ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសុខាភិបាល បញ្ជាក់ថា ស្ត្រីជន​ជាតិខ្មែរ អាយុ ៦២​ឆ្នាំ ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩ វ៉ៃ​លុក​សួត

35

 

​ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​១៩​ខែមីនា​ឆ្នាំ​២០២១​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ពី​ករណី​ស្លាប់​ស្ត្រីជន​ជាតិខ្មែរ អាយុ ៦២​ឆ្នាំ នៅ​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២១ ដោយសារ​ជំងឺ​កូ​វីដ​-១៩​វ៉ៃ​លុក​សួត ទាំងសងខាង​ធ្ងន់ធ្ងរ និង​ស្ទះ​សរសៃឈាម​បេះដូង លើ​អ្នកជំងឺ​ទឹកនោមផ្អែម លើសឈាម និង​ធាត់​ខ្លាំង​។​

​ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​គោរព​ជម្រាបជូន​សាធារណជន​ទាំងអស់​ឱ្យបាន​ជ្រាបថា យោងតាម ការរាយការណ៍​ពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត បានឱ្យដឹងថា ស្ត្រីជន​ជាតិខ្មែរ​អាយុ ៦២​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​សង្កាត់​ស្នោ ខណ្ឌ កំបូល​រាជ ធានី​ភ្នំពេញ បានទទួល​មរណភាព​នៅ​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២១ វេលា​ម៉ោង ១១​និង​៤៥​នាទី​ព្រឹក នៅក្នុង​មន្ទីរពេទ្យ មិត្តភាព​ខ្មែរ​-​សូ​វៀត ដោយសារ​ជំងឺ​កូ​វីដ​-១៩ ដែល​បាន​វ៉ៃ​លុក​សួត ធ្វើឱ្យ​រលាក​សួត​ខ្លាំង និង​ស្ទះ​សរសៃឈាម​បេះដូង​។

​ស្ត្រី​វ័យ ៦២ ឆ្នាំនេះ បាន​ចូល​សម្រាក​ព្យាបាល​នៅ​មជ្ឈមណ្ឌល​ជាតិ​កំចាត់​រោគរបេង នៅ​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២១ ដោយសារ​រកឃើញ​មាន វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ដោយមាន​លទ្ធផល​វិភាគ​ទទួលបាន​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​នៅ​ថ្ងៃ​ដដែល​។ ដោយសារ​ស្ត្រី​ខាងលើនេះ មាន ស្ថានភាព​ហត់​ខ្លាំង គួបផ្សំ​ទៅនឹង​គាត់​មាន​ជំងឺ​ទឹកនោមផ្អែម លើសឈាម និង​ជំងឺ​ធាត់​ផង​នោះ ស្ត្រី​រូបនេះ ត្រូវបាន​បញ្ជូនទៅ សម្រាក​ព្យាបាល និង​ជួយសង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត នៅ​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២១​។​

​ពេល​ចូល​មកដល់​មន្ទីរពេទ្យ​ខាងលើនេះ ក្រុមគ្រូពេទ្យ បាន​យកចិត្តទុកដាក់​ក្នុងការ​ពិនិត្យ​សុខភាព​គាត់ ហើយ​សភាព​អ្នកជំងឺ​នៅពេលនោះ មាន​ហត់​ខ្លាំង ហើយ​ការថត​សួត ក៏បាន​បង្ហាញ​នូវ​រូបភាព​រលាក​សួត​ស្រួចស្រាវ​ទាំងសងខាង​ធ្ងន់ធ្ងរ (​សឹងតែ​ពេញ ផ្ទៃ​សួត​) មាន​សញ្ញា​ស្ទះ​សរសៃឈាម​បេះដូង ព្រមទាំង​មាន​កង្វះ​អុកស៊ីហ្សែន​ក្នុង​សូត​ខ្លាំង​ដែរនោះ ក្រុមគ្រូពេទ្យ​បាន​ប្រើ​ម៉ាស៊ីន ជំនួយ​ដង្ហើម VN1 មិន​ជោគជ័យ ត្រូវដាក់​ទុយោ​ក្នុង​បំពង់ខ្យល់​ដើម្បី​ជំនួយ​ខ្យល់​អុកស៊ីហ្សែន​ដកដង្ហើម នៅ​យប់​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ ២០២១​។ តែ​ជា​អកុសល ការជួយជ្រោមជ្រែង​រប​ស់​ក្រុមគ្រូពេទ្យ​ដោយ​អស់​លទ្ធភាព​ហើយ នៅតែ​មិន​អាចជួយ​គាត់​បាន ដោយសារ តែ​វីរុស​កូ​វីដ​-១៩ បាន វ៉ៃ​លុក​សូត​ទាំងពីរ​របស់គាត់​ធ្ងន់ធ្ងរ​មែនទែន និង​លឿន​ពេក​នោះ នៅវេលា​ម៉ោង​ប្រហែលជា ១១​និង​៤៥​នាទី​ព្រឹក​នៃ ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២១ ស្តី​វ័យ ៦២​ឆ្នាំនេះ ក៏បាន​ធ្វើ​មរណកាល​ទៅ​។​

​ការសន្និដ្ឋាន​របស់​ក្រុមគ្រូពេទ្យ​៖ ស្ត្រី​វ័យ ៦២​ឆ្នាំ​ខាងលើនេះ គឺ​បាន​ស្លាប់បាត់​បង់ជីវិត ដោយសារ​ជំងឺ​កូ​វីដ​-១៩ វ៉ៃ​លុក​សួត ទាំងសងខាង​ធ្ងន់ធ្ងរ និង​ស្ទះ​សរសៃឈាម​បេះដូង លើ​អ្នកជំងឺ​ទឹកនោមផ្អែម លើសឈាម និង​ធាត់​ខ្លាំង​។ ក្រសួងសុខាភិបាល សូម​ចូលរួម​សម្តែង​នូវ​ការសោកស្តាយ​ជា​អនេក និង​សូម​ចូលរួម​ចែករំលែក​មរណៈទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទីបំផុត​ជាមួយ​ក្រុមគ្រួសារ​សព​៕

អត្ថបទដែលជាប់ទាក់ទង