ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អតីត​ផ្សារណាត់ ដែល​បន្សល់​ពី​ជំនាន់​បារាំង ក្នុង​ទឹកដី​ក្រុង​ដូន​កែវ​ ត្រូវសាងសង់ជា​ផ្សារ​ទំនើប​ខ្នាតតូច​

26

 

​តាកែវ ៖ ផ្សារណាត់ ដែលជា​ផ្សារ​មួយ​មាន​ភាព​វ័យ​ចំណាស់​ដែល​បន្សល់ទុក​តាំងពី​ជំនាន់​អ​ណា​និគម​ន៍​បារាំង និង​ត្រូវបាន​ជួសជុល​រៀបចំ​ឡើងវិញ​នៅ​ឆ្នាំ​១៩៨២ ក្រោយ​បញ្ចប់​សម័យ​ប៉ុលពត ឥឡូវនេះ​ត្រូវបាន​វាយកំទេច​ចោល​ហើយ និង​ចាប់​ផ្តើមកសាង​ថ្មី​ឡើងវិញ ជា​ផ្សារ​ទំនើប​ខ្នាតតូច​មួយ មុនគេ​បង្អស់​នៅក្នុង​ទឹកដី​វ័យ​ចំណាស់​នៃ​ក្រុង​ដូន​កែវ ខេត្តតាកែវ នា​សម័យ​សុខសន្តិភាព កាលពី​រសៀល​ថ្ងៃទី ១៨ ខែមីនា ឆ្នាំ​២០២១​នេះ ។​

​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន នៅ​ថ្ងៃ​ចាប់ផ្តើម​បុកគ្រឹស​សាងសង់​ផ្សារណាត់​ថ្មី​នេះ លោក កង អ​ណាន់ អភិបាលក្រុង​ដូន​កែវ បាន​លើកឡើងថា ផ្សារណាត់​ថ្មី​នេះ​ជា​សមិទ្ធិផល​ថ្មី​មួយ​ទៀតហើយ ដែល​ក្រុង​ដូន​កែវ​បាន​កសាងឡើង​នា​សម័យ​សុខសន្តិភាព ក្រោម​ម្លប់​ដ៏​ត្រចះត្រចង់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​គតិបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន អរគុណ​សន្តិភាព ។​

​លោក​អភិបាលក្រុង​បន្តថា ផ្សារណាត់​ថ្មី​នេះ គឺជា​ផ្សារ​ទំនើប​ខ្នាតតូច​មួយ​មុនគេ​បង្អស់​នៅក្នុង​ទឹកដី​នៃ​ខេត្តតាកែវ ការរៀបចំ​ផ្សារណាត់​នេះ​គឺមាន​កម្ពស់ ៣​ជាន់ និង​មាន​តូប​សម្រាប់​លក់ដូរ​ជាង ៣០០​តូប ដែល​ត្រូវបាន​គិតគូរ​ពី​ប្រព័ន្ធ​សុ​វត្តិភាព ផ្លូវ​ចេញ ផ្លូវ​ចូល និង​ប្រព័ន្ធ​ការពារ​ជាច្រើន​ទៀត ជាពិសេស គឺ​រៀបចំ​ឲ​មាន​សណ្តាប់ធ្នាប់​ទៅតាម​ស្តង់ដា​ផ្សារ​ទំនើបកម្ម​មួយ​ដែរ ហើយ​ទាំងនេះ​គឺជា​គំនិត​ផ្តួចផ្តើមឡើង​ដោយ​លោក ឡោ ជំនិត ម្ចាស់​វិនិយោគ​គំរោង​សង់​ផ្សារណាត់​ថ្មី​នេះ ។

​បងប្អូន​ប្រជាពលរដ្ឋ​ដែលជា​អាជីវករ​ផ្សារណាត់ និង​ពលរដ្ឋ​រស់នៅ​ជុំវិញ​ផ្សារណាត់​នេះ បាន​និយាយថា ពួកគាត់​មានចិត្ត​សប្បាយរីករាយ​ជាខ្លាំង​ក្រោយ​សំឡេង​ស្នូរ​បុកគ្រឹស​ផ្សារណាត់​នេះ​បាន​បន្លឺឡើង ព្រោះ​ចាប់ពីពេលនេះ​តទៅ​ពួកគាត់​និង​ទទួលបាន​តូប​លក់ដូរ​សមស្រប​ហើយ​ស្អាត និង​អនាម័យ ដែល​អាច​ទាញ​ចំណាប់អារម្មណ៍​ដល់​អ្នក​ទិញ​មក​ចូល​ផ្សា​រទិញ​ម្ហូបអាហារ​បានក​ឆន់​តែ​ច្រើនជាង​មុន ។

​ដោយឡែក​ចំពោះ​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​ផ្សារណាត់​វិញ ក៏បាន​លើកឡើងថា ការសាងសង់​ផ្សារណាត់​នេះ វា​បានធ្វើ​ឲ​តម្លៃ​ដី​នៅ​ជុំវិញ​ផ្សារ​ហក់​ឡើង​ខ្ពស់​នឹកស្មាន​មិន​ដល់​ឡើយ​បើ​ធៀប​ជាមួយ និង​មុន​មិនទាន់មាន​គម្រោង​សាងសង់​ផ្សារណាត់​ថ្មី​នេះ ជាពិសេស​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​ផ្សារណាត់​នោះ ក៏​អាច​ប្រែ​ក្លាយខ្លួនជា​អាជីវករ​លក់​នៅតាម​ផ្ទះ​របស់ខ្លួន​ផងដែរ​៕

អត្ថបទដែលជាប់ទាក់ទង