ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​នាយករដ្ឋមន្ត្រី កម្ពុជា វៀតណាម និង​ឡាវ ឯកភាព​ ពង្រឹងវិស័យពាណិជ្ជកម្ម សេដ្ឋ​កិច្ច និងការហោះហើរ

106

 

​ភ្នំពេញ ៖ ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​លទ្ធផល​នៃ​ជំនួប​តាម​ប្រព័ន្ធ​វីដេអូ​រវាង​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំងបី ព្រះរាជាណាចក្រ​កម្ពុជា សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម នៅ​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២១ ដោយ​នាយករដ្ឋមន្ត្រី​ទាំង​៣​បាន​ឯកភាព​ព​ន្លឿ​ន​ការ អនុវត្ត​ផែនការ​ការតភ្ជាប់​សេដ្ឋ​កិច្ច CLV ដល់​ឆ្នាំ​២០៣០ ដោយ​ផ្តោតលើ​កិច្ចសហប្រតិបត្តិការ​ក្នុងការ​គៀងគរ​ធនធាន​ពី​ដៃគូ​អភិវឌ្ឍន៍ ដើម្បី​ស្ថាបនា​ផ្លូវ​ល្បឿន​លឿន​ហាណូយ​-​វៀងចន្ទន៍ ផ្លូវ​រថភ្លើង វៀងចន្ទន៍ -​វង្ស​អាន និង​ផ្លូវ​រថភ្លើង​ភ្នំពេញ​-​ហូជីមិញ​។​

​នៅ​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២១ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម​បណ្ឌិត ថង​លូន ស៊ី​សូលី​ត នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ និង ឯកឧត្តម ង្វៀន សួន​ហ្វ៊ុ​ក នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គម និយម​វៀតណាម បាន​ជួបគ្នា​តាម​ប្រព័ន្ធ​វីដេអូ ដើម្បី​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងបី ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី ត្រីភាគី និង​ពហុភាគី​។​

​នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ និង​សាធារណរដ្ឋ​សង្គមនិយម វៀតណាម បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​គំនិត​ផ្តួចផ្តើម​ដ៏​សំខាន់​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ឱ្យមាន​ជំនួប​តាម​ប្រព័ន្ធ​វីដេអូ ដែលជា​ការរួមចំណែក​ពង្រឹង និង​ពង្រីក​បន្ថែមទៀត​នូវ មិត្ត​ភាពជា​ប្រពៃណី និង​កិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ​ផ្លែផ្កា​នៃ​ប្រទេស​ទាំងបី​។​

​នៅក្នុង​អំឡុង​ជំនួប​នេះ នាយករដ្ឋមន្ត្រី​ទាំងបី​បាន​ជម្រាបជូន​នូវ​សភាពការណ៍​វិវត្តន៍​ថ្មីៗ​នៅ ក្នុងប្រទេស​របស់ខ្លួន រួមទាំង​ការប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាលដាល​ជំងឺ​កូ​វីដ -១៩​។ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​សម្តែង​ការ​អ​បសាទ​សម​ភាគី​វៀតណាម និង​ឡាវ ចំពោះ​ភាពជោគជ័យ​នៃ​មហាសន្និបាត នៃ​ប​ក្សក​ម្មុយ​នី​ស្ត​វៀតណាម លើក​ទី​១៣ មហាសន្និបាត​នៃ​បក្ស​បដិវត្តន៍​ប្រជាជន​ឡាវ លើក ទី​១១ ក៏ដូចជា​ការបោះឆ្នោត​ម​ហា​សន្និបាតជាតិ​ឡាវ​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​កោត សរសើរ​វៀតណាម​ដែល​ទទួលបាន​ជោគជ័យ​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម​នៅ​ឆ្នាំ​២០២០ ទោះបីជា មាន​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក៏ដោយ​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​អបអរសាទរ​ឡាវ និង​វៀតណាម ក្នុងការ​គ្រប់គ្រង​កា​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ដោយមាន​ប្រសិទ្ធភាព​។ ជាការ​ឆ្លើយតប ឯកឧត្តម​នាយករដ្ឋមន្ត្រី ថង​លូន ស៊ី​សូលី​ត បាន​ថ្លែងអំណរគុណ​ចំពោះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែល​បាន​បរិច្ចាគ​ម៉ាស និង​បរិក្ខារ​ពេទ្យ​ដល់​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ដើម្បី​ជួយ​ប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាលដាល​ជំងឺ​កូ​វីដ -១៩​។

​លើសពីនេះ នាយករដ្ឋមន្ត្រី​ឡាវ និង​វៀតណាម បាន​សម្តែង​នូវ​ជំនឿ​ជឿជាក់ថា ជាមួយនឹង​ការខិតខំ​ប្រឹងប្រែង​ដ៏​មុះ​មុត និង​វិធានការ​ដ៏​តឹងរ៉ឹង ដាក់ចេញ​ដោយ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រទេស​កម្ពុជា​នឹង​ទទួលបាន​ជោគជ័យ​ក្នុងការ​ទប់ស្កាត់​ការ ផ្ទុះ​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​សហគមន៍​ជាថ្មី​ម្តងទៀត​។

​នាយករដ្ឋមន្ត្រី​ទាំងបី បាន​ឯកភាព គ្នា​ពង្រឹង​បន្ថែម​នូវ​កិច្ចសហប្រតិបត្តិការ និង​ការគាំទ្រ គ្នា​ទៅ វិញ​ទៅមក​ក្នុងការ​ប្រយុទ្ធប្រឆាំង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ -១៩​។ នាយករដ្ឋមន្ត្រី​ទាំងបី ក៏បាន​ឯកភាព គ្នា​ក្នុង​ការផ្តល់​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ទៅវិញទៅមក​ដោយ​មិន​គិតថ្លៃ​ដល់​មន្ត្រីការទូត និង​សិស្ស និស្សិត​កម្ពុជា ឡាវ និង​វៀតណាម ដែល​កំពុងស្នាក់នៅ​ក្នុង​ប្រទេស​នីមួយៗ​។​

​នាយករដ្ឋមន្ត្រី​ទាំងបី បាន​សម្តែង​នូវ​ការពេញចិត្ត​រួមគ្នា​ចំពោះ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ ដែល​កំពុងមាន​ការរីក​ចម្រើន​លើ​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំងបី ទោះបី​ស្ថិតក្នុង​កាលៈទេសៈ នៃ​ភាព​ប្រឈម​ខ្លាំង​បណ្តា​លពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​ក៏ដោយ ។ នាយករដ្ឋមន្ត្រី​ទាំងបី ក៏បាន កត់សម្គាល់​ដោយ​ក្ដី​រីករាយ​នូវ​ការកើនឡើង​នៃ​ទំហំ​ពាណិជ្ជកម្ម​រវាង កម្ពុជា​-​ឡាវ និង កម្ពុជា​-​វៀតណាម ។​

​ថ្នាក់ដឹកនាំ​ទាំងបី បាន​ឯកភាព​ពង្រឹង​បន្ថែម​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​នយោបាយ សន្តិសុខ ការពារជាតិ ការគ្រប់គ្រង​ព្រំដែន ពាណិជ្ជកម្ម និង​វិនិយោគ ការតភ្ជាប់ ថាមពល និង​អប់រំ​។ នាយករដ្ឋមន្ត្រី​ទាំងបី ក៏បាន​ឯកភាព​បន្ត​រក្សា និង​អនុវត្តន៍​យ៉ាង​មាន​ប្រសិទ្ធភាព​នូវ​យន្តការ​នៃ​កិច្ច សហប្រតិបត្តិ​ការដែល​មាន​ស្រាប់ – ជំរុញ​កិច្ចសហប្រតិបត្តិការ​រ​វាង​បណ្តា​ខេត្ត​ជាប់​ព្រំដែន – អនុវត្តន៍ ឱ្យមាន​ប្រសិទ្ធភាព​នូវ​រាល់​កិច្ចព្រមព្រៀង​ស្តីពី​ការគ្រប់គ្រង​ព្រំដែន – សហការ​បន្ថែម​ក្នុងការ​ការពារ​សន្តិសុខ តាម​បណ្តោយ​ព្រំដែន​រួម – សម្របសម្រួល​សកម្មភាព​ពាណិជ្ជកម្ម និង​វិនិយោគ ព្រមទាំង​ការឆ្លងកាត់ របស់​ប្រជាជន និង​ទំនិញ​នៅតាម​បណ្តា​ប៉ុស្តិ៍​ត្រួតពិនិត្យ​ព្រំដែន​។​

​នៅក្នុង​វិស័យ​ការតភ្ជាប់ នាយករដ្ឋមន្ត្រី​ទាំងបី បាន​ឯកភាព​ពិចារណា​អំពី​ការ​ដំណើរការឡើង វិញ​នូវ​ការហោះហើរ​អន្តរជាតិ​រវាង​កម្ពុជា ឡាវ និង​វៀតណាម ដើម្បី​ជំរុញ​ពាណិជ្ជកម្ម និង​ការវិនិយោគ ក៏ដូចជា​ការផ្លាស់ប្តូរ​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំងបី​។​

​នៅក្នុង​កិច្ចសហប្រតិបត្តិការ​ក្របខ័ណ្ឌ​អនុតំបន់ នាយករដ្ឋមន្ត្រី​ទាំង​៣​បាន​ឯកភាព​ព​ន្លឿ​ន​ការ អនុវត្ត​ផែនការ​ការតភ្ជាប់​សេដ្ឋ​កិច្ច CLV ដល់​ឆ្នាំ​២០៣០ ដោយ​ផ្តោតលើ​កិច្ចសហប្រតិបត្តិការ​ក្នុងការ​គៀងគរ​ធនធាន​ពី​ដៃគូ​អភិវឌ្ឍន៍ ដើម្បី​ស្ថាបនា​ផ្លូវ​ល្បឿន​លឿន​ហាណូយ​-​វៀងចន្ទន៍ ផ្លូវ​រថភ្លើង វៀងចន្ទន៍ -​វង្ស​អាន និង​ផ្លូវ​រថភ្លើង​ភ្នំពេញ​-​ហូជីមិញ​។​

​ជាងនេះទៅទៀត នាយករដ្ឋមន្ត្រី​វៀតណាម និង​ឡាវ បានបញ្ជាក់​សារជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​ក្នុង ការគាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​អនុតំបន់​មេគង្គ​លើក​ទី​៧ នៅក្នុង​ខែមីនា ឆ្នាំ​២០២១ កិច្ចប្រជុំ​កំពូល ASEM លើក​ទី​១៣ នៅ​ចុងឆ្នាំ​២០២១ និង​ប្រធាន​អាស៊ាន ក្នុង​ឆ្នាំ​២០២២​។​

​ទន្ទឹមនេះ នាយករដ្ឋមន្ត្រី​ទាំងបី បាន​ឯកភាព​ចាត់តាំង​ឱ្យ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ ខេត្ត​ពាក់ព័ន្ធ​ទាំងអស់​អនុវត្តន៍​នូវ​ការ​ព្រមព្រៀងគ្នា ដែល​បានសម្រេច​នៅក្នុង​ជំនួប​តាម​ប្រព័ន្ធ​វីដេអូ នេះ ក៏ដូចជា​ការបង្កើន​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ព​ហុ​វិស័យ​រវាង​បណ្តា​ប្រទេស​ទាំងបី កម្ពុជា វៀតណាម និង​ឡាវ​។​

​ជា​ចុងបញ្ចប់ ថ្នាក់ដឹកនាំ​ទាំងបី​ក៏បាន​ផ្លាស់ប្តូរ​ទស្សនៈ​គ្នា លើ​បញ្ហា​តំបន់ និង​អន្តរជាតិ ដែល ជា​ផលប្រយោជន៍ និង​ក្តីបារម្ភ​រួម ផងដែរ​៕

អត្ថបទដែលជាប់ទាក់ទង