ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្រេចផ្អាកជាបណ្តោះអាសន្ន នូវការចរាចរណ៍ ចេញ ចូល ចំពោះប្រជាពលរដ្ឋ ចំនួន៤ឃុំនៃស្រុកពាមរក៍

81

ខេត្តព្រៃវែង ៖ រដ្ឋបាលខេត្តព្រៃវែង សម្រេចផ្អាកជាបណ្តោះអាសន្ននូវការចរាចរណ៍ចេញ ចូល ចំពោះប្រជាពលរដ្ឋ ចំនួន៤ឃុំ (ឃុំព្រែកខ្សាយ(ក) ឃុំព្រែកខ្សាយ(ខ)ឃុំអ្នកលឿង និងឃុំពាមរក៍) នៃស្រុកពាមរក៍ខេត្តព្រៃវែង បន្ទាប់ពីរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៣៦នាក់ ដែលសរុបទូទាំងខេត្តមានចំនួន ៤៥នាក់។

សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រៃវែងពីការផ្អាកបណ្តោះអាសន្ននូវការចរាចរណ៍ចេញ-ចូល ចំពោះប្រជាពលរដ្ឋ ចំនួន ០៤ឃុំ (ឃុំព្រែកខ្សាយ (ក) ឃុំព្រែកខ្សាយ (ខ) ឃុំអ្នកលឿង និងឃុំពាមកៅ)នៃស្រុកពាមរក៍ ខេត្តព្រៃវែង។

រដ្ឋបាលខេត្តព្រៃវែង មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណៈជន មេត្តាជ្រាបថា ដោយស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ពិសេសព្រឹត្តិការណ៍ “សហគមន៍ ២០ កុម្ភៈ” នៅតែបន្តកើនឡើង ។ ក្នុងព្រឹត្តិការណ៍ “សហគមន៍ ២០ កុម្ភៈ” នេះ ខេត្តព្រៃវែង ក៏មានប្រជាពលរដ្ឋវិជ្ជមានកូវីដ-១៩ ដែលបានចាប់ផ្តើមកើតលើប្រជាពលរដ្ឋម្នាក់ក្នុងស្រុកពាមរក៍ និងបានបន្តទៅប្រជាពលរដ្ឋផ្សេងទៀតក្នុង ស្រុកពាមរក៍ និងបណ្តាស្រុកមួយចំនួនទៀត ក្នុងខេត្តព្រៃវែង គិតមកដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១នេះ ស្រុកពាមរក៍ មានអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៣៦នាក់ ដែលសរុបទូទាំងក្នុងខេត្ត មានចំនួន ៤៥នាក់។

ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវី៨-១៩ ចូលក្នុងសហគមន៍ រដ្ឋបាលខេត្តព្រៃវែង សូមធ្វើការផ្អាកបណ្តោះ អាសន្ននូវការចេញ-ចូល ចំពោះប្រជាពលរដ្ឋ ចំនួន ០៤ឃុំ គឺឃុំព្រែកខ្សាយ (ក) ឃុំព្រែកខ្សាយ (ខ) ឃុំអ្នកលឿង និង ឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង ចាប់ពីម៉ោង ០០:០០ នាទី ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១នេះតទៅ ដែលមានទីតាំង ចំនួន ០៤គោលដៅ ដូចខាងក្រោម៖

គោលដៅទី១៖ ចំណុចខាងលិចរង្វង់មូលត្រីកោណ គល់ស្ពានត្សឹបាសា(ស្ពានអ្នកលឿង)ផ្លូវជាតិលេខ១
គោលដៅទី២៖ ចំណុចផ្លូវកែងចូលភូមិចាក់ខ្លាញ់ ឃុំពាមរក៍ ( ផ្លូវជាតិលេខ១១)
គោលដៅទី៣៖ ចំណុចផ្លូវចូលវត្តទួលសមាធិ ឃុំព្រែកខ្សាយ(ខ)
គោលដៅទី៤៖ ចំណុចព្រំប្រទល់ស្រុកពាមរក៍ និងស្រុកពាមជរ ( ផ្លូវលេខ៣១០) ។

ចំពោះការផ្អាកចរាចរណ៍ចេញ-ចូលបណ្តោះអាសន្ននេះ នឹងដំណើរការឡើងវិញ ក្រោយពីស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩ មានសភាពធូរស្រាល រដ្ឋបាលខេត្ត នឹងជូនដំណឹងពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង