ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា​ត្រៀមខ្លួន​ចូលរួម​ជួយ​មី​យ៉ាន់​ម៉ា ដើរ​វិល​ទៅរក​ភាពប្រក្រតី​ឡើងវិញ ស្របតាម​គោលការណ៍​អាស៊ាន​

398

 

(​ភ្នំពេញ​)៖ កម្ពុជា​ត្រៀមខ្លួន​ជានិច្ច​ក្នុងការ​ចូលរួម​ជាមួយ​រដ្ឋ​សមាជិក​អាស៊ាន​ផ្សេងទៀត ដើម្បី​ជួយ​មី​យ៉ាន់​ម៉ា​ក្នុង​ការដើរ​វិល​ទៅរក​ភាពប្រក្រតី​ឡើងវិញ ទោះជា​តាមរយៈ​តួនាទី និង​ទម្រង់​ណាមួយ​កី្ត ដែល​ស្របតាម​គោលការណ៍​អាស៊ាន​។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃទី​០៩ ខែមីនា ឆ្នាំ​២០២១ ដែល​បណ្តាញ​ព័ត៌មាន​ទទួលបាន​។​

​ក្នុង​សេចក្តីថ្លែងការណ៍​នេះ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​បញ្ជាក់ថា​៖ «​ដូច​បានលើកឡើង​ក្នុង​អន្តរាគមន៍​របស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីការបរទេស នៅក្នុង​កិច្ចប្រជុំ​ក្រៅផ្លូវការ​នៃ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន កម្ពុជា​ត្រៀមខ្លួន​ជានិច្ច​ក្នុងការ​ចូលរួម​ជាមួយ​រដ្ឋ​សមាជិក​អាស៊ាន​ផ្សេងទៀត ដើម្បី​ជួយ​មី​យ៉ាន់​ម៉ា​ក្នុង​ការដើរ​វិល​ទៅរក​ភាពប្រក្រតី​ឡើងវិញ ទោះជា​តាមរយៈ​តួនាទី និង​ទម្រង់​ណាមួយ​កី្ត ដែល​ស្របតាម​គោលការណ៍​អាស៊ាន ពោលគឺ​តាម​មាគ៌ា​អាស៊ាន របស់​យើង ដែល​គ្រប់ភាគី​ទាំងអស់​អាច​ទទួលយក​បាន​។ ក្នុង​ស្មារតី​នេះ កម្ពុជា​ក៏​គាំទ្រ​ផងដែរ​ដល់ ការជួយ​សម្របសម្រួល​របស់​ប្រធាន​អាស៊ាន ក៏ដូចជា​អគ្គលេខាធិការ​អាស៊ាន ប្រកបដោយ​លក្ខណៈ​វិជ្ជមាន សន្តិភាព និង​ស្ថាបនា​»​។​

​សេចក្តីថ្លែងការណ៍​រប​ស់​កម្ពុជា បាន​ធ្វើឡើង​បន្ទាប់ពី​ស្ថានការណ៍​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា មាន​ការវិវឌ្ឍ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង ដោយមាន​អ្នកស្លាប់​ក្នុង​បាតុកម្ម​តវ៉ា​ច្រើនជាង​៦០​នាក់​។ បាតុកម្ម​នេះ បាន​អូស​អន្លាយ​រយៈពេល​ជាង​១​ខែ​មកហើយ បន្ទាប់ពី​មាន​រដ្ឋប្រហារ​យោធា និង​ការចាប់ខ្លួន​មេដឹកនាំ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ លោកស្រី​អោ​ង សាន ស៊ូ​ជី ដែល​ឈ្នះ​ក្នុងការ​បោះឆ្នោត​។​

​ក្នុងនាម​ជា​មិត្ត និង​ជា​សមាជិក​សហគមន៍​អាស៊ាន កម្ពុជា​ក៏ដូចជា​គ្រប់​រដ្ឋ​សមាជិក​អាស៊ាន​ឯទៀត និង​សហគមន៍​អាស៊ាន​ទាំងមូល កំពុង​តាមដាន​យ៉ាង​ជិតដិត​នូវ​ស្ថានការណ៍​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា ហើយ​មានការ​សោកសៅ​ដោយបាន​ឃើញ​នូវ​ការកើនឡើង​នៃ​អំពើ​ហឹ​ង្សា ដែល​បណ្តាលឱ្យ​មានការ​បាត់បង់​ជីវិត​មនុស្ស​។​

​កម្ពុជា បានបញ្ជាក់​ទៀតថា ទន្ទឹមនឹង​ការគោរព​គោលការណ៍​ស្នូល​នៃ​ការមិន​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ជា​សមាជិក​អាស៊ាន កម្ពុជា​បាន​គាំទ្រ «​សេចក្តីថ្លែងការណ៍​រប​ស់​ប្រធាន​អាស៊ាន​ស្តីពី​ការវិវត្ត​នៅ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា​» ដែល​បានចេញ​នៅ​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ ២០២១ និង «​សេចក្តីថ្លែងការណ៍​រប​ស់​ប្រធាន​អាស៊ាន​ស្តីពី​កិច្ចប្រជុំ​ក្រៅផ្លូវការ​នៃ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​» ចេញ​នៅ​ថ្ងៃទី ២ ខែមីនា ឆ្នាំ​២០២១ ដែល​ត្រូវបាន​ធ្វើឡើង​ក្នុង​បំណង​ដ៏​ស្មោះត្រង់ ដើម្បី​គាំទ្រ​ដំណោះស្រាយ​ដោយ​សន្តិវិធី​ចំពោះ​វិបត្តិ​បច្ចុប្បន្ន​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​។​

​គួរ​បញ្ជាក់ថា បើតាម​ក្រុម​សកម្មជន​សិទ្ធិមនុស្ស និង​អង្គការសហប្រជាជាតិ មនុស្ស​ច្រើនជាង ៦០​នាក់​ហើយ​បាន​ស្លាប់​នៅក្នុង​បាតុកម្ម​តវ៉ា និង​ច្រើនជាង ១,៨០០​នាក់​ត្រូវបាន ចាប់ឃុំខ្លួន ចាប់តាំងពី​ការកើតមាន​ព្រឹត្តិការណ៍​ថ្ងៃទី​០១ ខែកុម្ភៈ ដែល​ត្រូវបាន​អន្តរជាតិ​ចាត់ទុកថា ជា​រដ្ឋប្រហារ​នោះមក​៕​

អត្ថបទដែលជាប់ទាក់ទង