ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌទួលគោក នាំយកអំណោយ ជាថវិកានិងគ្រឿងឧបភោគបរិភោគរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូន គ្រួសារសពដែលស្លាប់ដោយជំងឺកូវីដ-១៩ នៅបឹងសាឡាង

41

ភ្នំពេញ៖ លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក នាយប់ថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២១នេះ បាន នាំយកអំណោយ ជាថវិកានិងគ្រឿងឧបភោគបរិភោគរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូន គ្រួសារសពលោក អនុសេនីយ៍ត្រី គឹម ឃីស៊ុន ដែលបានទទួលមរណភាពដោយជំងឺកូវីដ-១៩ កាលពីប៉ុន្មានម៉ោងមុននេះ នៅបឹងសាឡាង ខណ្ឌទួលគោក។
មន្ត្រីរដ្ឋបាលខណ្ឌទួលគោកបានអោយដឹង
ថា លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក នៅយប់ថ្ងៃទី១៩ មិនានេះបានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខគ្រួសារសព លោក អនុសេនីយ៍ត្រី គឹម ឃីស៊ុន ស្ថិតនៅផ្ទះលេខ១៥ ផ្លូវ២៥៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបានទទួលមរណភាពដោយជំងឺកូវីដ-១៩ និងបាននាំយកអំណោយរបស់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលរួមមាន ថវិកាចំនួន ៥.០០០.០០០ រៀល អង្ករ ១៥០គីឡូក្រាម មី ៣កេស ទឹកត្រី ៣យួរ ទឹកស៊ីអ៊ីវ ៣យួរ ទឹកសុទ្ធ ៣កេស និងគ្រឿងឧបភោគបរិភោគ និងបានណែនាំអោយបន្តគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ។
ពាក់ព័ន្ធនិងករណីស្លាប់របស់លោក អនុសេនីយ៍ត្រី គឹម ឃីស៊ុននេះ បើតាមការបញ្ជាក់ពីលោកស្រី វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានឲ្យដឹងថា មានបុរសជនជាតិខ្មែរ ឈ្មោះ គឹម ឃីសាន់ (Koem khisun) អាយុ៤៦ឆ្នាំ ពិតជាបានស្លាប់ដោយជំងឺកូវីដ-១៩ ដោយមិនមានជំងឺគួបផ្សំនោះទេ។
បុរសរូបនេះ ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃ១០ខែមីនាឆ្នា២០២១។គាត់មានអាការរលាកសួតសងខាងធ្ងន់ធ្ងរ និងស្ថិតក្នុងការប្រើម៉ាស៊ីនជំនួយដង្ហើម VNI នៅថ្ងៃទី១២ ខែមីនា ហើយបានស្លាប់នៅម៉ោង ៣និង៣០ នាទីល្ងាចថ្ងៃទី ១៩ ខែមីនានេះ ដោយខ្សោយសួតខ្លាំង ដដែលបណ្តាលមកពីជំងឺកូវីដ-១៩​វាយលុក។
នេះគឺជាករណីស្លាប់ទី៣ ហើយបន្ទាប់ពីករណីទី២ ជាម្តាយរបស់តារាចំរៀងវីដាណែតដែលបានស្លាប់នៅម៉ោង ១១និង៤៥ នាទីព្រឹកនេះនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ហៅមន្ទីរពេទ្យរុស្ស៊ី៕

 

អត្ថបទដែលជាប់ទាក់ទង