ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រី ថោង ខុន ណែនាំបន្ថែម ដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងទេសចរណ៍ពីវិធានការបន្ទាន់ក្នុងការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩

61

 

(ភ្នំពេញ)៖ យោងតាមបទបញ្ជា និងប្រសាសន៍ណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងស្របតាមវិធានការណែនាំនានារបស់ក្រសួងសុខាភិបាល ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចេញសេចក្ដីណែនាំបន្ថែមដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងទេសចរណ៍ ព្រមទាំងភ្ញៀវជាតិ-អន្តរជាតិទាំងអស់ដែលចេញ-ចូលទីស្ដីការក្រសួងទេសចរណ៍ អំពីការអនុវត្តវិធានការចាំបាច់មួយចំនួនក្នុងការបង្ការ និងទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩។

ក្នុងសេចក្ដីណែនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹងថា ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងទេសចរណ៍ ព្រមទាំងភ្ញៀវជាតិ-អន្តរជាតិទាំងអស់ ដែលចេញ-ចូលមកបំពេញការងារ ក៏ដូចជាមានភារកិច្ចមកទំនាក់ទំនងការងារនៅទីស្តីការក្រសួងទេសចរណ៍ ត្រូវចូលរួមអនុវត្តនូវវិធានការបន្ទាន់ ដូចខាងក្រោម៖

១៖ ផ្អាកជាបណ្ដោះអាសន្នរយៈពេលមួយសប្ដាហ៍នូវបេសកកម្ម កិច្ចប្រជុំ សិក្ខាសាលា វគ្គបណ្ដុះបណ្ដាល ឬការជួបជុំទាំងឡាយណា រហូតដល់មានបទបញ្ជាជាថ្មីរបស់រាជរដ្ឋាភិបាល។ អង្គភាពនីមួយៗអាចរៀបចំជំនួសមកវិញតាមប្រព័ន្ធអនឡាញ។

២៖ អង្គភាពទាំងអស់ត្រូវរក្សាទុកមន្រ្តីយ៉ាងច្រើនបំផុតចំនួន ១០% ប៉ុណ្ណោះ ដែលមានភារកិច្ចចាំបាច់មកធ្វើការនៅទីស្ដីការក្រសួងទេសចរណ៍ ក្រៅពីនោះអនុញ្ញាតឱ្យមន្រ្តីរាជការធ្វើការនៅតាមផ្ទះតាមប្រព័ន្ធអនឡាញ។

៣៖ ការប្រាស្រ័យទាក់ទងគ្នា គឺអាចធ្វើឡើងតាមប្រព័ន្ធទូរស័ព្ទ និងប្រព័ន្ធអនឡាញ (Online)។

៤៖ រឹតបន្តឹងសន្តិសុខសណ្ដាប់ធ្នាប់ក្នុងទីស្តីការក្រសួង ដោយត្រូវចេញ ឬចូលតាមច្រកខាងមុខទីស្ដីការក្រសួង និងតម្រូវឱ្យថ្នាក់ដឹកនាំ និងមន្រ្តីរាជការចូលរួមក្នុងការពិនិត្យវាស់កម្ដៅ លាងសម្អាតដៃ និងស្កេន QR CODE ទប់ស្កាត់កូវីដ-១៩ (STOP COVID-19)។

៥៖ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការ «៣ការពារ និង ៣កុំ» តាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន។

៦៖ ត្រូវអនុវត្តវិធានការគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល និងរក្សាអនាម័យជាប្រចាំ ដោយការពាក់ម៉ាស់ និងការអនុវត្តអនាម័យដៃស្អាតជានិច្ច ដោយត្រូវលាងសម្អាតដៃនឹងសាប៊ូ ទឹកអាល់កុល ឬទឹកជែល។

៧៖ ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ ប្រសិនបើសង្ស័យថាមានការប៉ះពាល់អ្នកជំងឺកូវីដ-១៩ ឬមានរោគសញ្ញាសង្ស័យជំងឺកូវីដ-១៩ ឬមានជំងឺផ្ដាសាយដែលសង្ស័យ ត្រូវចូលរួមធ្វើតេស្តវិភាគរកវីរុសកូវីដ-១៩ និងត្រូវដាក់ខ្លួនឱ្យនៅដាច់ដោយឡែកពីគេភ្លាមៗ។

៨៖ ត្រូវចូលរួមរាយការណ៍ ឬប្រសិនបើមានសំណួរ សូមហៅទៅលេខទូរស័ព្ទទាន់ហេតុការណ៍ 115៕

ខាងក្រោមនេះជាសេចក្ដីណែនាំបន្ថែមរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖

អត្ថបទដែលជាប់ទាក់ទង