ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេច​ហេង សំរិន អំពាវនាវដល់​ជនរួមជាតិ​ចូលរួម​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​ទាំងអស់គ្នា​

52

 

​ភ្នំពេញ​៖ សម្តេច​ពញា​ចក្រី​ហេង សំរិន ប្រធានរដ្ឋសភា នៅ​ថ្ងៃទី​១០​ខែមីនា​ឆ្នាំ​២០២១​នេះ​បាន​ថ្លែង​សារ​ថា ក្នុងនាម​ជា​តំណាងរាស្ត្រ និង​ជា​ប្រធាន​ស្ថាប័ន​នីតិប្បញ្ញត្តិ​មួយ ខ្ញុំ​មានការ​ព្រួយបារម្ភ​ជាខ្លាំង​ចំពោះ​សុខុមាលភាព​ប្រជាពលរដ្ឋ ខណៈដែល​ជំងឺ​កូ​វីដ​-១៩ កំពុង​រាតត្បាត​ក្នុង​សហគមន៍​នាពេលនេះ​។​

​ខ្ញុំ​បាន​តាមដាន​ពី​ការវិវឌ្ឍ​នៃ​ស្ថានការណ៍​ជំងឺ​នេះ​ដោយ​យកចិត្តទុកដាក់​បំផុត ហើយ​បាន​សង្កេតឃើញថា បើទោះបី​ចំនួន​អ្នក​វិជ្ជមាន​ដែល​រកឃើញ​ស្ថិតនៅក្នុង​អត្រា​ខ្ពស់​ក៏ដោយ តែ​សូម​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ចខិតខំ​ប្រែង​ប្រែង​របស់​រាជរដ្ឋាភិបាល ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​ក្រសួងសុខាភិបាល អាជ្ញាធរ​ដែនដី ដែល​បាន​ដាក់ចេញ​វិធានការ​ទាន់ពេលវេលា ក្នុងការ​គ្រប់គ្រង​និង​ដោះស្រាយ​ស្ថានការណ៍​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ និង​ទាន់ពេលវេលា​ដោយ​មិន​គិត​ថ្ងៃ​យប់នោះ​ឡើយ​។​

​ខ្ញុំ​សូមជម្រាបថា រដ្ឋសភា​ទើបតែ​បានអនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់ ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ​និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត កាលពី​ថ្ងៃទី​៥​មីនា កន្លងទៅនេះ ហើយ​សង្ឃឹមថា សេចក្តីព្រាងច្បាប់​នេះ​ត្រូវ​ឆ្លង​ព្រឹទ្ធសភា​ក្នុងពេល​ឆាប់ៗ​នេះ ដើម្បី​រាជរដ្ឋាភិបាល​យកទៅអនុវត្ត​ជា​ឯកសារ​គតិយុត្ត​នៅក្នុង​ការឆ្លើយតប ទប់ស្កាត់​ការពារ​សុខុមាលភាព​ប្រជាពលរដ្ឋ​កាន់តែ​មា​នល​ក្ខ​ណៈ​ធំ​ទូលំទូលាយ គ្រប់​ជ្រុងជ្រោយ​ថែមទៀត​។​

​សេចក្តីព្រាងច្បាប់​នេះ បានផ្តល់​លទ្ធភាព បង្កើតបានជា​មូលដ្ឋាន​មួយ​ដ៏​សំខាន់ ដើម្បី​បង្កើន​ភាពជា​ម្ចាស់ការ ត្រៀមលក្ខណៈ​ទុកជាមុន ក្នុងការ​ប្រយុទ្ធ​ទប់ស្កាត់​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​នូវ​ការឆ្លង​រាលដាល​នៃ​ជំងឺ​ផ្សេង​ផ្សេងៗ​ទៀត មិនថាតែ​កូ​វីដ​-១៩ នោះ​ផង​ទេ​។​

​ជាថ្មី​ម្តងទៀត ខ្ញុំ​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​មេត្តា​គោរព​និង​ប្រកាន់​ឱ្យបាន​ខ្ជាប់ខ្ជួន និង​ហ្មត់ចត់​នូវ​រាល់​វិធាន ដែល​ក្រសួងសុខាភិបាល​បានដាក់​ចេញ​។ ការការពារ​និង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​ដ៏​កាច​សាហាវ​នេះ គឺ​ត្រូវការ​ជា​ចាំបាច់​នូវ​ការចូលរួម​របស់​យើង​គ្រប់ៗ​គ្នា​។ ពេលនេះ​ជា​ពេល​ដ៏​សំខាន់​ណាស់ ដែល​យើង​ត្រូវការពារ​ខ្លួន​យើង គ្រួសារ​និង​សហគមន៍​យើង​កុំឱ្យ​ឆ្លង​កូ​វីដ​-១៩៕

អត្ថបទដែលជាប់ទាក់ទង