ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក​ដួង តារា ៖ ម្តាយបង្កើត​ព្រម​ប្រគល់​ដីជូ​ន​កូនស្រី​បង្កើត​វិញ​តាម​គោលការណ៍​ឈ្នះ​-​ឈ្នះ​សម្តេច​តេ​ជោ

43

 

​បាត់ដំបង​៖ លោក​ដួង តារា ជំនួយការ​សម្តេច​តេ​ជោ​ហ៊ុន សែន បាន​ថ្លែង​សារ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ នៅ​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២១​នេះ​ថា នៅក្នុង​ឆ្នាំ ២០១៩ ឈ្មោះ សៀក រ៉េមី ភេទ​ប្រុស សព្វថ្ងៃ​រស់នៅ​ប្រទេស​បារាំង​ដែលជា​មិត្តភក្តិ​ជិតស្និទ្ធ​របស់​ឈ្មោះ វណ្ណា ថាវ​ត្តី អាយុ ៣៦​ឆ្នាំ ដែល​សព្វថ្ងៃ​រស់នៅ​ប្រទេស​បារាំង​ដូចគ្នា​។ ដោយមាន​ជំនឿ​ទុកចិត្ត​លើ​មិត្ត​ភ័ក្តិ លោក សៀក រ៉េមី បាន​ផ្ញើ​លុយ​ចំនួន $60,000 (​ប្រាំមួយ​ម៉ឺន​ដុល្លារ​អាមេរិក​) មក​ឲ្យ​មីង អៀង រតនា អាយុ ៥២​ឆ្នាំ ដែល​ត្រូវជា​ម្តាយបង្កើត​របស់ វណ្ណា ថាវ​ត្តី ដើម្បី​ជួយ​ទិញ​ដី ០២​កន្លែង ស្ថិតនៅ​ភូមិ​ស្រះ​លិច ឃុំ​ព្រះ​នេ​ត​ព្រះ ស្រុក​ព្រះ​នេ​ត​ព្រះ ខេត្តបន្ទាយមានជ័យ​។ ថវិកា​ទាំងអស់ លោក សៀក រ៉េមី បាន​ផ្ញើ​តាម​ធនាគារ​មក​ឈ្មោះ អៀង រតនា ដែលមាន​វិក្កយបត្រ និង​ឯកសារ​ផ្ទេរ​លុយ​ត្រឹមត្រូវ​ទាំងអស់​។​

ជំនួយការ​សម្តេច​តេ​ជោ​ហ៊ុន សែន បាន​បន្តថា ក្រោយពី​បានទទួល​លុយ​គ្រប់​ចំនួន​ហើយ​មីង អៀង រតនា ដែល​ត្រូវជា​ម្តាយ​របស់ វណ្ណា ថាវ​ត្តី បាន​ទិញ​ដី ០២​កន្លែង​ស្ថិតនៅ​ទីតាំង​ខាងលើ​ដោយបាន​ដាក់ឈ្មោះ​ខ្លួន​គាត់ (​អៀង រតនា​) ជា​ម្ចាស់​កម្ម​សិទ្ធ ។ នៅពេល​កូនស្រី វណ្ណា​ថាវ​ត្តី មកពី​ប្រទេស​បារាំង​មក​ទទួល​ប្លង់ដី​ទាំង ០២​ប្លង់ ដើម្បី​ប្រគល់​ជូនទៅ​មិត្តភក្តិ​ដែលជា​ម្ចាស់​លុយ​ពិតប្រាកដ​នៅ​ប្រទេស​បារាំង ម្តាយ​មិន​ព្រម​ប្រគល់​ឲ្យ​ឡើយ ហើយ​បាន​អះអាងថា​ដី​ទាំង ០២​ប្លង់​នេះ​ជា​ដី​របស់ខ្លួន​ទៅវិញ ទោះបី​ប្តី​ទទួលស្គាល់​ហើយ​យល់ព្រម​ប្រគល់​ទៅ​ម្ចាស់​លុយ​ពិតប្រាកដ​យ៉ាងណា​ក៏​មីង អៀង រតនា មិន​ព្រម​ដាច់ខាត​។​

​ឪពុក​បង្កើត​ឈ្មោះ ង៉ែត វណ្ណា បាន​ទទួលស្គាល់ថា​ដី​ដែល​បាន​ទិញ ០២​ប្លង់​ខាងលើ​គឺ​ពិតជា​ដី​របស់​មិត្តភក្តិ​កូនស្រី នៅ​ប្រទេស​បារាំង​ដែល​បាន​ផ្ញើ​លុយ​ឲ្យ​ពួកគាត់​ទិញ​ដី​ឲ្យ​ពិតប្រាកដ​មែន​។ ឪពុក​បាន​សុខចិត្ត​ផ្តិតមេដៃ​ប្រគល់​ដី​នោះ ជូនទៅ​ម្ចាស់​លុយ​វិញ ប៉ុន្តែ​ម្តាយ​មិន​ព្រម​ដាច់ខាត ហើយ​នៅតែ​អះអាងថា គាត់​ជា​អ្នកទិញ​ដី​នោះ​ជាមួយ​លុយ​របស់គាត់​ទាំងអស់​។​

​ដោយសារ​ប្តី​មីង អៀង រតនា មិន​ព្រម​សហការ​ជាមួយ​គាត់ គាត់​ក៏​សម្រេចចិត្ត​ដាក់ពាក្យ​ប្តឹងទៅ​តុលាការខេត្ត​បាត់ដំបង ដើម្បី​សុំ​លែងលះ​ប្តី​។ ទន្ទឹមនឹង​នោះដែរ ឪពុក ង៉ែត វណ្ណា ក៏បាន​ធ្វើលិខិត​ផ្តិតមេដៃ​បញ្ជាក់​ពី​ប្រវត្តិ​ដី​ធានា​អះអាង​ជា​សាធារណៈ និង​ចំពោះមុខ​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​ថា វិញ្ញាបនបត្រ​អចលនវត្ថុ​ចុះ​ថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២០ ក្បាលដី​លេខ ៨៨១ ទំហំ ៣១៦៩ ម៉ែត្រការ៉េ និង វិញ្ញាបនបត្រ​អចលនវត្ថុ ក្បាលដី​លេខ ១៦៥ ទំហំ ៨៣៨ ម៉ែត្រការ៉េ ស្ថិតនៅ​ភូមិ​ស្រះ​លិច ឃុំ​ព្រះនេត្រព្រះ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ គឺ​ពិតជា​ដី​របស់ សៀក រ៉េមី ដែលជា​មិត្តភក្តិ​របស់​កូនស្រី​រស់នៅ​ប្រទេស​បារាំង​ពិតប្រាកដ​មែន ។​

​ដោយ​មើលទៅ​មិនអាច​សម្រុះសម្រួល​ជាមួយ​ម្តាយ​បង្កើតបាន វណ្ណា ថាវ​ត្តី បានដាក់​ពាក្យ​គោរព​ស្នើសុំ​អន្តរាគមន៍​មក​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នៅ​ថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០២០ ។ ក្រោយមក​ខ្ញុំ​ក៏បាន​ព្យាយាម​សម្របសម្រួល​ជាមួយ​ភាគី​ទាំង​៣ ប៉ុន្តែ​មិនបាន​សម្រេច​។ ដោយសារ​ជំហរ​ម្តាយបង្កើត​រឹង​មិន​ព្រម​ដោះស្រាយ ខ្ញុំ​បាន​ប្រាប់​ទៅ​កូនបង្កើត និង​ម្ចាស់​លុយ​នៅ​បារាំង​ត្រូវ​ធ្វើតាម​វិធានការ​ច្បាប់​។ ក្រោយមក​មីង អៀង រតនា ក៏បាន​ដក​ពាក្យបណ្តឹង​ពី​តុលាការ​វិញ​ដោយសារ​គ្មាន​ប្រាក់​គ្រប់គ្រាន់​ដើម្បី​ចំណាយ​លើ​រឿងក្តី​នេះ ហើយក៏​មិន​ច្បាស់​ថា​អាច​ឈ្នះ​ឬ​អត់​។ ក្រោយពី​ដក​ពាក្យបណ្តឹង​ហើយ ពួកគាត់​ទាំង​២​នាក់​ប្តី​ប្រពន្ធ​ក៏បាន​វិល​ត្រឡប់មក​រស់នៅ​ជាមួយគ្នា​ជា​ប្តី​ប្រពន្ធ​ដូចដើម​ឡើងវិញ ។​

​ខ្ញុំ​បាន​បន្ត​ព្យាយាម​សម្របសម្រួល​បន្ថែមទៀត​ជាមួយ​មីង អៀង រតនា និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ក្នុងនោះ​ក៏បាន​ជម្រាប​ទៅ​លោក​មេឃុំ​តាពូង​ឈ្មោះ ឡាយ សែ ដើម្បី​ជួយ​ពន្យល់​បន្ថែម​ដល់​ម្តាយ​របស់ វណ្ណា ថាវ​ត្តី ដើម្បី​រក​ដំណោះស្រាយ​ក្រៅ​ប្រព័ន្ធតុលាការ​។ ម្យ៉ាងវិញទៀត វណ្ណា ថាវ​ត្តី បាន​ចំណាយពេល​ជាច្រើន​ខែ​មកហើយ​មក​រស់នៅ​ប្រទេស​កម្ពុជា​ដើម្បី​ដោះស្រាយ​រឿង​វិវាទ​នេះ ប៉ុន្តែ​នៅតែ​មិនបាន​សម្រេច​។​

​នៅ​ថ្ងៃទី​១៣ ខែ មីនា ឆ្នាំ​២០២១ ខ្ញុំ​បានសម្រេច​ចិត្ត​ចុះទៅ​ជួប​ដោយផ្ទាល់​ជាមួយ​ឪពុកម្តាយ​ទាំងពីរ​នៅឯ​ខេត្តបាត់ដំបង​។ ខ្ញុំ​បាន​បកស្រាយ​និង​ពន្យល់​អំពី​ជម្រើស​២​ដែល​ត្រូវ​ដើរ គឺ​តាម​ប្រព័ន្ធតុលាការ ឬមួយ​តាម​ក្រៅ​ប្រព័ន្ធតុលាការ​ឈរលើ​គោលការណ៍​ឈ្នះ​ឈ្នះ​ឈ្នះ​សម្តេច​តេ​ជោ​។ បើ​មិន​ដោះ​គឺ​ត្រូវតែ​ស្រាយ​តាមផ្លូវ​ច្បាប់​។ ដោយសារ​គ្មាន​លទ្ធភាព​និយាយ​ជាមួយ​ម្តាយ​បាន កូនស្រី​បានរៀបចំ​ពាក្យបណ្តឹង​ទៅ​តុលាការ​ដើម្បី​ប្តឹង​ម្តាយបង្កើត​ដែល​ហ៊ាន​យក​ដី​គេ​មក​ធ្វើជា​កិ​ម្ម​សិទ្ធិ​ផ្ទាល់ខ្លួន​។​

​ក្រោយពី​ស្តាប់​ការពន្យល់​បកស្រាយ និង​ពិភាក្សាគ្នា​អស់​មួយសន្ទុះ​ធំ​មក ភាគី​ឪពុក ម្តាយ បាន​សម្រេចយក​ដំណោះស្រាយ​ក្រៅ​ប្រព័ន្ធតុលាការ​ឈរលើ​គោលការណ៍​ឈ្នះ​ឈ្នះ​សម្តេច​តេ​ជោ ព្រោះ​មិន​ចំណាយ​ពេលវេលា និង​ថវិកា​ច្រើន ហើយ​ក្រុមគ្រួសារ​ក៏បាន​សុខ​សប្បាយ​ជាមួយ​ទៀតផង​។ មីង​ជា​ម្តាយ​ក៏បាន​យល់ព្រម​ទទួល​ប្រាក់ ចំនួន $១៥, ០០០ (​មួយ​ម៉ឺន​ប្រាំ​ពាន់​ដុល្លារ​) ពី​កូនស្រី វណ្ណា ថាវ​ត្តី ហើយ​យល់ព្រម​ប្រគល់​ដី​ទាំង ០២​ប្លង់​ខាងលើ​ទៅ​ឲ្យ​ម្ចាស់​លុយ​ឈ្មោះ សៀក រេ​មី តាមរយៈ​កូនស្រី​វណ្ណា ថាវ​ត្តី វិញ ។ ចំណែក​លុយ​ដែល​នៅសល់​$5,000 ទៀត​គឺ​កូនស្រី វណ្ណា ថាវ​ត្តី សុខចិត្ត​ធ្វើការ​នៅ​បារាំង​ដើម្បី​សង​មក​ម្តាយ​តាម​កិច្ចសន្យា ម្តាយ​ក៏បាន​យល់ព្រម​។​

​លោក​បន្តថា យើង​ចូលរួម​កសាង​អំពើ​ល្អ ចែករំលែក​ក្តី​ស្រឡាញ់​និង​ស្នាមញញឹម នឹង​សូម​មានចិត្ត​អាណិត​ស្រឡាញ់​ពលរដ្ឋ​យើង​គ្រប់​ទីកន្លែង​ដោយ​គ្មាន​ការរើសអើង​៕

អត្ថបទដែលជាប់ទាក់ទង