ្នកជំងឺកូវីដ–១៩នេះផងដែរ។

សូមបញ្ជាក់ថា គិតត្រឹម ថ្ងៃទី ៩ ខែមីនា ឆ្នាំ២០២១នេះ ប្រទេសកម្ពុជាមានករណីឆ្លងមេរោគកូវីដ១៩ចំនួន១០៦០នាក់ ក្នុងនោះ អ្នកជាសះស្បើយមានចំនួន៥៣៨នាក់ និងអ្នកកំពុងសម្រាកព្យាបាលចំនួន៥២១នាក់។ យ៉ាងណាក៏ដោយរហូតដល់ថ្ងៃនេះ ប្រទេសកម្ពុជា ពុំមានករណីស្លាប់បាត់បង់ជីវិត ដោយសារមេរោគកូវីដ១៩-នេះឡើយ៕

អត្ថបទដែលជាប់ទាក់ទង