ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាតករ​២​នាក់ ដែល​អា​រក​សម្លាប់​បុរស​ម្នាក់ ប្លន់យកទ្រព្យសម្បត្តិ

499

 

​ភ្នំពេញ ៖ ក្រោយ​បើក​ការស្រាវជ្រាវ​យ៉ាង​យក​ចិ​ត្ដ​ទុកដាក់​ទីបំផុត ជនដៃដល់​និង​អ្នក​រួមគំនិត ធ្វើ​សកម្មភាព​អា​រក​សម្លាប់​បុរស​ម្នាក់ នៅ​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២១ កន្លងទៅ ត្រូវ​កម្លាំង​នគរបាល​តាម​បង្ក្រាបបាន​ហើយ នៅ​ស្រុក​គីរីវង់ ខេត្តតាកែវ នា​រសៀល​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២១ ។​

​ប្រតិបត្តិការ​នេះ​ធ្វើឡើង​ក្រោម​ការបញ្ជា​ផ្ទាល់​ពី​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ , លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ិន បូរ៉ា អគ្គ​ស្នងការរង​នគរបាលជាតិ និង មានការ​ចង្អុលបង្ហាញ​ពី លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដែលមាន​ការសម្របសម្រួល​នីតិវិធី ដោយ​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។​

​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ក៏បាន​សហការ​ជាមួយ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ , អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ និង​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ។​

​សមត្ថកិច្ច ថ្លែងថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​នោះ ឈ្មោះ ម៉ៅ រដ្ឋា ហៅ​ជិប ភេទ​ប្រុស ឃាត់ខ្លួន​បាន​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ មុខ​មណ្ឌល​សុខភាព​ព្រែ​កឯក សង្កាត់​ព្រែ​កឯក ខណ្ឌ​ច្បារអំពៅ និង​ឈ្មោះ ម៉េង ណា​ឃីម ភេទ​ប្រុស អាយុ ២១​ឆ្នាំ ឃាត់ខ្លួន​បាន នៅ​ស្រុង​គិរីវង់ ខេត្តតាកែវ ។​

​ក្រុម​ជនសង្ស័យ​សារភាព​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២១ នៅ​ថ្ងៃកើតហេតុ​ពួកខ្លួន​បាន​រៀប​គម្រោង និង​បបួល​ជនរងគ្រោះ​មក​ហូប​អី​ជុំគ្នា​នៅ​កោះ​ពេជ្រ ដោយ​ស្ថាន​ភាពមិនប្រក្រតី ក៏បាន​នាំគ្នា​ទៅផ្ទះ​វិញ​រៀងខ្លួន ។​

​មិនបាន​ប៉ុន្មាន ក្រុម​ជនសង្ស័យ​បាន​ហៅ​ជនរងគ្រោះ​មក​ក្រៅ​ម្ដងទៀត មក​ម្ដុំ​ផ្លូវជាតិ​លេខ​១ លុះ​មកដល់​ចំណុច​ងងឹត ក៏បាន​ធ្វើ​សកម្មភាព​តែម្ដង​។ ក្រោយពី​ធ្វើ​សកម្មភាព​រួច ជនសង្ស័យ​ទាំង​២​នាក់ បាន​ចែក​សម្ភារៈ​គ្នា ក្នុងនោះ​ឈ្មោះ ម៉ៅ រដ្ឋា ហៅ ជិប យក​ចិ​ញ្ជៀ​ន​មាស និង​ខ្សែក ចំណែក​ឈ្មោះ ម៉េង ណា​ឃីម យក​ម៉ូតូ ទូរស័ព្ទដៃ និង​ខ្សែដៃ រួច​នាំគ្នា​គេចខ្លួន​ទៅ​ស្រុក​គិរីវង់ ខេត្តតាកែវ​។​

​បច្ចុប្បន្ន​កម្លាំង​ជំនាញ នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ កំពុង​សាកសួរ និង​រៀបចំ​ឯកសារ​ប្រគល់​ជនសង្ស័យ និង​វត្ថុតាង​ឲ្យ​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី និង​ត្រៀម​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ ៕

អត្ថបទដែលជាប់ទាក់ទង