ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចក្រឡាហោម ស ខេង ដាក់ចេញវិធានការបន្ទាន់ ៨ចំណុច សម្រាប់បង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ

65

​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០២១ បានដាក់​ចេញ​វិធានការ​បន្ទាន់​ចំនួន ៨​ចំណុច សម្រាប់​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ក្នុងនោះ​អគ្គនាយកដ្ឋាន និង​អង្គភាព​នានា ត្រូវ​កាត់បន្ថយ​មន្ត្រី​មក​បំពេញការងារ ដោយ​តម្រូវឱ្យ​ចាត់​មន្ត្រី​ពី ០៥ ទៅ​០៧ នាក់ ប្រចាំការ​នៅតាម​អង្គភាព​នីមួយៗ ។ នេះ​បើតាម​សេចក្តីណែនាំ របស់​សម្តេច​ក្រឡាហោម ស ខេង ប្រាប់​ទៅ​មន្ត្រីរាជការ​ស៉ី​វិល មន្ត្រី​នគរបាលជាតិ និង​មន្ត្រី​ពន្ធនាគារ ។​

​ការដាក់ចេញ​វិធានការ​បន្ទាន់​ខាងលើ ធ្វើឡើង​យោងតាម​បទបញ្ជា និង​សារ​សម្លេង​ណែនាំ​ពិសេស​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា កាលពី​រាត្រី​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០២១ ក្នុងការ​បង្ការ និង​ទប់ស្កាត់​ការចម្លង​វីរុស​កូ​វីដ​-១៩ ក្នុង​សហគមន៍​២០​កុម្ភៈ​។​

​សម្តេច​ក្រឡាហោម ស ខេង បាន​ថ្លែងថា អនុវត្តតាម​ការអំពាវនាវ និង​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការ រាតត្បាត​នៃ​ជំងឺ​កូ​វីដ ១៩ ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ស៊ីវិល មន្ត្រី​នគរបាលជាតិ និង​មន្ត្រី​ពន្ធនាគារ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ក្រសួងមហាផ្ទៃ សូម​ធ្វើ​ការណែនាំ​ដល់​ថ្នាក់ដឹកនាំ និង​គ្រប់​អង្គភាព​ចំណុះ​ក្រសួងមហាផ្ទៃ ដូចខាងក្រោម ៖

១. អគ្គនាយកដ្ឋាន និង​អង្គភាព​នានា ត្រូវ​កាត់បន្ថយ​មន្ត្រី​មក​បំពេញការងារ ដោយ​តម្រូវឱ្យ​ចាត់​មន្ត្រី​ពី ០៥ ទៅ​០៧ នាក់ ប្រចាំការ​នៅតាម​អង្គភាព​នីមួយៗ ចាប់ពី​ថ្ងៃទី​០៩ ខែមីនា ឆ្នាំ​២០២១ ដល់​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ ២០២១​។ អគ្គនាយកដ្ឋាន និង​អង្គភាព​នានា​ត្រូវ​រៀបចំ​បញ្ជី​ឈ្មោះ​មន្ត្រី​ប្រចាំការ​ទាំងនោះ បញ្ជូនមក អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​០៩ ខែមីនា ឆ្នាំ​២០២១ នេះ​។ មន្ត្រី​ដែល​ត្រូវបាន​ចាត់​ឱ្យមក ប្រចាំការ ត្រូវអនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​នូវ​វិធានការ​ការពារ​ជំងឺ​កូដ ១៩​។ ប្រគល់​ភារកិច្ច​ជូន​ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងមហាផ្ទៃ ដើម្បី​ដឹកនាំ​សម្របសម្រួល​ការងារ​ម​ន្ត្រី​ប្រចាំការ​នេះ​។​
​ដោយឡែក អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ត្រូវមាន​កម្លាំង​ប្រតិបត្តិការ មក​បំពេញការងារ ជាប្រចាំ​។​

២. ថ្នាក់ដឹកនាំ មន្ត្រី និង​អនុរក្ស​ពន្ធនាគារ​នៅតាម​ពន្ធនាគារ និង​មណ្ឌល​អប់រំ​កែប្រែ​នានា​ទូទាំងប្រទេស ត្រូវ​បន្ត​បំពេញការងារ​ជាធម្មតា ដោយ​ត្រូវ​លើកកម្ពស់​ការពង្រឹង ថែរក្សា​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និង​សុវត្ថិភាព ឱ្យបាន​ហ្មត់ចត់​ជាមួយនឹង​ការបន្ត​ការអនុវត្ត​វិធានការ​នានា​របស់​ក្រសួងសុខាភិបាល ក្នុងការ​បង្ការ ទប់ស្កាត់​ការចម្លង​ជំងឺ​កូ​វីដ ១៩​។ ប្រគល់​ភារកិច្ច​ជូន ឯកឧត្តម ប៉ាវ ហប ផាន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ដឹកនាំ​សម្របសម្រួល​ពង្រឹង​ការអនុវត្ត​វិធានការ​ការពារ​ជំងឺ​កូដ ១៩ នៅតាម​ពន្ធនាគារ និង​មណ្ឌល​អប់រំ កែប្រែ​នានា​៕

អត្ថបទដែលជាប់ទាក់ទង