ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកជំទាវ ជូ ប៊ុន​អេង ស្នើឲ្យឯកឧត្តម​អភិបាល លោកស្នងការ ពិនិត្យ​ និង​រិះរក​វិធី​លើកទឹកចិត្ត លោកស្រី​អនុសេនីយទោម្នាក់​ដែល​បំបៅកូន​

75

 

​ភ្នំពេញ ៖ នៅ​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២១ លោកជំទាវ ជូ ប៊ុន​អេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង អំពើ​ជួញដូរ​មនុស្ស (​គ​.​ជ​.​ប​.​ជ​) បានចេញ​លិខិត​បន្ទាន់​មួយ ជម្រាប​មក​ឯកឧត្តម អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ស្ទឹងត្រែង ករណី​លោក​អធិការ​ស្រុក​សៀម​ប៉ាង ព្រមាន​លោកស្រី អនុសេនីយ៍ទោ​ម្នាក់​ដែល​បំបៅកូន​នៅ ក្នុងពេល​បំពេញបេសកកម្ម តាម​ដងផ្លូវ ។​

​សូមបញ្ជាក់ថា អធិការ​ស្រុក​សៀម​ប៉ាង ហៅ​ប៉ូលីស​ស្រី​មក​ធ្វើ​កិច្ចសន្យា ក្រោយ​បំបៅ​ដោះ​កូន​ពេលធ្វើការ ថា​ប៉ះពាល់​ដល់ កិត្តិយស​នគរបាល និង​ស្ត្រី​ខ្មែរ ។​

​លោកជំទាវ បាន​ថ្លែងថា ក្នុងនាម​ខ្ញុំ​ជា​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ជា​ប្រធាន​ក្រុមការងារ​យេនឌ័រ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស (​គ​.​ជ​.​ប​.​ជ​) ដឹកនាំ​ដោយ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានឃើញ​អត្ថបទ​ដែល​ផ្សព្វផ្សាយ​អំពី អធិការ​ស្រុក​សៀម​ប៉ាង ដែល​បាន​កោះហៅ លោកស្រី​នគរបាល​ម្នាក់​ដែល​គាត់​បំបៅកូន នៅ​តុ​ការងារ​តាមផ្លូវ ប្រហែលជា​នគរ​បាលច​រាច​រណ៍ ដើម្បី​ទៅ​ព្រមាន និង​ឲ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​បំបៅ​ដោះ​កូន​បែបនេះ ។​

​លោកជំទាវ បាន​លើកឡើងថា បាន​អាន​អត្ថបទ​នេះ ខ្ញុំ​មានការ​សោកស្តាយ​ជាខ្លាំង ដែល​លោក​អធិការ​បាន​ប្រើ​ឥរិយាបទ​បែបនេះ និង​មិនបាន​វែកញែក​ឲ្យ​ច្បាស់​ពី​កំហុស និង​ពី​គុណសម្បត្តិ ។ ខ្ញុំ​សូម​ជម្រាប​ឯកឧត្តម​អភិបាល មេត្តា​ជ្រាប ថា ក្នុងស្ថានភាព​ជា​ស្ត្រី ដែលមាន​ភារកិច្ច​ទទួល​ខុសត្រូវ​ទ្វេដង លើសពី​បុរស គឺ​បំពេញការងារ​ស្នូល​ក្នុង​អង្គភាព​ស្ថាប័ន​ផង និង​ត្រូវ​ចិញ្ចឹម​បីបាច់​ថែទាំ​កូន តាំងពី​នៅក្នុង​ផ្ទៃ​រហូត​កើតមក និង​បន្តទៅទៀត​ដល់​ពេញវ័យ បើទោះបីជា​បុរស ជា​ស្វាមី ឬ​អ្នក​ដែលជា​ថ្នាក់ដឹកនាំ​មិនបាន​យកចិត្តទុកដាក់ បង្កលក្ខណៈ​ឲ្យ​នាង​ទទួល បាន​នូវ​ឱកាស​ថែទាំ​កូន​បាន​ងាយស្រួល​យ៉ាងណាក៏ដោយ ក៏​នាង​មិនបាន​បោះបង់​កូន និង​ការងារ​ស្នូល របស់​នាង​ដែរ ។ នេះ​ជា​ទង្វើ ដែល​ខ្ញុំ​ជា​ស្ត្រី​ម្នាក់ សូម​គោរព​កោតសរសើរ នូវ​ឆន្ទៈ​ដ៏​មុះ​មុត ក្នុងការ​បំពេញ ការ​កិច្ច​របស់​មន្ត្រី​ជា​ម្ដី ទោះជា​ប្រឈម​នឹង​ការលំបាក​យ៉ាងណាក៏ដោយ ។​

​លោក​អធិការ គួរតែ​សម្តែង​នូវ​ការកោតសរសើរ លើកទឹកចិត្ត និង​រិះរក​មធ្យោបាយ ឲ្យ​មន្ត្រី​ស្ត្រី បែបនេះ​ទទួលបាន​នូវ​ការយកចិត្តទុកដាក់ និង​ឲ្យ​គាត់​មានឱកាស​គ្រប់គ្រាន់​ថែទាំ​កូន ដូច​ម្តាយ​លោក​ថែទាំ​លោក​កាលពី​នៅ​ទារក និង​ភរិយា​លោក​ថែទាំ​កូនលោក​ដូចគ្នា​ដែរ ។ គាត់​មិនបាន​សម្តែង​ការបញ្ចេញ ភាព​សិច​ស៊ី ដើម្បី​ថត​បង្ហាញ​សាធារណជន​ដើម្បី​ទាក់ទាញ​ដូច​អ្នករកស៊ី​លក់​ភាព​សិច​ស៊ី ដែល​លោក​ត្រូវ មាន ចំណាត់ការ​នោះទេ តែដោយសារ​តែមាន​អ្នក​ដែល​ចាប់អារម្មណ៍ និង​កោតសរសើរ​គាត់ និង​ថត​ដើម្បី​ជា​ភស្តុតាង​បង្ហាញថា នេះហើយ​ជា​ស្ត្រី ជាតិ​ជា​មាតា និង​ជា​អ្នក​ដែលមាន​តួនាទី​បម្រើ​ជាតិ​ជាប់​ខ្លួន​។​

​អាស្រ័យហេតុនេះ សូម​ឯកឧត្តម​អភិបាល លោកជំទាវ​អភិបាលរង លោកស្នងការ និង​ថ្នាក់ដឹកនាំ ទាំងអស់ ពិនិត្យ​ករណីនេះ និង​រិះរក​វិធី​លើកទឹកចិត្ត លោកស្រី​អនុសេនីយទោ​រូបនេះ និង​ស្ត្រី​ជា​មន្ត្រីរាជការ​ដទៃទៀត តាមតែ​អាចធ្វើ​ទៅបាន ដើម្បី​កុំ​ឲ្យ​បាក់​ទឹកចិត្ត ជាពិសេស ក្នុងឱកាស​ទិវា​អន្តរជាតិ​នារី ខួប​លើក ទី ១១០ និង​សូម​ជូនពរ​ដល់​ស្ត្រី​ទាំងឡាយ ជា​កូនស្រី ជា​បងស្រី ជា​ម្តាយ ជា​ជីដូន ជា​មន្ត្រីរាជការ ជា​អ្នក ទ្រទ្រង់​គ្រួសារ សូម​រួច​ផុតពី​អំពើហិង្សា ការប្រមាថ​មាក់ងាយ ការរើសអើង និង​ការរំលោភបំពាន​គ្រប់​រូបភាព និង​សូម​ទទួលបាន​នូវ​កិត្តិយស សេចក្តីថ្លៃថ្នូរ ការគោរព ការ​ឲ្យ​តម្លៃ និង​ការទទួលស្គាល់​នូវ​កិច្ចខិតខំ ប្រឹងប្រែង នៅក្នុង​ការងារ​គ្រួសារ ការងារ​សង្គម និង​ការងារ​ប្រទេសជាតិ ។ សូម​បារមី វត្ថុ​សក្តិ​សិទ្ធ​ក្នុង​លោក ជួយ​បីបាច់​ថែរក្សា និង​ប្រទាន​ពរ ឲ្យ​ស្ត្រី ដែលជា​អ្នកទ្រទ្រង់​ពិភពលោក ឲ្យ​មានជីវិត​បន្ត​ពូជពង្ស និង​មាន សុខសន្តិភាព ទទួលបាន​នូវ​សេចក្តីសុខ សុខ​ភាពល្អ​បរិបូ​ណ៍ ជៀសផុត​គ្រោះថ្នាក់ និង​ឧបសគ្គ​ផងទាំងពួង កុំបី​ឃ្លៀងឃ្លាត​ឡើយ ។​

​សូម​ថ្លែងអំណរគុណ ឯកឧត្តម​ដែល​បាន​យកចិត្តទុកដាក់​ចំពោះ​ការលំបាក​របស់​មន្ត្រី​ជា​ស្ត្រី និង រង់ចាំ​ទទួល​ព័ត៌មាន​ត្រឡប់​អំពី​ចំណាត់ការ​សមស្រប​៕

អត្ថបទដែលជាប់ទាក់ទង