ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ធ្វើ​យុទ្ធនា​ការចាក់​វ៉ាក់សាំងអា​ស្ត្រា​សេនី​កា​រយៈពេល​១៥​ថ្ងៃ នៅ​រាជធានី​ភ្នំពេញ ជូន​ពលរដ្ឋ​អាយុ​៦០​ឆ្នាំ​ឡើង

25

 

​ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃទី ១៩ ខែមីនា នេះ តាមរយៈ​សារ​សំឡេងសម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មានប្រសាសន៍ថា ព្រឹត្តិការណ៍ ២០ កុម្ភៈ រហូតមកដល់​ពេលនេះ មាន​រយៈពេល​មួយខែ​ហើយ ក៏ប៉ុន្តែ​សភាពការណ៍​មិនទាន់​ធូរស្រាល​នៅឡើយ​ទេ​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​បញ្ជាក់ថា មនុស្ស​ចាស់ ជា​អ្នកមាន​ហានិភ័យ​ខ្ពស់ ដូច្នេះ ខ្ញុំ​សូម​ស្នើ​ឲ្យ​លោកជំទាវ ឱ វណ្ណឌី​ន និង​ឯកឧត្តម ឃួ​ង ស្រេង ធ្វើ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​រយៈពេល​១៥​ថ្ងៃ នៅ​រាជធានី​ភ្នំពេញ​។ ហើយ​មណ្ឌល​ចាក់​វ៉ាក់សាំង​ទាំងនោះ គឺ​ធ្វើ​នៅតាម​ខណ្ឌ ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​បងប្អូន​ដែល​ត្រូវ​ទទួល​ការចាក់​វ៉ាក់សាំង​។​

​សម្ដេច​តេ​ជោ បាន​បន្ថែមថា យើង​ត្រូវតែ​ចាក់​វ៉ាក់សាំង​ឲ្យ​មាន​របៀបរៀបរយ ហើយ​ស្របទៅតាម​ការកំណត់​គោលនយោបាយ​ការចាក់​វ៉ាក់សាំង ដោយ​អាជ្ញាធរ​ត្រូវ​អញ្ជើញ​ពលរដ្ឋ​របស់​ខ្មួ​ន ដោយ​គ្មាន​ការរើសអើង​និន្នាការ​នយោបាយ​។ តាមរយៈ​នេះ សម្ដេច បាន​ណែនាំ​ឲ្យ​គ្រូពេទ្យ​នៅតាម​មន្ទីរពេទ្យ ដែល​កំពុងតែ​ចាក់​វ៉ាក់សាំង គឺ​មិន​ចាក់​វ៉ាក់សាំង​អា​ស្តា​សេនី​កា ដល់​អ្នក​ដែលមាន​អាយុ​មិន​ដល់​៦០​ឆ្នាំ​នោះទេ ជៀសវាង​ខុស​គោលនយោបាយ​នៃ​ការបែងចែក​វ៉ាក់សាំង​របស់​រាជរដ្ឋាភិបាល​។ សម្រាប់​វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម ចាក់​ជូន​ប្រជាពលរដ្ឋ​ដែលមាន​អាយុ ៥៩​ឆ្នាំ​ចុះក្រោម រីឯ អា​ស្តា​សេនី​កា ចាក់​សម្រាប់​មនុស្ស​ចាប់​ពី​អាយុ ៦០​ឆ្នាំ​ឡើង​។​

​ដោយឡែក​សម្រាប់​អ្នកទទួល​ការចាក់​វ៉ាក់សាំង​វិញ ក៏ត្រូវ​តែមាន​ការអញ្ជើញ​ពី​អាជ្ញាធរ ដើម្បី​ជៀសវាង​ការ​មក​អង្គុយ​រង់ចាំ អត់បាយ អត់​ទឹក នៅតាម​ទីកន្លែង ទទួល​ចាក់​វ៉ាក់សាំង​ដូចជា​ពេល​កន្លងទៅ​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា នៅពេល​ខាងមុខនេះ ប្រសិនបើ​គ្មានអ្វី​ផ្លាស់ប្ដូរ​ទេ​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់ នឹង​មកដល់​កម្ពុជា នៅ​ថ្ងៃទី ២៦​ខែមីនា នេះ​បើតាម​ការជូនដំណឹង​ពី​ភាគី​មិត្ត​ចិន ដែល​កម្ពុជា​បាន​ទិញ​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់ ពី​ប្រទេស​ចិន​ចំនួន ១​លាន ៥​សែន​ដូ​ស​។ សម្ដេច​បាន​បន្តថា ក្រៅពីនោះ យើង​នៅសល់​ជំនួយ​ពី​មិត្ត​ចិន ដោយ​ស៊ី​ណូ​ហ្វា​ម ចំនួន ៤០​ម៉ឺន​ដូ​ស​ទៀត ដែល​សង្ឃឹមថា នឹង​ទទួលបាន​មុន​ចូលឆ្នាំ​ខ្មែរ​។​

​គួរ​បញ្ជាក់ថា ផែនការ​របស់​រាជរ​ដ្ឋា​ភិ​បាល នឹង​ចាក់​វ៉ាក់សាំង​ជូន​ប្រជាព​រដ្ឋ រង្វង់​ពី ១០​លាន​ទៅ ១៣​លាន​នាក់ ជាមួយគ្នានេះ សម្ដេច​តេ​ជោ ក៏បាន​បញ្ជាក់​ផងដែរ​ថា ចាប់តាំងពី​យុទ្ធនាការ​នៃ​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ទាំង​ស៊ី​ណូ​ហ្វា​ម និង​អា​ស្តា​សេនី​កា គឺ​មិនទាន់មាន​ការគំរាមកំហែង ប៉ះពាល់​ពី​ឥទ្ធិពល​នៃ​វ៉ាក់សាំង​ដល់​ប្រជាពលរដ្ឋ​យើង​ណា​ម្នាក់​នោះ​នៅឡើយ​ទេ​៕

អត្ថបទដែលជាប់ទាក់ទង