ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃុំខ្លួន​លោក​ឧកញ៉ា​ធី ហួត ករណី​រំលោភ​លើ​ទំនុកចិត្ត ជួល​រថយន្ត​ធុន​ធំ យកទៅ​ប្រើការ បែរជា​បញ្ចាំ និង​លក់

79

 

​កំពត ៖ ប្រធាន​ក្រុមហ៊ុន​ហ្គោល​រៀល​អ៊ី​ស្ទេ​ត លោក​ឧកញ៉ា ធី ហួត ត្រូវបាន​ចៅក្រម​សាលាដំបូង​ខេត្តកំពត​បានសម្រេច​ដីការ​ឃុំខ្លួន​បណ្តោះអាសន្ន នា​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០២១ ពីបទ​រំលោភ​លើ​ទំនុកចិត្ត ជួល​រថយន្ត​ធុន​ធំ​អ្នកដទៃ​ជាង​១០​គ្រឿង យកទៅ​ប្រើការ បែរជា​បញ្ចាំ និង​លក់​គ្មាន​សល់​។​

​បើ​យោងតាម​លោក​វរសេនីយ៍ឯក លក ញ៉ា​វ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​ខេត្តកំពត បាន​ប្រាប់​កាសែត​ក្នុងស្រុក​ថា កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០២១ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពត បានសម្រេច​ឃុំខ្លួន​ឈ្មោះ ធី ហួត ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មាន​ទីលំនៅ ភូមិ​សំរោង ឃុំ​ប្រណាក ក្រុង​ព្រះវិហារ ខេត្តព្រះវិហារ ពីបទ​រំលោភ​លើ​ទំនុកចិត្ត ព្រោះ​ឧកញ៉ា​ម្នាក់នេះ​ត្រូវបាន​គេ​ប្ដឹង​ច្រើន​រហូត​ជាង​១០​បណ្ដឹង​។ កាលពី​អំឡុង​ខែធ្នូ ឆ្នាំ​២០២០ ក្នុងនាម​ជា​ប្រធាន​ក្រុមហ៊ុន​ហ្គោល​រៀល​អ៊ី​ស្ទេ​ត លោក​ឧកញ៉ា ធី ហួត បាន​ជួល​រថយន្ត​ធុន​ធំ​ជាង​១០​គ្រឿង ពី​ប្រជាពលរដ្ឋ​នៅ​ខេត្តកំពត ខេត្តកំពង់ស្ពឺ និង​រាជធានី​ភ្នំពេញ​។ ព្រោះតែ​ជួប​វិបត្តិ​ហិរញ្ញវត្ថុ លោក​ឧកញ៉ា​រូបនេះ បាន​យក​រថយន្ត​ទាំងនោះ​ទៅ​លក់ និង​បញ្ចាំ​ដាច់​ទាំងអស់ ដូច្នេះហើយ​ទើប​ម្ចាស់​រថយន្ត​បានដាក់​ពាក្យបណ្ដឹង​នៅ​ខេត្តកំពត រហូត​សាលាដំបូង​តម្រូវឱ្យ​ចូលខ្លួន តែ​ជនសង្ស័យ​បាន​ព្យាយាម​គេចវេះ​។​

​លោក លក ញ៉ា​វ បាន​បន្តថា ជាមួយ​ដីកា​បង្គាប់​ឱ្យ​នាំខ្លួន​របស់​សាលាដំបូង​ខេត្ត លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្តកំពត បានដាក់​បទបញ្ជា​ដល់​កម្លាំង​ក្រោម​ឱវាទ​ឱ្យ​អនុវត្ត​ដោយ​យកចិត្តទុកដាក់​បំផុត​។ លុះដល់​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២១ ពេល​កំពុង​ល្បាត​តាម​ដងផ្លូវ​ជាតិ​លេខ​៣ សមត្ថកិច្ច​បាន​ប្រទះឃើញ​ជនសង្ស័យ ធ្វើដំណើរ​លើផ្លូវ​ជាតិ​លេខ​៣ ក៏​នាំគ្នា​ដេញតាម​ទាន់ និង​ឃាត់ ខ្លួន​បាន​ពេល​ឆ្លង​ចូលដល់​ឃុំ​អូរ​សារាយ ស្រុក​ត្រាំកក់ ខេត្ត តាកែវ នាំមក​អនុវត្តតាម​នីតិវិធី​តែម្តង​៕


អត្ថបទដែលជាប់ទាក់ទង