ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានី បញ្ជូនកុមារាអាយុ៦ឆ្នាំ ដែលមានផ្ទុកនូវមេរោគកូវីត-១៩ បញ្ជូនទៅកាន់សណ្ឋាគារអ៉ីនធើខនទីណង់តាល់ (The Great Duke) ដើម្បីព្យាបាលជម្ងឺជាមួយម្តាយ

58

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយមន្ទីរសុខាភិបាលរាជធានីនិងអាជ្ញាធរខណ្ឌឫស្សីកែវ ក្រោមការណែនាំពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញកាលពីយប់ថ្ងៃទី១៩ មិនានេះបានបញ្ជូនកុមារាអាយុ៦ឆ្នាំ ដែលបានរកឃើញថា មានផ្ទុកនូវមេរោគកូវីត១៩ បញ្ជូនទៅកាន់សណ្ឋាគារអ៉ីនធើខនទីណង់តាល់ (The Great Duke) ដើម្បីព្យាបាលជម្ងឺនិងដើម្បីបានជួបម៉ែ ឪរបស់កុមាររូបនេះផងដែរ ខណៈដែលពួកគាត់បាននឹងកំពុងសម្រាកព្យាបាលជម្ងឺកូវីដ១៩នៅទីនោះស្រាប់។

   នេះជាការយកចិត្តទុកដាក់របស់លោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ដើម្បីឲ្យកូនបានជួបម្ដាយនិងឪពុកដែលកំពុងសម្រាកព្យាបាលជំងឺនេះ នៅGreat Duckស្រាប់។ ទោះបីជាយ៉ាងណាក្តី លោកឃួង ស្រេងបានធ្វើការណែនាំឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ អនុវត្តអោយបានខ្ជាប់ខ្ជួននូវវិធានការរបស់ក្រសួងសុខាភិបាលពិសេស អនុវត្តតាមអនុសាសន៍ណែនាំរបស់សម្ដេចតេជោហ៊ុន សែន លើវិធានការ ៣កុំ ៣ការពារ ដែលជាវិធីការពារដ៏មានប្រសិទ្ធភាពបំផុតក្នុងសម័យកាលកូវីដ១៩នេះ

   បើតាមការបញ្ជាក់ពីអាជ្ញាធរខណ្ឌឬស្សីកែវថា នៅខណ្ឌឬស្សីកែវ នៅយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ (វេលាម៉ោង២០ និង០០នាទី) ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ បានរកឃើញអ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ ចំនួន០២នាក់រួមមាន

/ អ្នកជម្ងឺ កុមារា អាយុ ឆ្នាំ ដែលមានទីតាំងនៅផ្ទះជួល ផ្លូវបេតុង  ភូមិសាមគ្គី សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវរាជធានីភ្នំពេញ (ឆ្លងពីម្ដាយ អាយុ ៣១ ឆ្នាំ) ក្នុងនោះមានអ្នកពាក់ព័ន្ធចំនួន ០៤ នាក់ (ស្រី០១នាក់) ត្រូវបានបន្តអោយធ្វើចត្តាឡីស័កក្នុងទីតាំងខាងលើដដែល។

/ អ្នកជម្ងឺ ស្ត្រី អាយុ ៥៦ ឆ្នាំ (ធ្លាប់ទៅមន្ទីរពេទ្យនៅអ្នកលឿង កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១) ដែលមានទីតាំងនៅ ផ្ទះជួល ផ្លូវ១០៣R ក្រុមទី៧ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ក្នុងនោះមានអ្នកពាក់ព័ន្ធចំនួន ០២ នាក់ (ស្រី ០១ នាក់) ត្រូវបានអោយធ្វើចត្តាឡីស័កនៅក្នុងទីតាំងនេះ ជាចុងក្រោយ អាជ្ញាធរបាននិងកំពុងបិទទីតាំងខាងលើនេះជាបណ្ដោះអាសន្ន។

  បច្ចុប្បន្ននេះ អ្នកជម្ងឺ០២នាក់ខាងលើ ត្រូវបានបញ្ជូនទៅព្យាបាល នៅអតីតសណ្ឋាគារ អ៉ីនធើខនទីណង់តាល់ (The Great Duke)

  ក្នុងសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល កុមារវ័យ ០៦ ឆ្នាំ រស់នៅឫស្សីកែវ ដែលបានឆ្លងកូវីដ១៩ ពីម្តាយ ត្រូវបានបញ្ជូនទៅព្យាបាលនៅសណ្ឋាគារក្រេតឌុក ហើយខណៈក្រុមគ្រូពេទ្យនាំកុមារាឡើងរថយន្តពេទ្យឆ្ពោះទៅកាន់កន្លែងព្យាបាល Great Duck ដើម្បីបានជួបម្តាយដែលកំពុងព្យាបាលជំងឺកូវីដ១៩ដែរនោះ រូបភាពនេះបានអង្រួនបេះដូងគ្រប់គ្នាឱ្យផ្ទុះឡើងនូវក្តីអាណិតអាសូរ និងភាពក្តុកក្តួលជាពន់ពេកចំពោះកុមារម្នាក់នេះ៕

 

អត្ថបទដែលជាប់ទាក់ទង