ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ជប៉ុន​ផ្តល់​ថវិកា​ចំនួន ៥៧៤,២៣០ ដុល្លារ សម្រាប់​គម្រោង​ទ្រង់ទ្រាយ​តូច​សន្តិសុខ​មនុស្សជាតិ​នៅកម្ពុជា

106

 

​ភ្នំពេញ ៖ នៅ​ថ្ងៃទី​១៩ ខែមីនា រដ្ឋាភិបាល​ជប៉ុន បាន​ឯកភាព​ផ្តល់​ថវិកា​សរុប​ចំនួន ៥៧៤,២៣០ ដុល្លារ​អាមេរិក ក្រោម​គ្រោងការណ៍​ជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង​សម្រាប់​គម្រោង​ទ្រង់ទ្រាយ​តូច​សន្តិសុខ​មនុស្សជាតិ​។

​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​ប៉ៃលិន នឹង​ទទួលបាន​ថវិកា ២១៧,៨៤៥ ដុល្លារ​អាមេរិក សម្រាប់​សំណង់​ធារាសាស្ត្រ​នៅក្នុង​ឃុំ​ស្ទឹងត្រង់​។ មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តកំពង់ធំ នឹង​ទទួលបាន​ថវិកា ១៦៩,៧២០ ដុល្លារ​អាមេរិក សម្រាប់​ការពង្រឹង​ខ្សែសង្វាក់​តម្លៃ​គ្រាប់ស្វាយចន្ទី​។ មន្ទីរ​អភិវឌ្ឍន៍ជនបទ ខេត្តស្វាយរៀង នឹង​ទទួលបាន​ថវិកា ១៨៦,៦៦៥ ដុល្លារ​អាមេរិក សម្រាប់​ការ​ក្រាលផ្លូវ​មួយ​ខ្សែ​ក្នុងស្រុក​រំដួល​។​

​ឯកឧត្តម មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ឯកអគ្គរាជទូត​ជប៉ុន និង អ្នកតំណាង​មកពី​អង្គភាព​ទាំងបី បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ផ្តល់​ជំនួយឥតសំណង​នេះ​។ យើង​ជឿជាក់ថា ជំនួយឥតសំណង​នេះ នឹង​ជួយ​កែលម្អ​គុណភាព​ជីវិត​របស់​ប្រជាជន​ដែល​រស់នៅក្នុង​ទីតាំង​គម្រោង​នីមួយៗ​។​
​ភាគី​ទាំង​ពីរបាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ផ្តល់ជំនួយ ដាច់ដោយឡែក​ពីគ្នា ដើម្បី​ចូលរួម​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​ចូល​សហគមន៍​នៃ​វីរុស​កូ​វីត​១៩ ក្នុង “​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ​”​។​

​ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព របស់​ប្រទេស​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែងថា នៅ​ថ្ងៃទី​១៩ ខែមីនា ខ្ញុំ​បាន ចុះហត្ថលេខា​លើ​កិច្ចសន្យា​ផ្តល់​ជំនួយឥតសំណង​សម្រាប់ គម្រោង​ទ្រង់ទ្រាយ​តូច​សន្តិសុខ​មនុស្សជាតិ​គូ​សាណូ​ណិ​។ យើង​បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា ផ្តល់​ជំនួយឥតសំណង តាមរយៈ​ការផ្លាស់ប្តូរ​កិច្ចសន្យា​តាម​ប្រៃសណីយ៍ ដោយ​មិន​មានការ ប្រារព្ធ​ពិធី​ទេ ដោយសារ​ការឆ្លង​រីក​រាលដាល​ចូល​សហគមន៍​នៃ​វីរុស​កូ​វីដ​១៩ កាលពី​ថ្ងៃទី​២០ ខែ កុម្ភៈ និង​ដើម្បី​កាត់បន្ថយ​ហានិភ័យ​ពាក់ព័ន្ធ​នឹង​វីរុស​កូ​វីដ​១៩​។ ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា ស្ថានភាព​នឹងមាន​ភាពប្រសើរឡើង​ក្នុងពេល​ឆាប់ៗ​នេះ​។​

​ចាប់តាំងពី​ឆ្នាំ ១៩៩១ បន្ថែម​លើ​គម្រោង​ឥណទាន​និង​ជំនួយឥតសំណង​ខ្នាត​ធំ រដ្ឋាភិបាល​ជប៉ុន បាននិងកំពុង​អនុវត្ត​គម្រោង​គូ​សាណូ​ណិ​នៅ​កម្ពុជា ដើម្បី​ជួយ​ដល់​អាជ្ញាធរ​មូលដ្ឋាន និង អង្គការក្រៅរដ្ឋាភិបាល​ក្នុងការ​អនុវត្ត​គម្រោង​របស់​ពួកគាត់​។ គូ​សាណូ​ណិ​មានន័យថា “ ឬ​ស​ស្មៅ​” ក្នុង​ភាសា​ជប៉ុន​។ នៅក្នុង​រយៈពេល​៣​ទស្ស​វតន៍​ចុង​ក្រោយនេះ ស្ថានទូត​ជប៉ុន​ប្រចាំ​ប្រទេស​កម្ពុជា បាន​ចូលរួមចំណែក​ក្នុង​គម្រោង​ចំនួន​៦៥០ តាមរយៈ​ជំនួយឥតសំណង​គូ​សាណូ​ណិ​។ យើង​មាន​សេចក្តីសោមនស្ស​រីករាយ​ដែល​គម្រោង​ទាំងនេះ បាន​ចូលរួមចំណែក​ដោយផ្ទាល់​ក្នុង ការកែលម្អ​គុណភាព​នៃ​ជីវភាព​របស់​ប្រជាជន​កម្ពុជា និង​ការលើកកម្ពស់​វប្បធម៌ និង​ការអប់រំ​ថ្នាក់ ឧ​ត្ត​ម​សិក្សា​នៅ​កម្រិត​មូលដ្ឋាន​។​

​លោក​សូម​ណែនាំ​ព័ត៌មាន​លម្អិត​អំពី​គម្រោង​ទាំងបី​ដែល​ពួកយើង​បាន​ចុះហត្ថលេខា​។

១.​គម្រោង​សំណង់​ធារាសាស្ត្រ​កូនដំរី ស្ថិតក្នុង​ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។​

២. គម្រោង​ពង្រឹង​ខ្សែសង្វាក់​តម្លៃ​គ្រាប់ស្វាយចន្ទី​នៅក្នុង​ខេត្តកំពង់ធំ​។​

៣.​គម្រោង​កែលម្អ​ផ្លូវ​ក្នុងស្រុក​រំដួល ខេត្តស្វាយរៀង​។​

​នៅក្នុង​គម្រោង​ទី​១ សម្រាប់​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម​ខេត្ត​ប៉ៃលិន រដ្ឋាភិបាល​ជប៉ុន នឹង​ផ្តល់​ថវិកា​ចំនួន ២១៧,៨៤៥ ដុល្លារ​អាមេរិក សម្រាប់​ការសាងសង់​ស្ថានីយ៍​បូមទឹក​មួយ សំណង់​បង្ហូរទឹក​មួយ និង​លូ​ប្រអប់​ពីរ និង​ការស្តារ​ប្រឡាយទឹក​មួយកន្លែង​។ ជំនួយ​ឥត សំណង​នេះ នឹង​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ធានា​ការផ្គត់ផ្គង់​ទឹក​សម្រាប់​ការប្រើប្រាស់​ផ្នែក​កសិកម្ម និង​ដើម្បី​លើកកម្ពស់​គុណភាព និង​បរិមាណ​ផលិតផល​កសិកម្ម​នៅក្នុង​ឃុំ​។ ជា​លទ្ធផល គម្រោង​នេះ​នឹង​ធានា​សន្តិសុខ​ស្បៀងអាហារ និង​បង្កលក្ខណៈ​ងាយស្រួល​ក្នុងការ​ផ្លាស់ប្តូរ ទៅវិញទៅមក​រវាង​ប្រជាជន​ប្រមាណ ៣,៤៤០ នាក់ នៅក្នុង​ភូមិ​ចំនួន​បី​។​

​នៅក្នុង​គម្រោង​ទី​២ សម្រាប់​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តកំពង់ធំ រដ្ឋាភិបាល ជប៉ុន​នឹង​ផ្តល់​ថវិកា​ចំនួន ១៦៩,៧២០ ដុល្លារ​អាមេរិក សម្រាប់​សាងសង់​ឃ្លាំង​ស្តុក​ស្វាយចន្ទី ចំនួន​៣ និង​កន្លែង​ស​ម្ងួ​ត​ចំនួន​៤ និង​ការ​តម្លើង​ឧបករណ៍​វាស់​សំណើម​គ្រាប់ស្វាយចន្ទី​នៅ​ចំនួន ៤ គ្រឿង​។ ជំនួយឥតសំណង​នេះ មាន​គោលបំណង​ពង្រឹង​ប្រព័ន្ធ​កែច្នៃ​គ្រាប់ស្វាយចន្ទី​ដែល​បាន​ប្រមូល​ផល​ហើយ និង​បង្កើន​ប្រាក់ចំណូល​ដល់​កសិករ​ចំនួន​១,៤០០​នាក់ នៅក្នុង សហករណ៍​កសិកម្ម​ចំនួន​៤​។ ជំនួយ​នេះ​នឹងចូលរួម​ចំណែក​ក្នុងការ​អភិវឌ្ឍ​ខ្សែសង្វាក់​តម្លៃ​ម្ហូប អាហារ​របស់​ប្រទេស​កម្ពុជា​។​

​នៅក្នុង​គម្រោង​ទី​៣ សម្រាប់​មន្ទីរ​អភិវឌ្ឍន៍ជនបទ ខេត្តស្វាយរៀង រដ្ឋាភិបាល​ជប៉ុន​នឹង​ផ្តល់ ថវិកា​ចំនួន ១៨៦,៦៦៥ ដុល្លារ​អាមេរិក សម្រាប់​ការ​ក្រាលផ្លូវ​មួយ​ខ្សែ​ប្រវែង ៦ គីឡូម៉ែត្រ នៅក្នុង​ឃុំ​បុស​មន​។ ការស្ថាបនា​ផ្លូវ​នេះ នឹងចូលរួម​ចំណែក​ដ​ល់​គុណភាព​ជីវិត​របស់​ប្រជាជន​ប្រមាណ ១២៦,០០០ នាក់ នៅក្នុង​ស្រុក​រំដួល និង​ស្រុក​ស្វាយទាប​។ ជំនួយឥតសំណង​នេះ មាន​គោលបំណង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការទទួលបាន​ដោយ​សុវត្ថិភាព​នូវ​សេវាសាធារណៈ ដូចជា​សាលារៀន និង​មណ្ឌល​សុខភាព និង​ការដឹកជញ្ជូន​ទំនិញ​ដោយ​រលូន​រវាង​កម្ពុជា​និង​វៀតណាម​។​

​លោក​មាន​សេចក្តីសោមនស្ស​រីករាយ​ដោយ​សង្កេតឃើញថា​នាពេល​ថ្មីៗ​នេះ ប្រទេស​កម្ពុជា បាននិងកំពុង​មានកា​រ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​។ ទោះបីជា​យ៉ាងណាក៏ដោយ ឯកអគ្គរាជទូត​ជប៉ុន ក៏​ទទួលស្គាល់ថា នៅតែមាន​បញ្ហា​ប្រឈម​មួយចំនួន​ដែល​ត្រូវ​ដោះស្រាយ ដើម្បី​លើកកម្ពស់​គុណភាព​នៃ​ជីវភាព រស់នៅ​របស់​ប្រជាជន​។ លើសពីនេះ ការដោះស្រាយ​ឲ្យ​បាន​ដិតដល់​នូវ​បញ្ហា​ពាក់ព័ន្ធ​នឹង សុខភាព​និង​អនាម័យ​ក៏​កាន់​តែមាន​សារៈសំខាន់​ផងដែរ ជាពិសេស​នៅពេលដែល​មានការ គម្រាមកំហែង​ពី​វីរុស​កូ​វីដ​១៩ ទៅ​ទូទាំង​ពិភពលោក​។ ប្រទេស​ជប៉ុន នឹង​បន្ត​ចូលរួមចំណែក​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនោះ តាមរយៈ​គ្រោងការណ៍​សហប្រតិបត្តិកា​រ​សេដ្ឋកិច្ច និង អភិវឌ្ឍន៍​ផ្សេងៗ រួមទាំង​ជំនួយឥតសំណង​គូ​សាណូ​ណិ ផងដែរ​៕

អត្ថបទដែលជាប់ទាក់ទង