ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីផ្តើម ​ អ៊ុតគំនូសសញ្ញាចរាចរណ៍ នៅលើកំណាត់ផ្លូវដែលបានអ៊ុតកៅស៊ូAC រួចរាល់នៅក្នុងខណ្ឌដូនពេញ

91

ភ្នំពេញា៖ រដ្ឋបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់ណាស់ លើបញ្ហា ការខូចខាតផ្លូវដោយទឹកជំនន់ ការកកស្ទះចរាចរណ៍ ការស្ទះប្រព័ន្ធលូ និងរៀបចំសណ្ដាប់ធ្នាប់សាធារណ: នៅក្នុងមូលដ្ឋានទូទាំង១៤ខណ្ឌក្នុងរាជធានី ដើម្បីកាត់បន្ថយការកក់ស្ទះចរាចរណ៍ លើកសោរភ័ណ្ឌភាពទីក្រុងអោយកាន់តែស្រស់ស្អាតនិងងាយស្រួលក្នុងការធ្វើដំណើរផងដែរ

   ជាក់ស្តែងសម្រាប់ថ្ងៃទី១៩មិនា២០២១នេះ ក្រុមការងារនៃមន្ទីរសារធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានបន្តសកម្មភាពអ៊ុតគំនូសសញ្ញាចរាចរណ៍ គំនូសជាប់ គំនូសដាច់ នឹងនូសសំរាប់ថ្មើរជើង នៅតាមបណ្ដោយផ្លូវជាច្រើនខ្សែនៅក្នុងខណ្ឌដូនពេញ ពិសេសកំណាត់ផ្លូវដែលបានអ៊ុតកៅស៊ូACរួចរាល់ហើយ។

  លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានអោយដឹងថា ការអ៊ុតគំនូសសញ្ញាចរាចរណ៍ គំនូសជាប់ គំនូសដាច់ នឹងនូសសំរាប់ថ្មើរជើងខាងលើនេះធ្វើឡើងទៅតាមការណែនាំរបស់លោកឃួងស្រេង អភិបាលរាជធានីភ្នំពេញ គឺត្រូវធ្វើសកម្មភាពទៅលើកំណាត់ផ្លូវដែលបានអ៊ុតកៅស៊ូACរួច ក្រោយពីខួចខាតដោយជំនន់ទឹកភ្លៀងនាពេលកន្លងមក។

   គួរបញ្ជាក់ថា នៅក្នុងរាជធានីភ្នំពេញ កំណាត់ផ្លូវដែលទទួលរងការខូចខាតដោយទឹកជំនន់មានចំនួន២៩ខ្សែ ហើយក្នុងចំនួននេះ នៅក្នុងមូលដ្ឋានខណ្ឌដូនពេញមានចំនួន១៦ខ្សែ ។គិតមកដល់ពេលនេះមានផ្លូវទាំង១៦ខ្សែនេះក្រុមការងារបានជួសជុលនិងអ៊ុតកៅស៊ូACបានចំនួន១១ខ្សែហើយ ហើយនៅពេលនេះ រដ្ឋបាលរាជធានីភ្នំពេញបាននឹងកំពុងអ៊ុតគំនូសសញ្ញាចរាចរណ៍ គំនូសជាប់ គំនូសដាច់ នឹងនូសសំរាប់ថ្មើរជើង ទៅលើកំណាត់ផ្លូវដែលបានអ៊ុតកៅស៊ូACរួចរាល់ហើយនេះ។

   ការងារនេះធ្វើឡើងដើម្បីជាប្រយោជន៍ឱ្យអ្នកប្រើប្រាស់ផ្លូវ ងាយស្រួលមើលនិងឃើញច្បាស់អំពីគំនូសចរាចរណ៍សម្រាប់ធ្វើដំណើរបានងាយស្រួល ព្រមទាំងអាចបញ្ជៀសបានរាល់គ្រោះថ្នាក់ក្នុងពេលដែលយានយន្តគ្រប់ប្រភេទធ្វើដំណើរ ព្រមទាំងផ្ដល់ភាពងាយស្រួលដល់អ្នកទេសចរផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង