ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដំណាំ​ស្វាយចន្ទី មានតម្លៃ​ខ្ពស់ជាង​ឆ្នាំមុន​នៅ​ទីផ្សារ​ក្នុងស្រុក ខណៈ ជំងឺ​កូ​វិដ​-១៩ កំពុង​រីក​រាលដាល​ចូល​សហគម​ន៏​

162

 

​សៀមរាប​៖ ដំណាំ​ស្វាយចន្ទី មានតម្លៃ​ខ្ពស់ជាង​ឆ្នាំមុន​នៅ​ទីផ្សារ​ក្នុងស្រុក ខណៈ ជំងឺ​កូ​វិដ​-១៩ កំពុង​រីក​រាលដាល​ចូល​សហគម​ន៏ ។ កសិករ​ស្រុក​ស្រីស្នំ​ខេត្ត សៀមរាប​កំពុង​មមាញឹក​នឹង​ការប្រមូល​ផល​ស្វាយចន្ទី​លក់​ទៅកាន់​ទីផ្សារ ខណៈ ដំណាំ​ស្វាយចន្ទី​ឆ្នាំនេះ​មានតម្លៃ​ខ្ពស់ជាង​ឆ្នាំមុន​។​

លោក ជៀម ចក ជា​កសិករ​ដាំ​ស្វាយចន្ទី​រស់នៅក្នុង​ឃុំ​ស្លែង​ស្ពាន ស្រុក​ស្រីស្នំ បានបញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១៧ មីនា ឆ្នាំ​២០២១​នេះ​ថា លោក​ដាំ​ស្វាយចន្ទី​រយៈពេល​ប្រមាណ​ជាង​៤​ឆ្នាំ​មកហើយ លើ​ផ្ទៃដី​ជាង​៥​ហិកតា ហើយ​ឆ្នាំ​២០២១​នេះ ទោះបី​មាន​ភ្លៀង​ធ្លាក់​ដើមឆ្នាំ​ធ្វើឱ្យមាន​បញ្ហា​ដល់​ក្តឹប​ស្វាយចន្ទី​ក្តី ប៉ុន្តែ​ទិន្នផល​ទទួលបាន​មានការ​កើនឡើង និង​តម្លៃ​លក់​ចេញ​ក៏បាន​ខ្ពស់​គួរសម​មាន​ភាពច្បាស់លាស់​ធ្វើឱ្យ​កសិករ​សប្បាយរីករាយ​។​

លោក​បន្តថា ឆ្នាំមុន​លោក​អាច​រកប្រាក់​ចំណេញ​បាន​ប្រមាណ​១៥​លាន​រៀល​ពីមុខ​របរ​នេះ ហើយ​នៅ​ឆ្នាំនេះ​អាចនឹងទទួល​បាន​ច្រើនជាង​មុន ពីព្រោះ​តម្លៃ​លក់​គ្រាប់ស្វាយចន្ទី​មិន​ធ្លាក់ចុះ ហើយ​ទិន្នផល​ក៏​ទទួលបាន​ច្រើនជាង​ឆ្នាំមុន​ដែរ​។​

លោក​បាន​បញ្ជាក់ថា ស្វាយចន្ទី​ជា​ដំណាំ​មួយ​ប្រភេទ ដែល​ដាំ​រួច​ត្រូវ​ចំណាយ​ពេលវេលា ចាប់ ពី​២​ឆ្នាំ​ឡើងទៅ ទើប​ទទួលបាន​ផល ប៉ុន្តែ​ទទួលផល​យូរអង្វែង​។ ដើម្បីឱ្យ​ទទួលបាន​ផល​ច្រើន​កសិករ​ត្រូវ​សំអាត​ស្មៅ​នៅតាម​រង និង​គល់​ស្វាយចន្ទី​ជាប្រចាំ និង​ការ​បំប៉ន ដាក់​ជី តាម​កម្រិត​នៃ​អាយុកាល​របស់​ស្វាយចន្ទី និង​ត្រូវដាក់​នៅ​ជុំវិញ​ដើម ហើយ​ពេលវេលា​នៃ​ការដាក់​ជី​ត្រូវធ្វើឡើង​ក្នុង​មួយឆ្នាំ ៣​ដង គឺ​នៅ​ដើមរដូវ ចុងរដូវ និង​ពេល​កាន់​ផ្លែ​។​

កាល​ខ្ញុំ​លក់​ដើមខែ​បាន​១​គីឡូ​៥៥០០​រៀល បើ​ប្រៀបធៀប​ឆ្នាំមុន​និង​ឆ្នាំនេះ ខ្ញុំ​ថា​ឆ្នាំនេះ​តម្លៃ​នៅ​ថេរ​ជាង ពីព្រោះ​ឆ្នាំមុន​ស្វាយចន្ទី​វា​ខូច ផ្លែ​ទៅ​ឡើង​ខ្មៅ ឈ្មួញ​ដែល​ទិញ​គាត់​ថា​អត់​ល្អ គាត់​រើស​យកតែ​ពណ៌​ស​ទេ ដល់​ឆ្នាំនេះ​យើង​លក់បាន​ថ្លៃ​ជាង ស្វាយ​ល្អ​ជាង​ឆ្នាំទៅ ឆ្នាំទៅ​លក់បាន​១៥​លាន តែ​ឆ្នាំនេះ​ខ្ញុំ​ថា​បាន​ច្រើនជាង​ព្រោះ​តម្លៃ​នៅ​ថេរ និង​ទិន្នផល​ក៏បាន​ច្រើន ដែរ ។​

​គួរ​ជម្រាប​ផងដែរ​ថា ស្វាយចន្ទី​ត្រូវបាន​កសិករ​ដាំ​ដើម្បី​យក​គ្រា​ប់លក់ ជា​ដំណាំ​ដែល​ស្រួល​ដាំ​ដុះ និង​មិន​រើស​ទីតាំង​។ តែ​យ៉ាងណា​កសិករ​គួរស្វែងយល់​ពី​បច្ចេកទេស​ដាំ​ដុះ និង​ការថែទាំ ឱ្យបាន​ច្បាស់លាស់​ដើម្បី​បង្កើន​ទិន្នផល​។ យោងតាម​របាយការណ៍​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានឱ្យដឹង​នៅថ្ងៃនេះ​ថា ប្រទេស​កម្ពុ​ជាមាន​ផ្ទៃដី ដែល​កំពុង​
​ដាំ​ស្វាយចន្ទី​សរុប​ចំនួន​២៥៨,៩៨៤ ហិកតា និង​ត្រៀម​ដី​ប្រមាណ​៣​ម៉ឺន​ហិកតា បន្ថែមទៀត ក្នុង​បំណង​នាំ ចេញទៅ​លក់​នៅ​ប្រទេស​ចិន​ខាងមុខ តាម​ការបញ្ជា ទិញ ៕ សំរិត​

អត្ថបទដែលជាប់ទាក់ទង