ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទ្រី​យ៉ា​ត្លុង​កម្ពុជា នឹងដាក់​៤​វិញ្ញាសា សម្រាប់​ស៊ី​ហ្គេម​ឆ្នាំ​២០២១​នេះ​

69

ភ្នំពេញ ៖ សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា​បានប្រកាស​ឲ្យ​ដឹងថា​សម្រាប់​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ចុងឆ្នាំ​២០២១​នៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម​នឹងដាក់​វិញ្ញាសា​ចំនួន​៤​ដើម្បី​ចូលរួម​ប្រកួត ។​

​ក្នុងស្ថានភាព​នៃ​វិបត្តិ​ជំងឺ​កូ​វីដ​១៩​នៃ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​បាន​បង្ក​ផលប៉ះពាល់​មិនអាច​ឲ្យ​កីឡាករ កីឡាការិនី​ប្រមូលផ្តុំ​ការហ្វឹកហាត់​ជុំគ្នា​បានទេ ហើយ​កីឡាករ កីឡាការិនី​គ្រប់ៗ​រូប​បានរៀបចំ​កម្មវិធី​ហ្វឹកហាត់​នៅតាម​ផ្ទះ​រៀងៗ​ខ្លួន ដើម្បី​ថែរក្សា​ថាមពល​កម្លាំង និង​គុណភាព​បច្ចេកទេស​កុំ​ឲ្យ​ធ្លាក់ចុះ​ខ្លាំងពេក​។​
អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា​លោក​ងិន​សុខ​បញ្ញា​បាន​ប្រាប់​ឲ្យ​ដឹងថា​វិញ្ញាសា​ចំនួន​៤​ដែល​កម្ពុជា​ត្រៀម​ចូលរួម​ប្រកួត​នេះ រួមមាន​៖ ១-​វិញ្ញាសា​ទ្រី​យ៉ា​ត្លុង​ស្តង់ដារ​អន្តរជាតិ​ចំនួន​២​វិញ្ញាសា​គឺ​បុរស​-​នារី ដែល​ត្រូវ​ហែល​ទឹក​១៥០០​ម៉ែត្រ​-​ជិះ​កង់​៤០​គីឡូម៉ែត្រ និង​បន្ត​រត់​៥​គីឡូម៉ែត្រ​។ ២-​វិញ្ញ​សា​ឌូ​អា​ត្លុង​បុរស​-​នារី​ដែល មាន​រត់​គីឡូម៉ែត្រ​-​ជិះ​កង់​៤០​គីឡូម៉ែត្រ និង​រត់​៥​គីឡូម៉ែត្រ​។​
បច្ចុប្បន្ន​ក្រុម​ជម្រើសជាតិ​ទ្រី​យ៉ា​ត្លុង​មាន​សរុប​ចំនួន​១៤​នាក់ ក្នុងនោះ​មាន​កីឡាករ​៩​នាក់ និង​កីឡាការិនី​៥​នាក់ និង​គ្រូបង្វឹក​៤​នាក់ ក្នុងនោះ​មាន​គ្រូ​បរទេស​ថ្មី​ម្នាក់​ជា​ជនជាតិ​ណូ​វែ​ល​សេ​ឡង់ ដែល​ទើបនឹង​មកជួយ​ដល់​ការ​បង្វឹក​ដល់​ក្រុម​ជម្រើសជាតិ​កម្ពុជា​។​ពេល​ក​នេះ​ក្រុម​ជម្រើសជាតិ​ទ្រី​យ៉ា​ត្លុង​កំពុង​បន្ត​ការហ្វឹកហាត់​នៅតាម​ផ្ទះ​រៀងៗ​ខ្លួន​ដោយសារ​ស្ថានភាព​វិបត្តិ​ជំងឺ​កូ​វីដ​១៩​នៅតែ​បង្ក​ផលប៉ះពាល់​ខ្លាំង​នោះ​
​ទើប​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ប្រកាស​រំសាយ​ការហ្វឹកហាត់​លក្ខណៈ​ប្រមូលផ្តុំ​ជា​បណ្តោះអាសន្ន​។​អ្វីដែល​ចាំបាច់​ក្នុងស្ថានភាព​នេះ​គឺ​គ្រូ​
​បង្វឹក​ជម្រើសជាតិ​បានរៀបចំ​កម្មវិធី​ហ្វឹកហាត់​ច្បាស់លាស់ ប្រចាំថ្ងៃ នៅតាម​ផ្ទះ​សិន ដើម្បី​ថែរក្សា​កម្លាំង​កុំ​ឲ្យ​ធ្លាក់ចុះ​ខ្លាំងពេក ហើយ​ការត្រួតពិនិត្យ​ការហ្វឹកហាត់​របស់​កីឡាករ កីឡាការិនី​ពី​គ្រូបង្វឹក​ធ្វើឡើង​តាម​ប្រព័ន្ធ​អន​ឡាញ​។​
​លោក​អគ្គលេខាធិការ​រូបនេះ​បន្ថែមថា​ការហ្វឹកហាត់​នៅតាម​ផ្ទះ​នេះ​គ្រាន់តែ​ហ្វឹកហាត់​បណ្តោះអាសន្ន​ប៉ុណ្ណោះ​និង​មិនអាច​បង្កើន​គុណភាព​បច្ចេកទេស​ឲ្យ​ល្អ​នោះឡើយ ដោយ​អាច​ហាត់​លើ​កម្លាំងកាយ​មូលដ្ឋាន រត់​កម្តៅ​សាច់ដុំ ហើយ​ជិះ​កង់​នៅលើ​រ៉ូឡូ​នៅផ្ទះ និង​អាច​ចេញ​ហាត់​ជិះ​កត់​នៅតាម​ផ្លូវ​សាធារណៈ​លក្ខ​ណៈ​ឯកត្តជន មិនមាន​ហាត់​ជុំគ្នា​នោះទេ​។ អ្វីដែល​បញ្ហា​ប្រឈម​គឺ​ការហាត់​ហែល​ទឹក ពីព្រោះថា​នៅផ្ទះ​មិនមាន​អាង​ហែល​ទឹក​នោះទេ ប៉ុន្តែ​ទោះ​យ៉ាងនេះ​ក្តី ការហាត់​នៅផ្ទះ​ក៏​នឹង​ជួយ​ដល់​ការប្រមូលផ្តុំ​ឡើងវិញ​បាន​ខ្លះៗ​ដែរ ហើយ​បើ​មិន​ហ្វឹកហាត់​សោះ នោះ​នឹង​ជូ​ប​បញ្ហា​ប្រឈម​កាន់តែខ្លាំង ពេល​ប្រមូលផ្តុំ​ហ្វឹកហាត់​ឡើងវិញ​ជាក់​ជាមិនខាន​។​
​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ក៏ដូចជា​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​តែងតែ​ផ្តល់​ជាការ​លើកទឹកចិត្ត​ធ្វើយ៉ាងណា​ជំរុញ​ឲ្យ​កីឡាករ កីឡាការិនី​ជម្រើសជាតិ​នានា​បង្កើន​ការហ្វឹកហាត់​នៅតាម​ផ្ទះ​នេះ​ឲ្យ​បាន​ខ្លាំងក្លា តាម​កម្មវិធី​ដែល​បានរៀបចំ ដើម្បី​ត្រៀម​ស៊ី​ហ្គេម ចុងឆ្នាំ​២០២១​នេះ ពីព្រោះថា​ពេលវេលា​កាន់តែ​កៀក​ហើយ ដែលជា​ក្តីបារម្ភ​យ៉ាងខ្លាំង​ដល់​ការអភិវឌ្ឍ​បច្ចេកទេស​ផងដែរ​៕​

អត្ថបទដែលជាប់ទាក់ទង