ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ឈប់​ការធ្វើ​អាជីវកម្ម​លើ​វិស័យ​ប្រៃសណីយ៍ ដោយ​គ្មាន​អាជ្ញា​បណ្ណ និង​លិខិតអនុញ្ញាត​

35

 

​ភ្នំពេញ ៖ ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ នៅ​ថ្ងៃទី​១០​ខែមីនា​ឆ្នាំ​២០២១ បានចេញ​សេចក្តីជូនដំណឹង ស្តីពី​ការបញ្ឈប់​ការធ្វើ​អាជីវកម្ម​លើ​វិស័យ​ប្រៃសណីយ៍ ដោយ​គ្មាន​អាជ្ញា​បណ្ណ និង​លិខិតអនុញ្ញាត​។​

​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ មាន​កិត្តិយស​សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណជន​ទាំងអស់ ឱ្យបាន​ជ្រាបថា អនុលោម​តាមច្បាប់​ស្តីពី​វិស័យ​ប្រៃសណីយ៍ និង​លិខិតបទដ្ឋាន​នានា អាជីវកម្ម​ប្រៃសណីយ៍​គ្រប់​ប្រភេទ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវ​ស្ថិតនៅក្រោម​សមត្ថកិច្ច​របស់​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​។ ម្ចាស់​អាជីវកម្ម ក្នុង​វិស័យ​ប្រៃសណីយ៍​គ្រប់រូប​តម្រូវឱ្យមាន​អាជ្ញា​បណ្ណ និង​លិខិតអនុញ្ញាត​ជាដាច់ខាត​ដើម្បី​ប្រកប​អាជីវកម្ម​។
​នាពេល​កន្លងទៅ ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​បាន​សង្កេតឃើញថា ម្ចាស់​អាជីវកម្ម​មួយចំនួន​នៅ​មិនទាន់​គោរព​បាន​នូវ​លក្ខខណ្ឌ​នៃ​អាជ្ញា​បណ្ណ និង​លិខិតអនុញ្ញាត​គ្រប់​ជ្រុងជ្រោយ​នៅឡើយ​។ ម្ចាស់​អាជីវកម្ម​ខ្លះ កំពុង​ប្រកប​អាជីវកម្ម​របស់ខ្លួន​ដោយ​គ្មាន​អាជ្ញា​បណ្ណ និង​លិខិតអនុញ្ញាត​មាន​សុពលភាព​ពី ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ដែល​ទង្វើ​នេះ​ផ្ទុយទៅនឹង​បទ​ប្បញ្ញត្តិ​នៃ​មាត្រា​២៤ និង​មាត្រា​៤៨ នៃ​ច្បាប់​ស្តីពី​វិស័យ​ប្រៃសណីយ៍​។

“​ម្ចាស់​អាជីវកម្ម​ដែល​គ្មាន​អាជ្ញា​បណ្ណ​អាច​នឹងត្រូវ​បញ្ឈប់​អាជីវកម្ម​ដោយ​បន្ទាន់ និង​ត្រូវ​ពិន័យ​ជា​ប្រាក់​ពី ៥.០០០.០០០ (​ប្រាំ​លាន​) រៀល ដល់ ១០.០០០.០០០ (​ដប់​លាន )​រៀល​។ ករណី​មិន​រាងចាល​នឹងត្រូវ​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​។

​ក្នុង​គោលដៅ​ជំ​រុញឱ្យ​ការគ្រប់គ្រង​វិស័យ​ប្រៃសណីយ៍​ប្រកបដោយ​ប្រសិទ្ធភាព ស័ក្តិ​សិទ្ធ​ភាព សណ្តាប់ធ្នាប់ និង​ការពារ​បាន​នូវ​ផលប្រយោជន៍​អ្នកប្រើប្រាស់ ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ សូម​ជូនដំណឹង​ដល់​ម្ចាស់​អាជីវកម្ម ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​ក្នុង​វិស័យ​ប្រៃសណីយ៍​ទាំងអស់​ចូលរួម​សហការ​ដូចខាងក្រោម​៖

១. ចំពោះ​ម្ចាស់​អាជីវកម្ម ដែល​ពុំទាន់​មាន​អាជ្ញា​បណ្ណ​សម្រាប់​ស្នាក់ការ​កណ្តាល និង​លិខិត​អនុញ្ញាតឱ្យ បើក​សាខា​ដែលមាន​ទីតាំងនៅ​រាជធានី​ភ្នំពេញ ត្រូវ​ស្នើសុំ​មក​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​។

២. ចំពោះ​ម្ចាស់​អាជីវកម្ម ដែល​ពុំទាន់​មាន​លិខិត​អនុញ្ញាតឱ្យ​បើក​សាខា​ដែលមាន​ទីតាំង​តាម​បណ្តា​ខេត្ត ត្រូវ​ស្នើសុំ​មកកាន់​មន្ទីរ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ខេត្ត ដែល​សាខា​នោះ​តាំងនៅ​។​
​ម្ចាស់​អាជីវកម្ម​ដែល​មិនទាន់បាន​បំពេញ​តាម​បទ​ប្បញ្ញត្តិ​ខាងលើ ត្រូវ​រួសរាន់​មក​ដាក់ពាក្យ​ស្នើសុំ​អាជ្ញា​បណ្ណ និង​/​ឬ​លិខិតអនុញ្ញាត យ៉ាងយូរបំផុត​ឱ្យបាន​ត្រឹម​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០២១ ជា​កំហិត​៕

អត្ថបទដែលជាប់ទាក់ទង