ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខេត្តកំពង់ចាម បញ្ចប់ដំណោះស្រាយបញ្ហាមួយចំនួន របស់អាជីវករផ្សារព្រែកដំបក ស្រុកស្រីសន្ធរ

68

 

កំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីការបិទបញ្ចប់ នៃការដោះស្រាយបញ្ហាមួយចំនួនរបស់អាជីវករផ្សារព្រែកដំបូក ស្ថិតក្នុងឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បន្ទាប់ពីសម្របសម្រួលអស់រយៈពេល៤ខែ ធ្វើឲ្យអាជីវករភាគច្រើនបានព្រមព្រៀងទទួលយកតាមការដោះស្រាយរបស់រដ្ឋបាលខេត្ត។

សេចក្ដីជូនដំណឹង រដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ដើម្បីបង្កបរិយាកាសងាយស្រួលក្នុងការលក់ដូររបស់អាជីវករ និងការបញ្ចប់ជម្លោះនៅក្នុងផ្សារព្រែកដំបូក លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានធ្វើការណែនាំនូវ៨ចំណុច។

រដ្ឋបាលខេត្តកំពង់ចាម សូមជម្រាបជូនដំណឹងដល់បងប្អូនអាជីវករ គណៈអាជីវករ សាធារណៈជន មន្ទីរ-អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ចំណុះរដ្ឋបាលខេត្ត ជ្រាបថា៖ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ សាលាខេត្តកំពង់ចាម បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលនៃការដោះស្រាយបញ្ហាផ្សារព្រែកដំបូក ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម។

ក្រោយពីក្រុមការងារចម្រុះថ្នាក់ខេត្ត បានចុះសម្របសម្រួលដោះស្រាយបញ្ហានៅផ្សារព្រែកដំបូក និងបាន អនុវត្តតាមសេចក្តីជូនដំណឹងទាំង២លើក របស់រដ្ឋបាលខេត្ត ជាមូលដ្ឋានក្នុងការដោះស្រាយតាមជំហាន នីមួយៗ ដោយក្នុងចំណោម តូបនិងគ្រែ ទាំង១១៣ កន្លែង ដែលមានអាជីវករ ៨៩នាក់ ក្នុងនោះមាន អាជីវករ៤៧នាក់ ដែលមានតូបនិងគ្រែ៥៧ កន្លែង មិនព្រមទទួលយកតូប និងគ្រែ តាមការបែងចែករបស់ ក្រុមការងាររដ្ឋបាលឃុំព្រែកដំបូក ដោយទាមទារឲ្យរុះរើផ្សាររៀបចំឡើងវិញតាមទីតាំង និងទំហំដែលខ្លួនចង់បាន។
បន្ទាប់ពីការដោះស្រាយសម្របសម្រួលអស់រយៈពេល៤ខែ ធ្វើឲ្យបងប្អូនអាជីវករភាគច្រើន បានព្រមព្រៀងទទួលយកតាមការដោះស្រាយរបស់រដ្ឋបាលខេត្ត។ ដើម្បីបង្កនូវបរិយាកាសងាយស្រួល ក្នុងការលក់ដូររបស់បងប្អូនអាជីវករ និងការបញ្ចប់ជម្លោះនៅក្នុងផ្សារព្រែកដំបូក ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត បានសម្រេចដូចខាងក្រោម៖

១.រដ្ឋបាលខេត្ត យល់ព្រមចំពោះសំនើម្ចាស់តូបលេខ៩៤ ស្នើសុំប្តូរមកតូបលេខ១០៤។

២.បិទបញ្ចប់ការដោះស្រាយ ចំពោះបងប្អូនអាជីវករចំនួន១០នាក់ ដែលមានតូបនិងគ្រែ១១ កន្លែង ដែលរក្សាជំហរមិនព្រមទទួលយកដំណោះស្រាយរបស់ក្រុមការងារ និងនៅតែរក្សាចិត្តចង់ទាមទារធ្វើការ រុះរើផ្សារ ចាប់ពីពេលនេះតទៅ។

៣.រដ្ឋបាលខេត្ត អនុញ្ញាតឲ្យគណៈអាជីវករប្រើប្រាស់តូបដែលនៅសល់ចំនួន១២ ក្នុងចំណោម តូប២៥ ដែលបានសម្រេចប្រកាសធ្វើការដកហូត ដើម្បីជាប្រយោជន៍រួមរបស់ផ្សារព្រែកដំបូក។

៤.ក្រោយពីក្រុមការងារធ្វើការសម្របសម្រួលដោះស្រាយរួចមក តូបនិងគ្រែ ដែលនៅសល់ពី ការរុះរើក្នុងផ្សារព្រែកដំបូក មានចំនួន ១២៨ តូបនិងគ្រែ ក្នុងនោះមានតូប៧៨ និងគ្រែ៥០ ត្រូវធ្វើបញ្ជីគ្រប់គ្រងឲ្យបានច្បាស់លាស់ ហើយតម្កល់ទុកនៅគណៈអាជីវករចំនួន០១ច្បាប់ រដ្ឋបាលឃុំព្រែកដំបូក ចំនួន០១ច្បាប់ និងរដ្ឋបាលស្រុកស្រីសន្ធរ ចំនួន០១ច្បាប់។

៥.ចំពោះបងប្អូនអាជីវករមានតូបលក់ដូរក្នុងផ្សារដែលបច្ចុប្បន្នបាន និងកំពុងលក់ដូរលើចិញ្ចើម ផ្លូវសាធារណៈទាំងអស់ សូមចូលទៅលក់ដូរក្នុងផ្សារតាមទីកន្លែងរៀងៗខ្លួន។

៦.ចំពោះបងប្អូនដែលមិនមានតូបលក់ដូរ ហើយមានបំណងចង់លក់ដូរក្នុងផ្សារនេះ អាច ទំនាក់ទំនងជាមួយគណៈអាជីវករ ដើម្បីសុំជួលតូបលក់ដូរក្នុងផ្សារនេះបាន។

៧.គណៈអាជីវករត្រូវបង្កើតក្រុមសន្តិសុខផ្សារឲ្យបានយ៉ាងតិចចំនួន០២នាក់ ដោយមានប្រាក់ ឧបត្ថម្ភត្រឹមត្រូវ ដើម្បីមើលការខុសត្រូវសន្តិសុខ សុវត្ថិភាព និងការរៀបចំសណ្តាប់ធ្នាប់សោភ័ណភាពផ្សារទាំងមូល។

៨.ក្នុងគោលបំណងបញ្ចៀសការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ សំដៅចូលរួមលើកកម្ពស់ សោភ័ណភាពបរិស្ថាន អនាម័យ ជាពិសេសដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈតាមដងផ្លូវឲ្យបានល្អប្រសើរ លោកអភិបាល នៃគណៈអភិបាលស្រុកស្រីសន្ធរ ត្រូវប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរបស់ខ្លួន ដាក់ផែនការរៀបចំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់ផ្សារដោយមាននគរបាលចរាចរណ៍ឈរជើងនៅទីនោះ ជារួមមិនអនុញ្ញាតឲ្យប្រើប្រាស់ដីចំណីផ្លូវធ្វើអាជីវកម្ម ឬលក់ដូរនោះទេ។

រដ្ឋបាលខេត្តកំពង់ចាម សូមប្រកាសបិទបញ្ចប់នៃការដោះស្រាយបញ្ហាផ្សារព្រែកដំបូកស្ថិតនៅឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ចាប់ពីពេលនេះតទៅ និងប្រគល់ជូនគណៈអាជីវករផ្សារព្រែកដំបូកធ្វើការគ្រប់គ្រងបន្ត៕

អត្ថបទដែលជាប់ទាក់ទង