ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ប្រទេស​ជប៉ុន​ផ្តល់​ថវិកា​ប្រមាណ​៣​លាន​ដុល្លារ ដល់​គម្រោង ដើម្បី​បញ្ចប់​អំពើហិង្សា​លើ​កុមារ អំឡុងពេល​ជំងឺ​កូ​វីដ​១៩​នៅក្នុង​ប្រទេស​កម្ពុជា​

42

 

​ភ្នំពេញ ៖ នៅ​ថ្ងៃទី​១៩ ខែមីនា ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​ប្រទេស​ជប៉ុន​ផ្តល់​ថវិកា​ដល់​គម្រោង ដើម្បី​បញ្ចប់​អំពើហិង្សា​លើ​កុមារ អំឡុងពេល​ជំងឺ​កូ​វីដ​១៩ នៅក្នុង​ប្រទេស​កម្ពុជា​។​

​ទោះបីជា​កុមារ​ប្រឈម​នឹង​ហានិភ័យ​សុខភាព​ពី​ជំងឺ​កូ​វីដ​១៩ តិចជាង​មនុស្សពេញវ័យ​ក៏ដោយ ក៏មាន​របាយការណ៍​សាកល​មួយចំនួន​បាន​បង្ហាញថា កុមារ​អាច​នឹងមាន​ហានិភ័យ​ខ្ពស់​ក្នុង​ការទទួល រង​នូវ​អំពើហិង្សា​ដែល​បណ្តាលមកពី​ជំងឺ​រាតត្បាត​នេះ​។ ការ​រឹតត្បិត​លើ​ការធ្វើដំណើរ ការបាត់​បង់ប្រាក់ ចំណូល ភាព​ឯកោ កន្លែង​រស់នៅ​ចង្អៀត និង​កម្រិត​ខ្ពស់​នៃ​ភាព​តានតឹង និង​ជំងឺ​ថប់​បារម្ភ ធ្វើ​ឲ្យ​មាន ការកើនឡើង​នូវ​លទ្ធភាព​ដែល​កុមារ​អាច​ជួបប្រទះ និង​ទទួលរង​ការរំលោភបំពាន​លើ​រាងកាយ និង​ផ្លូវ ចិត្ត​នៅផ្ទះ​។ ជាការ​ឆ្លើយតប រដ្ឋាភិបាល​ជប៉ុន និង​យូ​នី​សេ​ហ្វ កំពុង​ចាប់ផ្តើម​គម្រោង​ថ្មី​មួយ​ឈ្មោះថា “​ការទប់ស្កាត់ និង​ឆ្លើយតប​ចំពោះ​អំពើហិង្សា​លើ​កុមារ​នៅ​កម្ពុជា ក្នុងអំឡុងពេល​នៃ​ការ​រាតត្បាត​ជា សកល​នៃ​ជំងឺ​កូ​វីដ​១៩ និង​ការ​ស្តារឡើងវិញ​” ។​

​រដ្ឋាភិបាល​ជប៉ុន​បានផ្តល់​ថវិកា​ចំនួន ៣៤០ ០០០ ០០០ យេន (​ប្រមាណ​ជា ៣ ០៩០ ៩០៩ ដុល្លារ​អាមេរិក​) ដល់​យូ​នី​សេ​ហ្វ​សម្រាប់​គម្រោង​នេះ​។ គោលបំណង​របស់​គម្រោង គឺ​ដើម្បី​ធានាថា កុមារា និង​កុមារី នៅ​កម្ពុជា​ទទួលបាន​ការការពា​រ ពី​អំពើហិង្សា ការកេងប្រវ័ញ្ច និង​ការរំលោភបំពាន​ក្នុង អំឡុងពេល​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩ និង​ការ​ស្តារឡើងវិញ ដើម្បី​ពង្រឹង​សន្តិសុខ​មនុស្សជាតិ​។ សេវាកម្ម កិច្ចការពារ​កុមារ​មួយចំនួន​បាន​ប្រឈម​នឹង​ការរំខាន​ក្នុងអំឡុងពេល​មាន​ជំងឺ​រាតត្បាត ដូច្នេះ​គម្រោង នេះ​មាន​គោលបំណង​ធានា​នូវ​ការស្តារ និង​ការបន្ត​សេវាកម្ម​កិច្ចការពារ​ទាំងនេះ​ឡើងវិញ​។​

​គម្រោង​នេះ​នឹង​បង្កើត​នូវ​យុទ្ធសាស្ត្រ និង​ការអន្តរាគមន៍​ដែលមាន​ស្រាប់​ដើម្បី​ពង្រឹង​សេវាកម្ម កិច្ចការពារ​កុមារ​ដែល​ងាយ​រងគ្រោះ​ខ្លាំង និង​ក្រុមគ្រួសារ​របស់​ពួកគេ​នៅ​ទូទាំងប្រទេស​កម្ពុជា​ក្នុងអំឡុងពេល​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩ និង​ការ​ស្តារឡើងវិញ ។ គម្រោង​នេះ​នឹង​គាំទ្រ​រាជរដ្ឋាភិបាល កម្ពុជា​ក្នុងការ​បង្កើត និង​អនុវត្ត​ក្របខ័ណ្ឌ​ស្ថាប័ន និង​ក្របខ័ណ្ឌ​គតិយុត្ត ដើម្បី​លើកឡើង​ពី​កត្តា ហានិភ័យ​នានា​ដែល​អាច​កើតមានឡើង​ដោយសារ​ជំងឺ​កូ​វីដ​១៩ ទៅលើ​កិច្ចការពារ​កុមារ ។ គម្រោង​នេះ ក៏​នឹង​គាំទ្រ​ដល់​លោកគ្រូ អ្នកគ្រូ បុគ្គលិក​សិក្សា ឪពុកម្តាយ និង​អ្នក​មើលថែទាំ ក្នុង​ការរៀន​ពី​វិធី​ថ្មីៗ ដើម្បី​បង្កើន​ចំណេះដឹង ឥរិយាបថ និង​ការអនុវត្ត​របស់​ពួកគេ ដើម្បី​ទប់ស្កាត់ និង​ឆ្លើយតប​ចំពោះ​អំពើ ហិង្សា​លើ​កុមារ​។​

​អ្វីដែល​សំខាន់បំផុត​នោះ​គឺ​គម្រោង​នេះ នឹង​ធានាថា​កុមារ​ងាយ​រងគ្រោះ​អាច​ទទួលបាន​សេវាកម្ម​ការពារ​ប្រកបដោយ​គុណភាព រួមមាន​ការគ្រប់គ្រង​ករណី ការគាំទ្រ​សុខភាព​ផ្លូវចិត្ត និង​ការគាំទ្រ ផ្នែក​ចិត្តសាស្ត្រ​និង​សង្គម ជំនួយ​ផ្នែក​ច្បាប់ និង​សេវា​សុខភាព​។ ខ្សែបណ្តាញ​ជំនួយ និង​លេខ​ទំនាក់ទំនង​ទាន់​ហេតុការណ៍ នឹង​ត្រូវបាន​បង្កើន​ឡើង​ដើម្បី​ផ្តល់នូវ​បណ្ដាញ​សុវត្ថិភាព​ដែលមាន​ភាពងាយស្រួល​ទាក់ទង​សម្រាប់​កុមារ និង​មនុស្សពេញវ័យ​ដើម្បី​រាយការណ៍​អំពី​អំពើហិង្សា​រួមទាំង​ការកេងប្រវ័ញ្ច​ផ្លូវភេទ និង​ការរំលោភបំពាន​។ សុវត្ថិភាព​របស់​កុមារ​តាម​ប្រព័ន្ធ​អ៊ិន​ធើ​ណេ​ត នឹង​ត្រូវបាន​លើកកម្ពស់ តាមរយៈ​ការពង្រឹង​ភាពជា​ដៃគូ​ជាមួយ​ឧស្សាហកម្ម​ព័ត៌មាន និង​បច្ចេកវិទ្យា (ICT) និង​ការលើកកម្ពស់​ការយល់​ដឹង​និង​សកម្មភាព​អប់រំ​សម្រាប់​កុមារ​និង​អ្នក​ថែទាំ​។

​ជា​ចុងក្រោយ ការគ្រប់គ្រង​ទិន្នន័យ និង ការបង្កើត​ភ័ស្តុតាង នឹង​ត្រូវបាន​ពង្រឹង​តាមរយៈ​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​របាយការណ៍ និង​គុណភាព​នៃ ទិន្នន័យ​ដែល​ទាក់ទង​នឹង​អំពើហិង្សា​លើ​កុមារ​។​

​គោលដៅ​ចុងក្រោយ​នោះ​គឺ​ការគាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​បង្កើត​ប្រព័ន្ធ​ការពារ​កុមារ ដែលមាន​ការសម្របសម្រួល​សមស្រប និង​ប្រកបដោយ​ចីរភាព​ដើម្បី​ឆ្លើយតប​ទៅនឹង​បញ្ហា​ដែល​បង្ក ឡើង​កាន់តែខ្លាំង​ដោយសារ​ជំងឺ​កូ​វីដ​១៩ ក្រោម​កិច្ចសហការ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល (CSOs) និង ដៃគូ​ពាក់ព័ន្ធ​ដទៃទៀត​។​

​លោកស្រី​ហ្វ័​រូ​ហ្គ ហ្វ​យូ​ហ្សិថ នាយិកា​យូ​នី​សេ​ហ្វ​ប្រចាំ​កម្ពុជា​បាន​មានប្រសាសន៍ថា រាល់ ទម្រង់​នៃ​អំពើហិង្សា ដែល​កុមារ​បាន​ជួបប្រទះ​អាច​បណ្តាល​ឲ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ និង​ពេញ​មួយជីវិត ហើយ​យើង​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង ដែល​ពួកគេ​អាចមាន​ហានិភ័យ​ខ្ពស់​ក្នុងការ​ទទួលរង​នូវ​អំពើ ហិង្សា​និង​ការរំលោភបំពាន​ក្នុងអំឡុងពេល​ដ៏​លំបាក​នៃ​ជំងឺ​រាតត្បាត​កូ​វីដ​១៩​។

​លោកស្រី​បាន​បន្តថា “​យើង​សូម​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​ជប៉ុន ដែល​បាន​ចូលរួមចំណែក​យ៉ាងសំខាន់ និង​ទាន់ពេលវេលា​។ គម្រោង​នេះ​មាន​គោលបំណង​ពង្រឹង​ប្រព័ន្ធ និង​សេវាកម្ម​កិច្ចការពារ​កុមារ និង​ចូលរួមចំណែក​សម្រេច​ឲ្យ​បាន​នូវ​សិទ្ធិ​លូតលាស់​របស់​កុមារ​កម្ពុជា នៅក្នុង​បរិស្ថាន​ប្រកបដោយ​សុវត្ថិភាព និង​កិច្ចការពារ​។​

​ឯកឧត្តម មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ឯកអគ្គរាជទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​ជប៉ុន​ប្រចាំ​កម្ពុជា បាន​មានប្រសាសន៍ថា “​អំពើហិង្សា​ក្នុង​វ័យ​កុមារភាព អាច​បង្ក​គ្រោះថ្នាក់​ជាច្រើន​ដល់​កុមារ និង​ពេញ​មួយ ជីវិត​របស់​ពួកគេ​។ ការទទួល​រងគ្រោះ​នូវ​អំពើហិង្សា​នៅ​វ័យ​កុមារភាព ជារឿយៗ​នាំ​ឲ្យ​មាន​ផល​អវិជ្ជមាន ខាង​អាកប្បកិរិយា ផ្លូវចិត្ត​និង​រាងកាយ​នៅក្នុង​វ័យ​ជំទង់ និង​ពេញវ័យ​ដែលជា​បញ្ហា​ប្រឈម​សម្រាប់​ការ អភិវឌ្ឍ​សេដ្ឋកិច្ច​ផងដែរ​”​។

​ឯកឧត្តម​បាន​បន្តទៀតថា “​យូ​នី​សេ​ហ្វ មាន​សកម្មភាព​នៅ​កម្ពុជា​តាំងពី​ឆ្នាំ ១៩៩២ និង​មាន​បទពិសោធ​លេចធ្លោ​ក្នុងការ​ធ្វើការ​ដើម្បី​បញ្ចប់​អំពើហិង្សា​លើ​កុមារ​។ នេះ​ជា​មូល​ហេតុដែល​រដ្ឋាភិបាល​ជប៉ុន​ចាត់ទុក​យូ​នី​សេ​ហ្វ ជា​ដៃគូ​ដែល​គួរ​ឲ្យ​ទុកចិត្ត​បំផុត​ដើម្បី​សម្រេច​គោលដៅ​នេះ​។ រដ្ឋាភិបាល​ជប៉ុន និង​យូ​នី​សេ​ហ្វ​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ក្នុងការ​ធ្វើការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​បញ្ចប់​អំពើហិង្សា​លើ​កុមារ​ហើយនឹង​បន្ត​រហូតដល់​យើង​បាន​ជួយ​បង្កើត​ពិភពលោក​មួយ​ដែល គ្មាន​កុមា​រណា​ម្នាក់​ត្រូវបាន​ទុកចោល​។ យើង​នឹង​បន្ត​សហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ដើម្បី​ជួយ​ស្តារ​ប្រទេស​ឡើងវិញ​ពី​ជំងឺ​កូ​វីដ ១៩ ៕

អត្ថបទដែលជាប់ទាក់ទង